ការគេងគឺជាសកម្មភាពមួយដែលមនុស្សយើងម្នាក់ៗត្រូវធ្វើជារឿងរាល់ថ្ងៃ ហើយយើងគួរដឹងថា ការគេងបានគ្រប់គ្រាន់ នឹងធ្វើឲ្យយើងមានសុខភាពល្អ។ បើតាមការសិក្សាបានឲ្យដឹងថា ការគេងយ៉ាងតិច ពី ៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃពិតជាមានប្រយោជន៍ខ្លាំងចំ ពោះសុខភាព។ ការគេងមិនគ្រប់គ្រាន់ អាចធ្វើឲ្យយើងប្រឈមទៅនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងអាចស្លាប់ផងក៏មានដែរ។
បើយើងគេងបានគ្រប់គ្រាន់ វានឹងធ្វើឲ្យរាងកាយរបស់យើងមានកម្លាំងមាំមួន ប៉ុន្តែអ្នកធ្លាប់គិតទេថា តើអ្នកនឹងមានអារម្មណ៍យ៉ាង ណា បើអ្នកមិនបានគេងសោះ ពេញមួយថ្ងៃ?
ករណីនេះ បានកើតឡើងចំពោះបុរសជនជាតិអារ៉ាប់ម្នាក់ ដែលមិនបានគេងអស់រយៈពេល ៣០ឆ្នាំ។
បើតាមសេចក្តីរាយការណ៍របស់ MSN បានឲ្យដឹងថា បុរសអារ៉ាប់នោះ ស្ថិតក្នុងវ័យ ៧០ឆ្នាំ ហើយគាត់មិនបានដេកសូម្បីតែមួយថ្ងៃ ក្នុងរយៈពេល ៣០ឆ្នាំ។ មានអ្នកជំនាញ និងវេជ្ជបណ្ឌិតជាច្រើនព្យាយាមជួយព្យាបាលគាត់ ប៉ុន្តែមិនបានផលសោះ។
បើតាមសេចក្តីរាយការណ៍របស់សារពត៌មានក្នុងប្រទេសអារ៉ាប់ បានឲ្យដឹងថា អាការៈគេងមិនលក់ របស់បុរសខាងលើ បានចាប់ផ្តើមកើតឡើង ក្រោយពេលគាត់មិនបានគេងអស់រយៈពេល ២០ថ្ងៃជាប់គ្នា ក្នុងកំឡុងពេលគាត់បំពេញកាតព្វកិច្ចទាហាន។
បន្ទាប់ពីការបំពេញកាតព្វកិច្ច ទាហានរបស់គាត់ចប់ គាត់បានទៅមន្ទីពេទ្យដើម្បីឲ្យ ពេទ្យរកមើលមូលហេតុដែលធ្វើឲ្យគាត់គេងមិនលក់ ប៉ុន្តែទោះជាមានវេជ្ជបណ្ឌិត មកពី ៤ប្រទេសក៏មិនអាចព្យាបាលជំងឺគេងមិនលក់របស់គាត់បានដែរ។ មូលហេតុដែលបណ្តាល ឲ្យគាត់គេងមិនលក់អស់រយៈពេលវែងដូច្នេះ ទំនងកើតឡើងដោយសារតែការពិបាកចិត្ត។
ទោះបីជាគាត់ទទួលបានការព្យាបាលយ៉ាងច្រើនយ៉ាងណាក្តី ក៏ការគេងរបស់គាត់មិនអាចត្រឡប់មកវិញដែរ។ ក្នុងស្ថានភាពដ៏អស់ សង្ឃឹមនេះ គាត់មិនរំពឹងថា គាត់នឹងអាចបិតភ្នែកបានដូចគេដូចឯងនោះទេ អ្វីដែលគាត់ប៉ងប្រាថ្នានោះគឺ ចង់មានឡានមួយសំរាប់គ្រួសារគាត់ ហើយសេចក្តីប៉ងប្រាថ្នារបស់គាត់ ត្រូវបានទទួលយកដោយមេបញ្ជាការយោធាមូស្លីម៕ សុភ័ក្ត្រ