ជឿជាក់ថា បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានដឹងហើយ ពីការរអ៊ូរទាំរបស់អ្នកប្រើប្រាស់សេវាកម្ម ABA ទាក់ទងករណីបាញ់លុយច្រឡំ ហើយទៅស្នើសុំឲ្យជួយបង្កកទុក តែបែរជាធនាគារមួយនេះ តម្រូវឲ្យបង់ថ្លៃសេវា 50$ ដែលផ្ទុយពីការយកចិត្តទុកដាក់ជួយសង្គ្រោះអតិថិជនដោយមិនគិតប្រាក់ ឬ គិតក្នុងតម្លៃដ៏សមរម្យបំផុតនោះទេ។
ទាក់ទងនឹងរឿងនេះ ថ្មីៗនេះ បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកផលិតវីដេអូប្រដាល់គុនខ្មែរ បានសម្តែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីគាត់បានច្រឡំបាញ់លុយឲ្យគេអស់ចំនួន 100$ ប៉ុន្តែ មិននឹកស្មានថា ទៅស្នើសុំខាងធនាគារជួយដោះស្រាយ «បង្កក» លុយឲ្យ គាត់ស្ទើរធ្លាក់ថ្លើមក្ឌុកតែម្តង នៅពេលឮសេវាថ្លៃបង្កកប្រាប់ផ្ទាល់មាត់រហូត 50$ និងជាមួយលក្ខខណ្ឌដ៏គួរឲ្យឈឺក្បាល។
ជាក់ស្តែង តាមរយៈវីដេអូទាក់ទងតាមទូរស័ព្ទឲ្យជួយដោះស្រាយ បុគ្គលិកស្រីម្នាក់របស់ធនាគារ ABA បានប្រាប់ឲ្យដឹងថា បើចង់បង្កកប្រាក់ គឺត្រូវទទួលយកលក្ខខណ្ឌចំនួន៣ ទី១- គឺត្រូវបង់ថ្លៃសេវា 2.5% ដែលគិតយ៉ាងតិច 50$ ក្នុងមួយប្រតិបត្តិការស្នើសុំបង្កក, ទី២ គឺត្រូវមកដាក់ពាក្យស្នើសុំបន្ថែមចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ហើយបើក្នុងរយៈពេល ៥ ថ្ងៃនោះ មិនមកទេ ខាងធនាគារនឹងដកការបង្កកប្រាក់នោះចេញវិញ និងលក្ខខណ្ឌចុងក្រោយ គឺត្រូវរង់ចាំរហូតដល់ ៣០ ថ្ងៃ ទើបទទួលបានលទ្ធផល តែលទ្ធផលបានមកវិញ ឬ មិនបាន ខាងធនាគារមិនហ៊ានធានាជូន ១០០% ទេ ហើយមួយទៀត ក្នុងករណីដែលអ្នកបាញ់ច្រឡំ និងអ្នកទទួល បានដោះស្រាយបាញ់លុយឲ្យគ្នាវិញក៏ដោយ ក៏ខាងធនាគារមិនប្រគល់លុយថ្លៃសេវាដែលបានបង់រួចរាល់ឲ្យវិញនោះទេ។
ទោះជាយ៉ាងណា ទាក់ទងរឿងសេវាថ្លៃបង្កកប្រាក់គិតរហូត 50$ បែបនេះគឺមិនមែនជាការជួយដោះស្រាយបញ្ហាដ៏ល្អប្រសើរ សម្រាប់អតិថិជនដែលមានកំហុសបន្តិចបន្តួចនោះទេ។ ហេតុនេះ សូមខាងធនគារ ABA ដែលទៅសុំអតិថិជនប្រើប្រាស់សេវាកម្មរបស់ខ្លួន ចុះទៅដល់ផ្ទះ ត្រូវគិតបញ្ហាមួយនេះឡើងវិញ ពុំនោះទេ នឹងគ្មានប្រជាពលរដ្ឋណាចង់ប្រើប្រាស់សេវាបែបនេះទៀតឡើយ។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺក្រោយបុរសខាងលើ បានថតវីដេអូបង្ហោះឲ្យបងប្អូនសាធារណជនបានដឹងពីបញ្ហានេះ ស្រាប់តែខាងធនាគារ ABA បានខលមកបង្គាប់ឲ្យលុបវីដេអូចេញវិញ ត្រង់ចំណុចនេះ ចង់សួរថាបើសេវាកម្មរបស់យើងល្អ កុំខ្លាចទទួលយកការរិះគន់ កែលម្អរបស់មហាជន!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង