លោក សាន សុខជា ត្រូវបានគេស្គាល់ថា ជាអតីតព្រះសង្ឃដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញទាំង ដែលធ្វើឲ្យប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស គោរពស្រលាញ់នោះ បែរជាត្រូវបានអ្នកលេងបណ្ដាញសង្គម ធ្វើការរិះគន់ឥតឈប់ឈរទៅវិញ ពោលគឺចាប់តាំងពីអតីតសង្ឃរូបនេះ បានសម្រេចចិត្តលាចាកសិក្ខបទ ហើយមិនបានប៉ុន្មានផង ក៏បានភ្ជាប់ពាក្យជាមួយគូដណ្ដឹងស្រស់ស្អាតម្នាក់ ដែលគេចោទប្រកាន់ថាជាប្រពន្ធរបស់គេទៀតផង។
តែយ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវជីវិតឯកជនដ៏គួរឱ្យហួសចិត្តនេះ បានស្ងប់ស្ងាត់អស់មួយរយៈធំស្រាប់តែពេលថ្មីៗនេះ អតីតសង្ឃលោក សាន សុខជា បែរជាត្រូវបានមហាជនរិះគន់សារជាថ្មីឡើងកក្រើកតែម្តង ក្រោយពីបាននិយាយពាក់ព័ន្ធទៅនឹងលោកតាឪសួងដែលល្បីថាជាទេវតាដើរដី និងព្រមទាំងរិះគន់ទៅកាន់ប្រជាពលរដ្ឋដែលរយៈពេលប៉ុន្មានថ្ងៃមកនេះ បាននាំគ្នាទៅគោរពឡើងភ្លូកទឹកភ្លូកដីចំពោះព្រះធម្មវនវាសី «ចន្ទ មុនី» ដែលត្រូវបានមហាជនចាត់ទុកថាជាអ្នកសច្ចំក្នុងព្រៃ ឬជាលោកឪសួងទី២។
ជាក់ស្តែង ក្នុងនោះទី១ លោក សាន សុជា បាននិយាយក្នុងន័យគ្មានជំជឿបែបនេះថា៖ «ខ្ញុំឮតាស ខ្ញុំឃើញតាស ល្មេចលោកពូកែក៏ពូកែទៅ មិនពូកែក៏ហីកែទៅ វាជារឿងរបស់លោកតាស យើងគាំទ្រលោកព្រោះលោកមានដើមកំណើតជាខ្មែរក៏គាំទ្រទៅ តែបើឱ្យខ្ញុំសរសើរថាលោកតា សួង ប្រព្រឹត្តត្រូវនោះគឺមិនត្រូវទេ… ហើយភាពពូកែឬមិនពូកែនោះ ក៏ខ្ញុំអត់ខ្វល់ទេ ពូកែយ៉ាងម៉េចក៏ជាចំណីរបស់មជ្ជរាជតែទាំងអស់ហ្នឹង….»។
ដោយឡែក រឿងទី២ លោក សាន សុជា បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយបានឃើញប្រជាពលរដ្ឋស្ទើរគ្រប់ទិសទី ដែលមានឧបនិស្ស័យ បាននាំគ្នាទៅគោរពថ្វាយបង្គំចំពោះព្រះធម្មវនវាសី «ចន្ទ មុនី» ដូចព្រះពុទ្ធសម្មាសម្ពុទ្ធ។ ក្នុងនោះ លោក សាន សុជា បាននិយាយចំអកបែបនេះថា «នាំគ្នាទៅលើកតម្កើងលោក បានប្រសើរឡើង គឺបានប្រសើរតែម្យ៉ាងទេ រឿងលាភសក្ការៈហ្នឹង ប៉ុន្តែ ធ្វើឲ្យលោកមានគុណធម៌ដុះដាលទៅទៀតហ្នឹង ខ្ញុំមើលមិនឃើញ អាភាពគគ្រឹកគគ្រេងហ្នឹង អាចធ្វើឲ្យរំខានដល់ការប្រតិបត្តិរបស់លោកទៅវិញទេ តែបើលោកមានព្រះទ័យជ្រះស្រឡះដូចជាព្រះអារហន្ត មិនជាប់ជំពាក់អីក៏ចឹងទៅចុះ តែក្រែងលមិនមែនជាព្រះអរហន្ត ព្រោះតែឃើញលាភសក្ការៈច្រើន ហើយមនុស្សគគ្រឹកគ្រេងអ៊ីចឹងទៀត ក្រែងបែរទៅជាវិនាសទៅវិញ…»។
ក្រោយឃើញលោក សាន សុខជា ចេញមកលើកឡើងបែបនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំង ដោយម្នាក់ៗបានដាក់ឲ្យបែបៗនេះថា៖ «មនុស្សសម័យឥលូវរៀនធម៌ស្ដាប់ធម៌រាល់ថ្ងៃដែរ នៅតែប្រព្រឹត្ដអាក្រក់ដូចលោកគ្រូជាដែរ យកប្រពន្ធគេ។ ព្រះមហាពិនសែម មានសង្ឃដីការថា បើសឹកហើយកុំតាំងខ្លួនធ្វើជាធម្មាចារ្យដើរទេសនានេះជាមនុស្សថោកទាប បើចង់ទេសនាកុំសឹក បើសឹកហើយទៅរកស៊ីចិញ្ចឹមកូនចៅទៅជាមនុស្សល្អ ខ្ញុំថាតាមព្រះមហាពិនសែមទេ។ តែថាអ្នកចេះអភិធម្មច្រើនតែងដើរទើសគេ ព្រោះគេមិនដូចខ្លួន។ គិតទៅជាអើយសឹកហើយនិយាយក៏គ្មានខ្លឹមសារអីដែរ។ ពូកែម្ល៉េះមើលខ្លួនយើងសិនទៅ, បិទមាត់ទៅគេកំពុងស្អប់កុំអោយគេឃើញ ឃើញព្រះអង្គកំពុងតែល្បី ច្រណែនខ្លាំងមែន គេជឿជារឿងរបស់គេតាស»។
គួរឲ្យកត់សម្គាល់ថា ព្រះធម្មវនវាសី «ចន្ទ មុនី» ហាក់ពុំមានបារមីស្អីខ្លាំងពូកែអស្ចារ្យនោះទេ ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺត្រង់ព្រះអង្គបានមានសង្ឃដីកាដើរចូលក្នុងព្រៃតែឯងរាប់ខែ ហើយក៏បានជួបពួកអមនុស្សជាច្រើនចង់ធ្វើបាប តែមិនអាចធ្វើបាន ដែលព្រះអង្គថាប្រហែលមានប្ញទ្ធីអំណាចខ្លាំងជាង និងគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺត្រង់ថាទោះសួរសំណួរជ្រៅយ៉ាងណា ក៏ព្រះអង្គឆ្លើយយ៉ាងស្រទន់មិនចេះទាល់នោះទេ។
ក៏សូមបញ្ជាក់ឲ្យដឹងទៀតថា ព្រះធម្មវនវាសី ចន្ទមុនី ធ្លាប់គង់នៅក្នុងប្រទេសថៃអស់រយៈពេល ៦ ឆ្នាំ ហើយត្រូវបានប្រជាជនថៃ គោរពកោតក្រែង លើកដង្ដុំតម្កើងខ្លាំងណាស់ សូម្បីតែព្រះសង្ឃថៃក៏គោរពឱ្យតម្លៃលោកដែរ ដែលនេះគឺពិតជាមិនធម្មាតនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង