ភ្នំពេញ៖ បើយោងតាមគ្រឹះស្ថានអង្គរ បានចេញផ្សាយ ឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេស បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរសរុប ៥៣, ៩៤៦១ នាក់ ដោយទទួលចំណូលប្រមាណ ២៤, ៩ ៥៥, ៣៩៧ ដុល្លារអាមេរិក គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះ កម្ពុជាក៏ ទទូលបានចំណូលពីការលក់បណ្ណទស្សនានៅប្រាសាទកោះកែរ សម្រាប់ខែកញ្ញា មានចំនួន ៦៣៥ នាក់ ស្មើរនឹង ៩ ៥២៥ ដុល្លារ បន្ថែមទៀតផងដែរ។ ក្នុងខែកញ្ញា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស បានទិញបណ្ណមានចំនួន ៤១ ០៤៨ នាក់ មានកំណើន ៧៤,០៦ ភាគរយ ធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ សម្រាប់ចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ១ ៨៦៣ ៤៦៦ ដុល្លារ មានកើនឡើង ១០៣,០៨ ភាគរយ បើធៀបជាមួយរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ កន្លងទៅ។
តាមការព្យាករណ៍ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរអន្តរជាតិ អាចនឹងទទួលបានប្រមាណ ៨០ម៉ឺននាក់ ចូលមកកម្សាន្តក្នុងខេត្តសៀមរាប។ ហើយចំណូល ដែលទទូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋាន កម្ពុជា បានឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣ បានចំនួនសរុបស្មើរនឹង ១, ០៧៩, ១២២ ដុល្លារអាមេរិក។
គួរបញ្ជាក់ថា ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងតាមរយៈរបាយការណ៍ថា ក្នុងរយៈពេល ០៨ខែ ឆ្នាំ២០២៣នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះ ជើងហោះហើរចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមាន អ្នកដំណើរចន្លោះពី ១០០០ នាក់ ទៅ ១៥០០ នាក់ ក្នុងមួយថ្ងៃ៕