យុវជនអាយុ ១៤ ឆ្នាំ ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារនៅកណ្តាលផ្សារទំនើប Paragon បានអះអាងដ៏ហួសចិត្តថា ខ្លួនថ្លង់ ហើយខ្លាចមាននរណាម្នាក់មកធ្វើបាប ពេលពិនិត្យលទ្ធផលតាមទូរសព្ទ ប្រទះឃើញឃ្លីបរូបគេហាត់ប្តូរបង់គ្រាប់ ផ្ញើរូបភាពឲ្យមិត្តភ័ក្តិ មុនពេលបង្កកើតហេតុការណ៍នេះឡើង។
ជាក់ស្តែង នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់នោះ បានបើកការបាញ់ប្រហារបណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់ នៅកណ្តាលផ្សារទំនើបខាងលើ ប៉ូលិសបាននាំខ្លួនជនល្មើសទៅឃុំខ្លួននៅប៉ុស្តិ៍នគរបាល Pathumwan ហើយដំបូងឡើយ មិនបានទទួលព័ត៌មានមានប្រយោជន៍អ្វីឡើយ ព្រោះតែជាប់ចោទបានអះអាងថារូបគេបានបាត់បង់ការស្តាប់ និងខ្លាចមនុស្សចូលមកធ្វើបាប។
តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺនៅពេលពិនិត្យភស្តុតាងនៅក្នុងទូរស័ព្ទរបស់ជនល្មើស ប៉ូលិសបានរកឃើញថា កន្លងមកមានឃ្លីបមួយដែលយុវជនរូបនេះបានថតពីការហាត់បាញ់ ដោយថតរូបខ្លួនឯងផ្លាស់ប្តូរបង់គ្រាប់កាំភ្លើង ហើយបានជជែកជាមួយមិត្តភក្តិផងដែរ។ បន្ទាប់មក រូបគេក៏បានផ្ញើរូបភាពបង់កាំភ្លើងទៅមិត្តម្នាក់ មុនពេលមានហេតុការណ៍បែបនេះកើតឡើង។
ជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍ផងដែរថា អាវុធដែលប្រើប្រាស់ក្នុងហេតុការណ៍នោះ គឺជាកាំភ្លើងកែច្នៃ ដែលជនល្មើសបានទិញពីគេហទំព័រមួយ បំពាក់ដោយគ្រាប់រំសេវ ក្នុងតម្លៃជាងមួយម៉ឺនបាត ខណៈឪពុកម្តាយបានផ្តល់ព័ត៌មានជាមូលដ្ឋានថា ជនល្មើសញៀនហ្គេមវាយតប់ និងបាញ់ប្រហារយ៉ាងខ្លាំង។ ប៉ុន្តែ រូបគេមិនដែលមានប្រវត្តិព្យាបាលជំងឺផ្លូវចិត្តតាមវិធីណាមួយឡើយ។ ជាមួយគ្នានេះ មន្ត្រីជំនាញកំពុងសម្របសម្រួលជាមួយក្រុមចម្រុះ ដើម្បីធ្វើការសួរចម្លើយយ៉ាងម៉ត់ចត់ម្តងទៀត ព្រោះជនជាប់ចោទនៅជាយុវជន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង