Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា បានលក់ចេញប្រាក់ដុល្លារអាមេរិកចំនួន ១២០លានដុល្លារ ដើម្បីអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ចំនួន ៩លើក

ភ្នំពេញ គិតចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដែលមានរយៈពេល ៣០ថ្ងៃ ធនាគារជាតិនៃកម្ពុជា បានដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៩លើករួចមកហើយ ដែលមានទំហំទឹកប្រាក់ ១២០ លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ក្នុងទិសដៅរក្សាតម្លៃប្រាក់រៀល ខណៈដែលតម្លៃប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃជាសកល បើធៀបនឹងរូបិយប័ណ្ណផ្សេងៗ។

ធនាគារជាតិនៃកម្ពុជា ក៏បានត្រៀមដាក់ចេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៣លើកបន្ថែមទៀត ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់សរុប ៣០លានដុល្លារអាមេរិកទៀត។ ដូច្នេះ នឹងធ្វើឲ្យការលក់ចេញប្រាក់ដុល្លារអាមេរិក មានចំនួន ១២លើក នឹងមានទំហំទឹកប្រាក់សរុបរហូតដល់ ១៥០លានដុល្លារអាមេរិក។

ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែត មានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឲ្យមានស្ថិរភាព។

គួរបញ្ជាក់ថា អត្រាប្តូរប្រាក់ផ្លូវការនៅលើគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា សម្រាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣នេះ គឺមានតម្លៃ ៤.១២៧រៀល ក្នុងមួយដុល្លារអាមេរិក ខណៈអត្រាប្តូរប្រាក់ផ្លូវការសម្រាប់ថ្ងៃទី ៥ខែ តុលា ឆ្នាំ ២០២៣ របស់ធនាគារជាតិនៃកម្ពុជា មានតម្លៃ ៤.១២៨រៀល ក្នុងមួយដុល្លារអាមេរិក៕

×