Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នា​រី​ទេសចរ​កូ​រ៉េ បាន​កត់ត្រា​ស្នូរ-កាំ-ភ្លើ-ង-ផ្ទុះ-ឡើង​នៅ Siam Paragon តែ​ទោះ​បែប​ណា ក៏​មិន​ចោលការ Live វីដេអូ ខណៈ​រត់​ទាំង​ព្រលឹង​ចុង​សក់

ថ្មីៗ​នេះ ​ហេតុការណ៍​យុវជន​អាយុ ​១៤ ​ឆ្នាំ ​បាញ់ប្រហារនៅ​ក្នុង​ផ្សារ​ទំនើប Siam Paragon ក្រុង​បាងកក ប្រទេស​ថៃ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ពីមជ្ឈដ្ឋានមហាជន។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៤ ​និង ​២០ ​នាទី​ ល្ងាចនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតំបន់ជាន់ទី២ នៃមជ្ឈមណ្ឌលផ្សារទំនើបនេះ។

ទោះបី​វា​បាន​កើតឡើង​ក្នុង​រយៈពេលដ៏​ខ្លី ប៉ុន្តែ​ ករណី​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​គួរឲ្យសោកស្តាយ​ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារនេះ។ ជនរងគ្រោះដែលបាន​ស្លាប់​ គឺ​សុទ្ធ​តែ​ជា​ភ្ញៀវ​ទេសចរ​មក​ពី​បរទេសចិន និង​មីយ៉ាន់ម៉ា។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាម នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ភ្លាម​ៗ ហើយ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ចាប់ខ្លួន​ជនសង្ស័យនៅនឹងកន្លែង។

Siam Paragon គឺជាកន្លែងដើរទិញឥវ៉ាន់ និងកម្សាន្តដ៏ធំ និងមមាញឹកបំផុតមួយនៅក្នុងទីក្រុងបាងកក។ ផ្សារទំនើបនេះមិនត្រឹមតែទាក់ទាញប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ អតិថិជនដ៏ធំបំផុតនៅទីនេះ ក៏ជាអ្នកទេសចរមកពីប្រទេសផ្សេងៗគ្នាជាច្រើនផងដែរ។ ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​ហេតុការណ៍​នេះ ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មាន​ការ​តក់ស្លុត​ជា​ខ្លាំង។

ជាក់ស្តែង វីដេអូដែលថតបានដោយនារីអ្នកទេសចរម្នាក់នៅខាងក្នុងផ្សារទំនើប នៅពេលដែលហេតុការណ៍បានកើតឡើង បានទាក់ទាញការទស្សនាយ៉ាងច្រើននៅលើបណ្តាញសង្គម។ នារី​ទេសចររូបនោះ​ត្រូវបានដឹងថានាងមានឈ្មោះ​ Jini មកពីប្រទេសកូរ៉េ។ Jini តែងតែ Live សកម្មភាពរបស់នាងនៅលើផេកបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង ហើយលើកនេះ ក៏នាងមិនបោះបង់ការ Live ដែរ។

ក្នុង​វីដេអូ​ បានបង្ហាញអ្នក​ទេសចរ​ស្រីរូបនេះ កំពុង Live និយាយរៀបរាប់ពីនេះពីនោះ បន្ទាប់​ទើប​តែ​ចូល​ភោជនីយដ្ឋាន​អាហារ​ ប៉ុន្តែ ខណៈនាង​ហៀបនឹងលើកកែវភេសជ្ជៈញ៉ាំ ស្រាប់តែសំឡេង (កាំភ្លើង) បានផ្ទុះឡើង ហើយភ្លាមៗនោះ មនុស្សម្នាក៏បានស្រែកឆោឡោឡើងនៅខាងក្រៅ បានធ្វើឱ្យ Jini ភ័យស្លន់ស្លោយ៉ាងខ្លាំង។

នាង​បានប្រញាប់​ទម្លាក់​កែវភេសជ្ជៈចុះ ហើយ​ចាប់​យក​ទូរស័ព្ទ​របស់​នាងដែលកំពុង Live ​រត់​ចេញ​យ៉ាង​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទិដ្ឋភាពទាំងមូលនៃសកម្មភាពរត់គេចពីមជ្ឈមណ្ឌលផ្សារទំនើបរបស់ Jini ក៏ដូចជាអ្នកផ្សេងជាច្រើនទៀត ត្រូវបានថតនៅក្នុងវីដេអូនោះ។ ភាពស្លន់ស្លោរបស់អ្នកទេសចរស្រីរូបនេះ អាចមើលឃើញយ៉ាងច្បាស់តាមរយៈល្បឿនរត់របស់នាង និងពាក្យស្រែករកព្រះជួយ។

ជាសំណាងល្អ តំបន់ដែល Jini កំពុងទៅលេងគឺនៅជាន់ទីមួយ ដូច្នេះហើយនាងបានរត់គេចខ្លួនយ៉ាងលឿន។ សាក្សីជាច្រើននាក់ទៀតបានរៀបរាប់ថា មនុស្សនៅជាន់ទី២ ដែលជាជាន់ដូចគ្នាជាមួយជនសង្ស័យ ត្រូវលាក់ខ្លួននៅក្នុងបន្ទប់ទឹក ព្រោះខ្លាចខ្លាំងណាស់។

ចែករំលែកជាមួយ Jiemian News សាក្សីជនជាតិចិនម្នាក់ទៀតដែលមានវត្តមាននៅកន្លែងកើតហេតុ បាននិយាយថា នាងកំពុងដើរទិញឥវ៉ាន់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប ស្រាប់តែនាងបានឃើញបុគ្គលិកហាងចាប់ផ្តើមរត់ខ្ចាត់ខ្ចាយ ឆ្ពោះទៅរកច្រកចេញសង្គ្រោះបន្ទាន់។ ក្រោយ​ដឹង​ថា​មាន​ការ​បាញ់​ប្រហារ​ភ្លាម នាង​ក៏​បានរត់​តាម​សន្តិសុខ​ទៅកាន់​កន្លែង​ចត​រថយន្ត។

លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេតថៃម្នាក់ ក៏បានបង្ហោះរឿងរ៉ាវទាក់ទងនឹងក្មេងស្រីភ្លោះពីរនាក់ដែលគេជឿថាជាកូនរបស់ស្រ្តីជនជាតិចិនជនរងគ្រោះដ៏អកុសលផងដែរ។ នារីម្នាក់នេះបាននិយាយថា “ថ្ងៃនេះជាថ្ងៃដ៏សោកសៅបំផុតនៃជីវិតរបស់ខ្ញុំ បន្ទាប់ពីបាញ់ប្រហាររួច ខ្ញុំបានរត់ចេញពី Siam Paragon ហើយបានជួបក្មេងជនជាតិចិនពីរនាក់ដែលមកសុំជំនួយ។ កុមារទាំងពីរនាក់បាននិយាយថាយពួកគេអាចរកម្តាយរបស់ពួកគេឃើញទេ។

នាងបន្តថា «ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយ និងប្រើទូរស័ព្ទនៅសល់តែថ្ម 1% ដើម្បីទាក់ទងទៅប៉ូលីសដើម្បីជួយស្វែងរកម្តាយរបស់ពួកគេ។ ទន្ទឹម​នឹង​នេះ ខ្ញុំ​បាន​លួង​ចិត្ត​កូនស្រីទាំងពីរនោះ​ថា ម្ដាយ​ប្រហែល​ជា​គ្រាន់​តែ​រង​របួស ហើយ​កុំ​បារម្ភ​ខ្លាំង​ពេក។ ទោះ​បី​ជា​យ៉ាង​ណា​ពេល​ប៉ូលិស​មក​ដល់ ពួក​គេ​បាន​និយាយ​ថា ម្តាយ​របស់​កូនស្រីភ្លោះ​ទាំង​ពីរ​បាន​ស្លាប់​បាត់​ទៅ​ហើយ»។

Siam Paragon ត្រូវបានបង្ខំឱ្យបិទភ្លាមៗបន្ទាប់ពីការបាញ់ប្រហារបានកើតឡើង ដើម្បីបម្រើដល់ដំណើរការស៊ើបអង្កេត។ តែយ៉ាង​ណា​មិញ ​បើ​តាម​ការ​ប្រកាស​ចេញ​ពី​ទំព័រ​ផ្លូវ​ការ​របស់​មជ្ឈមណ្ឌល​លក់​ទំនិញ​នៅ​វេលា​ម៉ោង ១០:០០ ព្រឹក។ នៅថ្ងៃទី៤ ខែតុលា (ម៉ោងក្នុងស្រុក) កន្លែងនេះបានបើកជាផ្លូវការឡើងវិញដើម្បីស្វាគមន៍អតិថិជន។ ក្រោយ​ពេល​កើតហេតុ ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ផ្ទះ​វិញ​ទាន់​ពេល ។ បុគ្គលិកជាច្រើននាក់ដែលធ្វើការនៅមជ្ឈមណ្ឌលផ្សារទំនើប ក៏បានឲ្យដឹងថា មិនមានមនុស្សច្រើនដូចជារៀងរាល់ថ្ងៃទៀតនោះទេ ចំនួនអ្នកមកកាន់ Siam Paragon នៅពេលបើកដំណើរការឡើងវិញ គឺមានភាពស្ងប់ស្ងាត់។

ទោះជាយ៉ាងណា នាយក​រដ្ឋមន្ត្រី​ថ្មី ស៊្រី​ថា ថា​វី​ស៊ីន បានចេញ​មុខ​ធានា​ដល់ភ្ញៀវ​ទេសចរ​ចូល​មក​ប្រទេស​ថៃ ដោយលោក​បាន​សរសេរ​នៅលើ Twitter ថា​៖ «​ចាប់ពី​ពេលនេះ​តទៅ រដ្ឋាភិបាល​ថៃ​នឹង​អនុវត្ត​វិធានការ​សុវត្ថិភាព​ខ្ពស់បំផុត ​សម្រាប់​សុវត្ថិភាព​អ្នកទេសចរ​ទាំងអស់​។

អាជ្ញាធរថៃក៏បានប្រកាសពីតម្រូវការក្នុងការរឹតបន្តឹង និងពង្រឹងមិនត្រឹមតែនៅមជ្ឈមណ្ឌលត្រួតពិនិត្យទំនិញ ដែលហេតុការណ៍នេះបានកើតឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅគ្រប់ទីតាំងទិញទំនិញ ឬកន្លែងទេសចរណ៍ដែលមានមនុស្សច្រើនផ្សេងទៀត នៅក្នុងទីក្រុងបាងកកផងដែរ។ ជាពិសេស ការត្រួតពិនិត្យអាវុធមានសារៈសំខាន់ និងចាំបាច់បំផុត។

យោងតាមកាសែត The Straits Times នៅពេលអ្នកយកព័ត៌មានបានមកដល់ Siam Paragon នៅម៉ោង 10:00 ព្រឹក នៅថ្ងៃទី៤ ខែតុលា បុគ្គលិកសន្តិសុខបានឈរជើងនៅជិតឧបករណ៍រាវរកដែកនៅច្រកចូល និងត្រួតពិនិត្យកាបូប (ដែលមិនធ្លាប់តែងធ្វើពីមុនមក) នៅពេលមនុស្សភាគច្រើនចូលផ្សារទំនើប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×