ពិភពលោកទាំងមូលកំពុងឃ្លាំមើលស្ថានការណ៍ហឹង្សាសង្គ្រាម បន្ទាប់ពីក្រុមហាម៉ាសនៅក្នុងទឹកដីប៉ាឡេស្ទីន បានបើកការឈ្លានពានមកលើអ៊ីស្រាអែល នៅក្បែរតំបន់ហ្កាហ្សា កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានគេចាត់ទុកថាជាពេលវេលាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដែលមានការកាប់សម្លាប់ និងបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើមនុស្ស។ ក្នុងនោះរួមទាំងចាប់ចំណាប់ខ្មាំងជាច្រើននាក់ ដែលក្នុងចំនោមពួកគេមានជនជាតិថៃភាគច្រើន។
ដោយឡែក នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣ គេហទំព័រ New York Post បានរាយការណ៍ថា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម វីដេអូឃ្លីបនៃហេតុការណ៍ដ៏រន្ធត់បំផុតត្រូវបានផ្សព្វផ្សាយ ដែលបង្ហាញឲ្យឃើញអ្នកប្រយុទ្ធរបស់ក្រុមហាម៉ាស បានសម្លាប់នារីវ័យក្មេងម្នាក់ ដែលអះអាងថាជាទាហានអ៊ីស្រាអែល មុនពេលយកសាកសពពាក់កណ្តាលអាក្រាតរបស់នាង ដាក់ដេកផ្កាប់មុខនៅខាងក្រោយរថយន្តភីកអាប់។ បន្ទាប់មកធ្វើដំណើរជុំវិញទីក្រុង ខណៈពេលដែលស្រែកថា “Allah Akbar” ដែលមានន័យជាភាសាអារ៉ាប់៖ «ព្រះដ៏អស្ចារ្យ» ដែលធ្វើឲ្យអ្នកដែលបានឃើញមានអារម្មណ៍សោកសៅបំផុត ហើយបានប្រមូលផ្តុំគ្នាថ្កោលទោសយ៉ាងខ្លាំងក្លា។
តែរហូតមកដល់ពេលថ្មីៗនេះ ក្រុមគ្រួសារនារីរងគ្រោះបានចេញមុខបញ្ជាក់ពីអត្តសញ្ញាណរបស់នាងហើយ តាមពិត សាកសពនារីនៅក្នុងឃ្លីបនោះ មិនមែនជាទាហានអ៊ីស្រាអែលដូចការអះអាងនោះទេ ប៉ុន្តែនាងជាជនជាតិអាល្លឺម៉ង់ ដែលឈ្មោះរបស់នាងគឺ Shani Louk អាយុ ៣០ ឆ្នាំ ជាអ្នកសិល្បៈនិងសាក់រូប ដែលបានទៅព្រឹត្តិការណ៍តន្ត្រីសន្តិភាពនៅ kibbutz ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលស្ថិតនៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សា មុនពេលនាងត្រូវបានវាយប្រហារដោយក្រុមយុទ្ធជនហាម៉ាស ក្នុងចំណោមជនរងគ្រោះជាងមួយរយនាក់។
Tomasina Weintraub Luc បងប្អូនជីដូនមួយរបស់នារីរងគ្រោះ បាននិយាយថា «ដំបូងឡើយនាងមិនបានឃើញវីដេអូឃ្លីបនោះទេ។ ប៉ុន្តែបន្ទាប់ពីបានឮដំណឹងថា ក្រុមហាម៉ាសបានឆ្លងកាត់តំបន់ហ្កាហ្សា ដើម្បីវាយប្រហារអ៊ីស្រាអែល។ ខ្ញុំបារម្ភពី Shani ខ្លាំងណាស់ ព្រោះខ្ញុំដឹងថានាងទៅកម្មវិធីតន្ត្រីនៅទីនោះ។ តែមិនអាចទាក់ទងបាន ទើបមានសាច់ញាតិម្នាក់ទៀតផ្ញើវីដេអូឃ្លីបឲ្យខ្ញុំមើល រហូតមកដល់ឃើញសពនាង ត្រូវបានគេធ្វើបាបយ៉ាងព្រៃផ្សៃ ដាក់នៅពីក្រោយរថយន្តភីកអាប់។ ខ្ញុំចំណាំនាងច្បាស់ នាងគឺជា Shani តែម្តង ហើយនៅពេលដែលឪពុកម្តាយរបស់នាងបានឃើញ ពួកគេក៏បានបញ្ជាក់ថា នោះគឺពិតជាកូនស្រីរបស់ពួកគេហើយ»។
អ្វីដែលកាន់តែច្បាស់នោះ គឺអត្តសញ្ញាណដ៏សំខាន់នៅលើដងខ្លួន បានផ្តល់ទំនុកចិត្តដល់ក្រុមគ្រួសាររបស់នាង នោះគឺការចាក់សាក់នៅលើជើងរបស់នាង និងការបិទបាំងដ៏វែង ដែលអាចមើលឃើញយ៉ាងច្បាស់ពីឃ្លីបវីដេអូ។
លោក Tomasina និយាយ «វាច្បាស់ណាស់ជា Shani ។ នាងនៅមហោស្រពតន្ត្រីសន្តិភាព នេះជាសុបិនអាក្រក់សម្រាប់គ្រួសាររបស់យើង»។
ម្តាយរបស់នារីរងគ្រោះ អ្នកស្រី Ricarda បានបង្ហាញខ្លួននៅក្នុងវីដេអូដ៏ក្រៀមក្រំ។ សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bild របស់ប្រទេសអាឡឺម៉ង់ បាននិយាយថា «កូនស្រីរបស់អ្នកស្រី Ricarda ឈ្មោះ Shani Nicole Luk សញ្ជាតិអាល្លឺម៉ង់ ត្រូវបានចាប់ពង្រត់ដោយក្រុម Hamas ប៉ាឡេស្ទីន»។
គួរបញ្ជាក់ថា សម្រាប់ការវាយប្រហារដ៏អាក្រក់នេះ ក្រុមហាម៉ាសបានឆ្លៀតយកឱកាស ដើម្បីអបអរថ្ងៃឈប់សម្រាករបស់ជនជាតិយូដា។ នេះជាការលុកលុយដ៏សាហាវដែលមិនធ្លាប់មានពីមុនមក សម្រាប់អ៊ីស្រាអែល។ ពួកគេថែមទាំងប្រើ gliders ដើម្បីជៀសវាងការរាវរកទៀតផង។ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានឆ្លងកាត់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដណ្តើមយកការតាំងទីលំនៅ ហើយចាប់ជនស៊ីវិល បើមិនសម្លាប់ភ្លាមៗទេ គឺចាប់ជាចំណាប់ខ្មាំងតែម្តង។ យ៉ាងហោចណាស់មនុស្ស ៤៨០ នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ និងជាង ៣២០០ នាក់ បានរងរបួស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង