ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ កម្ពុជា នៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគដដែល ដោយអាចទាក់ទាញការវិនិយោគលើទ្រព្យសកម្មថេរចំនួន ៣,៧៦ ពាន់លានដុល្លារ កើន ៨,៦ ភាគរយ ពីចំនួន ៣,៤៦ ពាន់លានដុល្លារបើធៀបក្នុងរយៈពេលដូចគ្នាឆ្នាំមុន ទោះបីវិបត្តិសេដ្ឋកិច្ចសកល និងតំបន់ដែលកើតឡើងពីជម្លោះភូមិសាស្ត្រនយោបាយកំពុងបន្តក៏ដោយ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា CDC បានអនុម័តគម្រោងវិនិយោគចំនួន ១៩១ ក្នុងអំឡុងពេលពីខែមករា-ខែកញ្ញា ឆ្នាំ២០២៣ កើន ២៧ភាគរយ ពីគម្រោងចំនួន ១៥០ ក្នុងរយៈពេលដូចគ្នាឆ្នាំមុន។ វិនិយោគិនបរទេសឈានមុខគេចំនួន៥ មកកម្ពុជា គឺប្រទេសចិន, ម៉ាឡេស៊ី, កោះ British Virgin Islands, សិង្ហបុរី និងវៀតណាម។
ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជាគឺជាប្រជាជាតិមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានគម្រោងវិនិយោគបែបសេរី និងបើកចំហ ដែលជនបរទេសអាចកាន់កាប់ភាគហ៊ុន ១០០ភាគរយ លើការវិនិយោគរបស់ពួកគេដោយមិនចាំបាច់មានដៃគូក្នុងស្រុកដូចប្រទេសផ្សេងទៀតទេ។
ឧកញ៉ា បានពន្យល់ថា ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលទើបតែដាក់ចេញច្បាប់វិនិយោគថ្មី កាលពីខែតុលា ឆ្នាំ២០២១ ដែលជាឧបករណ៍វិនិយោគថ្មីបើកចំហជាងមុន និងផ្តល់របបលើកទឹកចិត្តកាន់តែច្រើន។ ជាការពិតយើងមិនបដិសេធទេថា បញ្ហាភូមិសាស្ត្រនយោបាយដែលកំពុងកើតមាននៅពេលបច្ចុប្បន្នមិនប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ុន្តែអ្វីដែលយើងសង្កេតឃើញ គឺទោះបីមានឧបសគ្គពីបញ្ហាខាងក្រៅ ក៏កម្ពុជានៅតែមានការប្រុងប្រយ័ត្នក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពីបណ្តាប្រទេសក្នុងតំបន់។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិទំនុកចិត្តពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ ដោយសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បានឲ្យដឹងថា សន្ទស្សន៍ភាពងាយស្រួលក្នុងការធ្វើធុរកិច្ច (EoDB) របស់កម្ពុជា នៅតែមានភាពវិជ្ជមាន ទោះបីមានបញ្ហាប្រឈមខាងក្រៅ រួមទាំងអតិផរណាសកល និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនក៏ដោយ៕