តាមប្រភពព័ត៌មានពីក្រុមមន្ត្រីស្មោះត្រង់នៃក្រសួងមហាផ្ទៃ បានទម្លាយព័ត៌មានដ៏គួរឱ្យហួសចិត្តផង និងចង់សើចផងថា ជនជាតិចិនឈ្មោះ លីន ហឺជា ម្ចាស់គ្លីនិក ពិគ្រោះព្យាលជំងឺ សៀរហឺ មានសំណាងណាស់បានឡើងទៅសម្ពោធអគារថ្មីនៃក្រសួងមហាផ្ទៃមុនគេ បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំដោយក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ចុះបិទគ្លីនិករបស់គាត់កាលពីខែមុន ហើយសមត្ថកិច្ចបាននាំ លោក លីន ហឺជា ជនជាតិចិន ឃាត់ខ្លួនសួរនាំ និងកសាងសំណុំរឿងនៅលើអគារថ្មីនៃក្រសួងមហាផ្ទៃនេះអស់ពេលជាច្រើនម៉ោង ខណៈអគារថ្មីមិនទាន់ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។
ចំណែកមហាជនដែលដឹងរឿងចុះបិទគ្លីនិករបស់ជនជាតិចិនរូបនេះ បានលើកជាសំណួរថា តើនីតិវិធីរបស់សមត្ថកិច្ចបានចាត់ការដល់ណាហើយ ឬមួយគ្រាន់តែចុះបិទធ្វើឱ្យតែល្អមើលនោះទេ?!
ទោះជាយ៉ាងណាក៏ដោយ មហាជនបានផ្ដល់សេចក្ដីទុកចិត្តលើសមត្ថកិច្ចក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយខ្លាំងណាស់ ដោយយល់ឃើញថា ការចុះបិទគ្លីនិក ពិគ្រោះព្យាបាលជំងឺ សៀរហឺ របស់ជនជាតិចិនមួយនេះ គឺក្នុងស្មារតីចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសសុខភាពសាធារណៈជូនប្រជាពលរដ្ឋ, ប៉ុន្តែមហាជនសំណូមពរដល់ក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ មេត្តាអនុវត្តការងារភារកិច្ចឱ្យបានច្បាស់លាស់ ម៉ឺងម៉ាត់ ប្រតិបត្តិតាមកម្រិតដែនសមត្ថកិច្ចរបស់ខ្លួន ទើបជាការល្អ។
បានជា ក្រុមមន្ត្រីស្មោះត្រង់នៃក្រសួងមហាផ្ទៃទម្លាយព័ត៌មានថា លោក លីន ហឺជា ជនជាតិចិន ម្ចាស់គ្លីនិក ពិគ្រោះព្យាលជំងឺ សៀរហឺ មានសំណាងបានឡើងទៅសម្ពោធអគារថ្មីនៃក្រសួងមហាផ្ទៃមុនគេនោះ ព្រោះថា ក្រោយពេលដែលក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ចុះបិទគ្លីនិក និងឃាត់ខ្លួន លោក លីន ហឺជា នោះ គឺសមត្ថកិច្ចបាននាំខ្លួន លោក លីន ហឺជា ទៅសួរនាំ និងឃាត់ខ្លួនលើអគារថ្មីនៃក្រសួងមហាផ្ទៃអស់ពេលជាច្រើនម៉ោង ដូច្នេះហើយ ទើបគេចាត់ទុកថា លោក លីន ហឺជា មានសំណាងជាងគេបានភ្លក់រសជាតិ ឬស្គាល់អគារថ្មីនៃក្រសួងមហាផ្ទៃមុនគេ។
គួរដឹងផងដែរថា អគារថ្មីនៃក្រសួងមហាផ្ទៃនេះទើបតែសាងសង់រួចថ្មីៗ ជាស្នាដៃគូរប្លង់របស់ស្ថាបត្យករកូនខ្មែរ ជាអគារបែបទំនើប មានរក្សារចនាបទខ្មែរ ហើយត្រូវបានប្រភពមួយចំនួនអះអាងថា ចំណាយលើការសាងសង់សរុប ប្រមាណជាង ៦០លានដុល្លារសហរដ្ឋអាមេរិក។ អគារថ្មីនៃក្រសួងមហាផ្ទៃនេះ មិនទាន់ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ដោយកំពុងរង់ចាំពេលវេលាសមស្របណាមួយ។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៥:២០នាទីល្ងាច សមត្ថកិច្ចចម្រុះ ដឹកនាំដោយក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ (គ.ប.ផ.ក) និងមានការសម្របសម្រួលពី លោក ទី មុនិន្ទ ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបិទទីតាំង បន្ទប់ពិគ្រោះព្យាបាលជំងឺ សៀរហឺ ដែលមានម្ចាស់ឈ្មោះ លីន ហឺជា ជនជាតិចិន និងមានអ្នកបកប្រែភាសា ស៊ឹម ស្រីម៉ិច ។
ទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺ សៀរហឺ របស់ជនជាតិចិននេះ ស្ថិតនៅអគារម៉ីងមិន ផ្លូវមាត់ទន្លេ សង្កាត់បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងពេលប្រតិបត្តិការ សមត្ថកិច្ចចម្រុះបានបិទលិខិតប្លុមបេនៅមាត់ទ្វារបន្ទប់ពិគ្រោះព្យាបាលជំងឺ គឺលែងឱ្យមានដំណើរការទទួលសេវាកម្មពិគ្រោះព្យាបាលជំងឺទៀតហើយ រហូតដល់មានការសម្រេចជាថ្មីណាមួយតាមផ្លូវច្បាប់។
សមាសភាពសមត្ថកិច្ចចម្រុះចូលរួមបិទទីតាំងគ្លីនិករបស់ជនជាតិចិននេះ រួមមាន លោក អោក លឹមចាន់រីណា ក្រឡាបញ្ជី , លោកឧត្តមសេនីយ៍ទោ ភូ សុផល អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) , លោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន , លោកនាង ធារី អនុប្រធានការិយាល័យនិយ័តកម្ម , លោកស្រី ចាប សុចិន្តា មន្ត្រីសុខាភិបាលខណ្ឌចំការមន , លោក ខាត់ សួន មេភូមិ១៤ សង្កាត់ទន្លេបាសាក់ , លោកវរសេនីយ៍ឯក អ៊ន លុច មន្ត្រីនគរបាលយុត្តិធម៌ , លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង ប្រធានក្រុមប្រតិបត្តិការ , លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីស្មោះត្រង់នៃក្រសួងមហាផ្ទៃដដែលនេះ បានទម្លាយឱ្យដឹងទៀតថា ក្រោយពេលចុះបិទទីតាំងគ្លីនិករបស់ជនជាតិចិនខាងលើរួចហើយ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំង គឺលោក លីន ហឺជា ជនជាតិចិន និងអ្នកបកប្រែភាសា ស៊ឹម ស្រីម៉ិច ទៅសាកសួរ និងកសាងសំណុំរឿងនៅលើអគារថ្មីនៃក្រសួងមហាផ្ទៃអស់ពេលជាច្រើនម៉ោង ដែលអាគារថ្មីនេះ មិនទាន់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយនោះទេ ដូច្នេះហើយទើបគេនិយាយរបៀបលេងសើចថា លោក លីន ហឺជា ជនជាតិចិន ម្ចាស់គ្លីនិក សៀរហឺ មានសំណាងជាងគេបានសម្ពោធអគារថ្មីនៃក្រសួងមហាផ្ទៃនេះមុនគេ។
តាមប្រភពព័ត៌មានបន្តឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនសួរនាំ ទៅលើជនជាតិចិនម្ចាស់គ្លីនិក សៀរហឺ និងអ្នកបកប្រែ បានបន្តិចក្រោយមក ក៏ត្រូវបានដោះលែងអ្នកទាំងពីរនេះឱ្យមានសេរីភាពវិញ, នៅឡើយត្រង់ថា តើនីតិវិធីនៃការបិទអាជីវកម្មគ្លីនិកពិគ្រោះព្យាបាលជំងឺ សៀរហឺ នេះ មានចំណាត់ការដល់ណាហើយ ពោលគឺ បិទបន្តទៀត ឬក៏អនុញ្ញាតឱ្យបើកដំណើរការវិញ ពុំមាននរណាដឹងនោះទេ។
ចំណែកសមត្ថកិច្ចដែលចុះប្រតិបត្តិការផ្ទាល់ នៅពេលដែល CEN ទាក់ទងសួរអំពីការវិវត្តន៍នៃនីតិវិធីចំពោះគ្លីនិកពិគ្រោះព្យាបាលជំងឺ សៀរហឺ របស់ជនជាតិចិននេះ អ្នកខ្លះឆ្លើយថា មិនដឹងទេ , អ្នកខ្លះមិនឆ្លើយតបតេឡេក្រាម និងមិនលើកទូរស័ព្ទនិយាយតែម្ដង។
លោកឧត្តមសេនីយ៍ទោ ភូ សុផល អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលកន្លែងក្លាយនៃក្រសួងមហាផ្ទៃ នៅពេលដែល CEN សរសេរជាសំណួរបញ្ជូនតាមតេឡេក្រាម លោកបានឆ្លើយតបថា ” ខ្ញុំសុំឆ្លើយតបករណីហ្នឹង ក្រុមការងារយើងខ្ញុំអនុវត្តន៍នីតិវិធីបានបញ្ជូនសុំណុំរឿងទៅស្ថាប័នតុលាការរួចរាល់ហើយ។ បើប្អូនចង់ដឹងច្បាស់ អាចសួរទៅខាងតុលាការទៅ ព្រោះផុតដៃដែនសម្ថកិច្ចក្រុមការងារយើងខ្ញុំហើយ។ ចំណែក លោក តាន់ សុវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានបំភ្លឺថា នៅពេលដែលក្រុមការងារខាងលើ ចុះអនុវត្តបិទគ្លីនិករបស់ជនជាតិចិននោះ គឺលោកមិនបានដឹងរឿងនេះទេ ហើយលោកក៏មិនដឹងថា តើនីតិវិធីទៅមុខទៀត គេដំណើរការដល់ណាហើយនោះ ក៏មិនដឹងដែរ។
ការដែលមហាជនចង់ដឹងអំពីការវិវត្តន៍នៃនីតិវិធីរបស់សមត្ថកិច្ចខាងលើនេះ គឺមហាជនពិតជាចង់ដឹងអំពីភាពច្បាស់លាស់ ភាពម៉ឺងម៉ាត់ និងសុចរិតភាពរបស់សមត្ថកិច្ចនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ (គ.ប.ផ.ក) ថាតើការអនុវត្តភារកិច្ចរបស់ខ្លួន មានតម្លាភាពត្រឹមត្រូវ ឬយ៉ាងណា?! ព្រោះថា កន្លងមកធ្លាប់មានមន្ត្រីខិលខូចខ្លះក្លែងបន្លំធ្វើជាចុះអនុវត្តភារកិច្ចបំពានលើដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើបាបអាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋ ឱ្យមានការឈឺចាប់ជាច្រើនករណីរួចមកហើយ។
បើយើងផ្ទៀងផ្ទាត់ពេលវេលាឱ្យបានដិតដល់បន្តិច គឺ ៨ថ្ងៃក្រោយការចុះបិទគ្លីនិក ពិគ្រោះព្យាបាលជំងឺ សៀរហឺ របស់ជនជាតិចិន និងការដែលសមត្ថកិច្ចខាងលើហ៊ាននាំយកជនជាតិចិនរូបនេះ ទៅឃាត់ខ្លួនសួរនាំ និងកសាងសំណុំរឿងនៅលើអគារថ្មីនៃក្រសួងមហាផ្ទៃដែលមិនទាន់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ គឺក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងផ្តល់ភារកិច្ចឱ្យអគ្គាធិការដ្ឋាន និងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស៉ើបអង្កេត និងអនុវត្តវិធានការផ្លូវច្បាប់ បទបញ្ជាផ្ទៃក្នុង ប្រសិនបើបុគ្គល ឬអង្គភាព នៅតែប្រព្រឹត្តផ្ទុយពីសេចក្ដីសម្រេចនេះ ក្រសួងមហាផ្ទៃនឹងមានវិធានការផ្លូវច្បាប់មិនលើកលែង, ក្រសួងមហាផ្ទៃ ព្រមទាំងតម្រូវឱ្យចាត់នីតិវិធីស្រាវជ្រាវស្វែងរកការពិត តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធប្រតិបត្តិការរបស់នគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ លេខ ៤៦៨៦ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃមួយនេះ ត្រូវបានមហាជនយល់យ៉ាងច្បាស់ថា ក្រសួងមហាផ្ទៃ ពិតជាបានខិតខំធ្វើការកែទម្រង់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានគុណភាព ប្រសិទ្ធភាព និងតម្លាភាពទាំងការងារក្នុងក្របខ័ណ្ឌក្រសួង និងនិងតម្លាភាពជាមួយប្រជាពលរដ្ឋ… តើហេតុអ្វីបានជាគេហ៊ាននាំយកជនសង្ស័យទៅសួរចម្លើយ ឃាត់ខ្លួន និងកសាងសំណុំរឿងនៅលើអគារថ្មីនៃក្រសួងមហាផ្ទៃ ខណៈដែលអគារមួយនេះ មិនទាន់ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ៕ ពិសិដ្ឋ CEN