ព្រំដែនកម្ពុជាឡាវ ៖ ក្រសួងធនធានទឹកនិងងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានទាន់ហេតុការណ៍បំផុត ស្តីពី ការបាក់ទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវ បណ្តាលឲ្យផ្ទះត្រូវទឹកជន់លិច ហើយប្រជាជនកំពុងតែនាំគ្នាភៀសខ្លួនចេញ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការឡាវបញ្ជាក់ថា ទំនប់នេះ បានបាក់កាលពីព្រឹកថ្ងៃទី២៤ កក្កដា បណ្ដាលឱ្យទឹកក្នុងទំនប់ប្រមាណជា៥ពាន់លានម៉ែត្រគូប ហូរចាក់មកក្រោមយ៉ាងគំហុក។
ចំណែកឯក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់ដល់ប្រជាពលដ្ឋកម្ពុជា ដែលរស់នៅរាមដងទន្លេសេកុង ពិសេសអាជ្ញាខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័ន ត្រៀមលក្ខណៈជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ទំបន់វារីអគ្គិសនី Se-Pian Se Nam Noi នៅខេត្ត Attapeu ប្រទេសឡាវ និងមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជាឡាវ បានបាក់។ ទំបន់នេះ មានសមត្ថភាពស្តុកទឹកបានប្រមាណ ៥ពាន់លានម៉ែត្រគូប និងអាចផលិតថាមពលអគ្គិសនីបាន៤១០មេហ្គាវ៉ាត់។
ជាមួយអាជ្ញាធរឡាវបានប្រកាសថា មនុស្សច្រើននាក់់ត្រូវស្លាប់ ហើយជាច្រើនរយនាក់បាត់ខ្លួន។ អាជ្ញាធរបានជួលនាវាទាំងឡាយ ដើម្បីជម្លៀសមនុស្សចេញពីស្រុក SAN SAI ខេត្តATTAPEU ភាគអាគ្នេយ៍ប្រទេសចេញ ខណៈកម្រិតទឹកឡើងខ្ពស់ក្រោយការបាក់ទំនប់។
សេចក្តីរាយការណ៍បឋមឱ្យដឹងថា នារសៀលថ្ងៃទី២៤កក្កដា នេះ អាជ្ញាធរឡាវបានទំនាក់ទំនង មកនគរបាលការពារព្រំដែនកម្ពុជា ឱ្យជូនដំណឹងទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយភាគីឡាវនឹងបើកទ្វារទំនប់ទឹកបង្ហូរចុះមកក្រោម ។
ការជូនដំណឹងនេះ អាជ្ញាឡាវបានបញ្ជាក់ពីមូលហេតុថា កក្តាដែលបង្ខំនិងសម្រេចឱ្យបើកទ្វារទឹកនោះ ដោយសារទំនប់វារីអគ្គិសនីនៅទន្លេសេកុងខេត្តអត្តពឺ កំហុកទឹក កំពុងចាល់លើសកម្រិត បន្ទាប់ពីទំនប់បង្វៀងបានបាក់ និងជះឥទ្ធិពលយ៉ាងអាក្រក់ លើប្រជាពលរដ្ឋ ក្នុងនោះផ្ទះសម្បែងរាប់សិបខ្នង ត្រូវប៉ើងទៅតាមទឹក ប្រជាពលរដ្ឋឡាវជាច្រើននាក់បានស្លាប់ និងបាត់ខ្លួនច្រើននាក់ទៀត ។
តាមការជូនដំណឹងដដែលនេះ អាជ្ញាធរឡាវបានស្នើដល់កម្លាំងសមត្ថកិច្ចការពារព្រំដែនកម្ពុជា មេត្តាជួយតាមដានមើលទៅលើខ្សែទឹក ប្រសិនប្រទះឃើញពលរដ្ឋឡាវអណ្តែតមកក្រោម ជួយប្រមូលទុកអាជ្ញាធរឡាវ និងទំនាក់ទំនងមកទទួលទៅវិញផង ។
ទាក់ទិនករណីគ្រោះមហន្តរាយ ដោយការបាក់ទំនប់ពង្វាងនៃខេត្តអត្តពឺនោះ អាជ្ញាធរឡាវកំពុងជម្លៀសពលរដ្ឋចេញពីតំបន់ទឹកលិច តាមដងទន្លេសេកុងទៅទីទួលសុវត្ថិភាពផងដែរ ចាប់តាំងពីព្រឹកថ្ងៃទី២៤ កក្កដា រហូតរសៀលថ្ងៃដដែលនេះ ។
គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ត្រូវបានសាងសង់ឡើងដោយគម្រោងរួមគ្នាមួយ ដឹកនាំដោយបណ្តាញក្រុមហ៊ុនកូរ៉េខាងត្បូង សហការជាមួយថៃ និងឡាវ។ ទំនប់នេះ ត្រូវបានគេគ្រោងនឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំនេះ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេថា តើវាបានចាប់ផ្តើមប្រតិបត្តិការហើយ ឬនៅនោះឡើយ មុនហេតុការណ៍ទំនប់នេះកើតឡើង៕ ដោយ៖កូឡាប