Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB បេ្តជ្ញាពង្រីកទំហំឥណទានធំជាងមុន និងពង្រឹងវិស័យហិរញ្ញវត្ថុ សម្រាប់គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសាទរចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ ADB ក្នុងការពង្រីកនូវទំហំឥណទានធំជាងមុន តាមរយៈការកែទម្រង់ការគ្រប់គ្រងមូលធន ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍នានា ដែលក្នុងនោះ កម្ពុជាក៏នឹងត្រូវចាត់ចូលជាប្រទេសដែលទទួលបាននូវប្រភពធនធានទំហំធំ ពិសេស សម្រាប់គម្រោងពង្រឹងការបន្សាំទៅនឹងអាកាសធាតុ។

ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា និងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម បានសាទរចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់លោក វីនហ្រ្វែត វីកក្លែន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធប្រតិបត្តិការថ្មីរបស់ ADB ក្នុងគោលដៅពន្លឿនការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការធ្វើប្រតិភូកម្មសិទ្ធិសម្រេច និងការទទួលខុសត្រូវកាន់តែច្រើនជាងមុនជូនស្ថានតំណាងរបស់ ADB ប្រចាំកម្ពុជា និងការវិនិយោគគម្រោង ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍវិស័យឯកជន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ជាពិសេស ការពង្រឹងវិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈប្រតិបត្តិការ Non-Sovereign Operations ដូចមានចែងក្នុង យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វីនហ្រ្វែត វីកក្លែន ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ រហូត ដល់បច្ចុប្បន្ន។

លោក វីនហ្រ្វែត វីកក្លែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយ ADB ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ហើយលោកបានត្រៀមខ្លួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្ថែមទៀត សំដៅបន្តរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើរស្របគ្នានឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា, នីតិកាលទី៧ នៃរដ្ឋសភា, ដែលមានគោលបំណងរួមចំណែកគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

×