Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​គ្រប់​ផ្នែក បញ្ជូន​ប្រជាពលរដ្ឋ នៅ​តាម​ដង​ទន្លេ​សេកុង ទៅរក​ទីទួល​សុវត្ថិភាព ករណី​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ​

​ស្ទឹងត្រែង ​៖ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ជា​ពិសេស ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​ដង​ទន្លេ​នានា និង​តាម​ដង​ទន្លេ​សេកុង មានការ​ប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ​ឲ្យបាន​ខ្ពស់បំផុត ព្រមទាំង​ជួយ​ផ្តល់​ព័ត៌មាន ឲ្យបាន​ឆាប់​បំផុត ដល់​អាជ្ញាធរ​មូលដ្ឋាន ក្នុងករណី​មាន​ទឹកជំនន់​ឡើង​ខ្លាំង​។​

​ការ​ចេញ​មក​អំពាវនាវ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង នៅ​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ធ្វើឡើង​ក្នុងពេលដែល​ខេត្ត​ស្ទឹងត្រែង កំពុង​ទទួល​ការ​ជន់​លិច​ខ្លាំង ដោយសារ​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​សេ​ពាន​សេណា​មណ​យ ស្ថិតនៅ​ខេត្ត​អត្ត​ពឺ​។​

​ទន្ទឹម​នឹង​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវ​រៀបចំ​ដាក់ចេញ​នូវ​ផែនការ​សរុប វិធានការ​សរុប កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​ត្រៀម​បង្ការ និង​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដែល​រង​ផលប៉ះពាល់​ទាំងអស់ឲ្យ​បាន​ទាន់ពេ​ល​វេលា និង​ធានាបាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។​

​ជាមួយគ្នានេះ​លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង​នៅ​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក៏​បាន​ដឹកនាំ​កងកម្លាំង​គ្រប់​ប្រភេទ នៅក្នុង​ខេត្ត​ស្ទឹងត្រែង ចុះ​ទៅ​កាន់​ស្រុក​សៀម​ប៉ាង ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

×