ភ្នំពេញ៖ បើផ្អែកតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៣នេះ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានទឹកប្រាក់សរុបជាង ៧ពាន់លានដុល្លារ ធ្លាក់ចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។
ស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា GDCE បានឱ្យដឹងថា ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំង ២ មានទឹកប្រាក់សរុប ៧,០៨ពាន់លានដុល្លារ ធ្លាក់ចុះ ៣ភាគរយ ធៀបនឹងរយៈពេល ៩ខែឆ្នាំ២០២២ ដែលមាន ៧,៣ពាន់លានដុល្លារ ដែលនៅក្នុងនោះ ទំនិញកម្ពុជានាំទៅអាមេរិក មានតម្លៃ ៦,៩ ពាន់លានដុល្លារ ថយចុះ ២,១ភាគរយ និងទំនិញអាមេរិក នាំមកកម្ពុជា ១៨១,០២លានដុល្លារ ថយចុះ ២៧,៨ភាគរយ។
បើផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៦,៧២ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៦,៨ពាន់លានដុល្លារ។ ប្រទេសអាមេរិកគឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី ២ របស់កម្ពុជា ដោយមានចំណែក ២០,១៣ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៣ ដែលមានចំនួន ៣៥,១៦ពាន់លានដុល្លារ។
ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ៩,២៨ពាន់លានដុល្លារ កើនឡើង ១៨,៦ភាគរយបើធៀបនឹងឆ្នាំ២០២១ ដែលមាន ៧ ៨២៦,៤៩លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំចេញមាន ៨,៩៧ពាន់លានដុល្លារ កើន ១៩,៧ភាគរយ និងនាំចូល ៣១២,៤៨លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៨,៦៥ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ថ្មីៗនេះ ធនាគារពិភពលោក (WB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២៣ នេះនៅកម្រិត ៥,៥ភាគរយ បើទោះបីជាមានឧបសគ្គពីខាងក្រៅ ក៏កំណើនសេដ្ឋកិច្ចកម្ពុជានៅតែទទួលបាននូវសម្ទុះដែលគាំទ្រទៅដោយការស្ទុះងើបឡើងវិញក្រោយការរីករាលដាលជំងឺកូវីដនៃវិស័យសេវាកម្ម និងវិស័យទេសចរណ៍ជាដើម៕