អ្នកជំងឺតម្រងនោម ឬហៅថាអ្នកជំងឺខូចក្រលៀន ចំនួន ១៨ នាក់ បានចាញ់បោកមន្ទីរពេទ្យ Metro RLV Poly Clinic អស់ប្រាក់ក្នុងម្នាក់ៗប្រមាណ ៥ ម៉ឺនដុល្លារ ព្រោះបន្ទាប់ពីនាំអ្នកជំងឺប្តូរក្រលៀនទៅដល់ប្រទេសឥណ្ឌា ស្រាប់តែតំណាងមន្ទីរពេទ្យនេះដែលប្រមូលលុយពីសាច់ញាតិអ្នកជំងឺជិត១លានដុល្លារអាមេរិក បានរត់គេចខ្លួនបាត់ ដោយទុកអ្នកជំងឺចោលនៅក្នុងមន្ទីរពេទ្យប្រទេសឥណ្ឌារាប់ខែ មិនបានសេវាព្យាបាល «ប្ដូរក្រលៀន» ឡើយ។
ជាក់ស្តែង អ្នកជំងឺខូចក្រលៀនម្នាក់ដែលកំពុងដេករង់ចាំសេវាប្តូរក្រលៀន នៅឯប្រទេសឥណ្ឌា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា គាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវាព្យាបាលជាមួយមន្ទីរពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) ដែលជាតំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ប្រទេសឥណ្ឌា កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ហើយដើម្បីទទួលបានសេវាដូរតម្រងនោមនៅប្រទេសឥណ្ឌា រូបគាត់បានបង់ប្រាក់ប្រមាណ ៥ ម៉ឺនដុល្លារអាមេរិក ឱ្យទៅលោក ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ អអិលវី នៅក្នុងរាជធានីភ្នំពេញ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីបានប្រគល់លុយឲ្យ និងត្រូវបាននាំទៅដល់ប្រទេសឥណ្ឌា រូបគាត់បែរជាមិនទទួលបានសេវាដូរតម្រងនោម ដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យានោះឡើយ ដោយដេករង់ចាំរហូតមកដល់ពេលនេះ។
ទាក់ទងនឹងការដេករង់ចាំសេវាប្តូរតម្រងនោមនៅប្រទេសឥណ្ឌា អស់រយៈពេល ៧ ខែមកហើយនេះ អ្នកជំងឺរងគ្រោះខាងលើ ក៏បានទម្លាយមូលហេតុដ៏គួរឲ្យហួសចិត្តថា គឺដោយសារតែលោក ង៉ែត សំអូន ដែលជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ នៅក្នុងរាជធានីភ្នំពេញ មិនបានបង់ប្រាក់ឱ្យទៅមន្ទីរពេទ្យមេត្រូវនៅក្នុងប្រទេសឥណ្ឌា ខណៈពេលសួរទៅតំណាងមន្ទីរពហុព្យាបាលមេត្រូនៅភ្នំពេញ គេបានអះអាងថា ក្រុមហ៊ុននៅភ្នំពេញក្ស័យធន មិនមានលុយបង់សម្រាប់ការព្យាបាលនេះឡើយ។
តែអ្វីដែលមិននឹកស្មានដល់ទៀតនោះ គឺមានប្រភពព័ត៌មានបានបញ្ចេញឲ្យដឹងថា ពុំមែនមានតែអ្នកជំងឺម្នាក់ខាងលើទេដែលរងគ្រោះ គឺនៅមានអ្នកជំងឺជាពលរដ្ឋខ្មែររហូតដល់ទៅ ១៧ នាក់ផ្សេងទៀត ក៏រងគ្រោះចាញ់បោកដូចគ្នាដែរ ខណៈពួកគាត់កំពុងដេករង់ចាំទទួលសេវាព្យាបាលដូរតម្រងនោម ដែលបានអូសបន្លាយអស់ជាច្រើនខែមកហើយ ប៉ុន្តែ ការរង់ចាំហាក់គ្មានពន្លឺអ្វីសោះឡើយ ខណៈលោក ង៉ែត សំអូន ដែលជាអ្នកទទួលលុយនោះ បានគេចខ្លួនបាត់។
តែក្រោយព័ត៌មានករណីតំណាងមន្ទីរពេទ្យនេះ បានបោកប្រាស់ប្រមូលលុយអ្នកជំងឺជិត១លានដុល្លារ បានផ្ទុះឡើង ស្រាប់តែខាងម្ចាស់មន្ទីរពេទ្យ Metro RLV Poly Clinic បានចេញសេចក្តីជូនដំណឹងដល់សាធារណជន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឲ្យបានដឹងបែបនេះថា បុគ្គលឈ្មោះ ង៉ែត សំអូន ដែលត្រូវជានាយកគ្រប់គ្រងមន្ទីរពេទ្យ មេត្រូ RLV ក្រៅប្រទេស លីមីតធីត បានប្រើប្រាស់តួនាទីរបស់គាត់ នៅក្នុងក្រុមហ៊ុន ដោយមានកំហុសដែលមិនអាចទទួលយកបាន និងបានបង្ខូចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យ ហើយបានយកលុយពីអ្នកជំងឺជាច្រើននាក់ដើម្បីព្យាបាល ជាពិសេសទៅប្រទេសឥណ្ឌា។ គាត់ក៏បានប្រមូលលុយពីបុគ្គលផ្សេងៗដែលដាក់បញ្ចាំឧបករណ៍របស់ក្រុមហ៊ុន ហើយមិនបានសងមកក្រុមហ៊ុនវិញដូចគ្នាទេ។
ម្ចាស់មន្ទីរពេទ្យ ក៏បានបញ្ជាក់ថា ក្រុមហ៊ុនបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទង្វើអមនុស្សធម៌ដែលបានធ្វើឡើងដោយបុគ្គល ង៉ែត សំអូន ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ និងបានសម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីប្រឆាំងទៅនឹងទង្វើរបស់បុគ្គលរូបនេះរួចហើយ និងក៏បានស្នើបងប្អូនប្រជាពលរដ្ឋជាអ្នកជំងឺ សូមកុំបន្តការជឿ ឬ ធ្វើកិច្ចសន្យាណាមួយជាមួយបុគ្គល ង៉ែត សំអូន ក្នុងការបញ្ជូនទៅព្យាបាលជំងឺនៅប្រទេសឥណ្ឌា ឬ អោយបុគ្គលនេះខ្ចីប្រាក់ជាថ្នូរនឹងដាក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបញ្ចាំណាមួយទៀត។ ម្ចាស់ក្រុមហ៊ុនបដិសេធមិនទទួលយកទំនួលខុសត្រូវណាមួយឡើយ សម្រាប់សកម្មភាពរបស់ភាគីដែលមកទាក់ទងរកសេវាព្យាបាលជាមួយបុគ្គល ង៉ែត សំអូន។
ទោះជាយ៉ាងណា ម្ចាស់មន្ទីរពេទ្យក៏បានកំពុងកំណត់ទីតាំង និងចំនួនអ្នកជំងឺដែលបុគ្គល ង៉ែត សំអូន បានបញ្ជូនទៅកាន់ប្រទេសឥណ្ឌា ដើម្បីព្យាបាលពួកគាត់ ហើយនឹងព្យាយាមបន្ថែមជំនួយជាច្រើនតាមដែលអាចធ្វើទៅបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង