«បុណ្យកឋិនទាន» គឺជាកាលទានមួយដ៏សែនថ្លៃថ្លា និងមានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដោយក្នុងមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ និងមានរយៈពេលកំណត់ចំនួន២៩ថ្ងៃ។ ចំពោះវត្តអារាមមួយ គឺទទួលបានអង្គកឋិនតែមួយប៉ុណ្ណោះ ដែលជាទានមានផលានិសង្សច្រើន ជាទីជ្រះថ្លានិងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ខណៈតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ តាមរយៈកឋិនទាន គឺវត្តនីមួយៗក៏មានលទ្ធភាព អាចនឹងទទួលបាននូវសម្ភារផ្សេងៗ រួមទាំងថវិកាសម្រាប់បម្រើការកសាងទីសេនាសនៈនៅក្នុងវត្ត ដោយមានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចផងដែរ។
តែយ៉ាងណាមិញ ស្របពេលបុណ្យកឋិនទាន កៀកចូលមកដល់ ដែលនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ «ក្រសួងធម្មការ និងសាសនា» បានចេញសេចក្ដីណែនាំ ហាមដាច់ខាតដើររៃអង្គាសបច្ច័យតាមទីសារធាណៈ និងតាមទីប្រជុំជន ដោយសារតែសកម្មភាពបែបនេះ ត្រូវបានចាត់ទុកថាជាទង្វើមិនគួរគប្បី ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃព្រះពុទ្ធសាសនា។
នេះបើយោងតាមសេចក្ដីណែនាំ របស់ «ក្រសួងធម្មការ និងសាសនា» ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ដើម្បីរៀបចំបុណ្យកឋិនទានឲ្យដំណើរការនិងប្រព្រឹត្តទៅ ស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា «ក្រសួងធម្មការ និងសាសនា» សូមធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្តដូចតទៅ៖
ទី១- ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីកឋិនទាន ស្របតាមពុទ្ធប្បញ្ញាត្តិ និងពុទ្ធានុញ្ញាត។
ទី២- គ្រប់វត្តអារាមត្រូវរៀបចំសម្អាតទីតាំងវត្តអារាម ផ្លូវថ្នល់ បូជនីយដ្ឋាន ដោយតុបតែងលម្អ បំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ពាក្យអប់រំ និងពុទ្ធភាសិតនានាឲ្យបានច្រើន តាមដែលអាចធ្វើបាន»។
ទី៣- គ្រប់វត្តអារាមនីមួយៗ ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណីជាដើម ដែលលើសពីសេចក្ដីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនរងគ្រោះផ្សេងៗទៀត និងទី៤- ហាមដើររៃអង្គាសនៅតាមទីសាធារណៈ និងទីប្រជុំជនជាដើម ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។ ដូច្នេះ សូមលោកប្រធានមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយមានសមត្ថកិច្ចពាក់ព័ន្ធ ព្រះមេគយ ព្រះអនុគណ និងព្រះចៅអធិការវត្ត អនុវត្តសេចក្ដីណែនាំនេះឲ្យបានសម្រេចលទ្ធផលល្អប្រសើរ ស្របតាមប្រពៃណីជាតិដ៏រុងរឿង»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា «បុណ្យកឋិនទាន» ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ៖ លឹម ហុង