ថ្មីៗនេះ សារបង្ហោះរបស់បុរសជាឪពុកម្នាក់ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើល និងផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយពីបានស្តាប់ការរៀបរាប់ដ៏ឈឺចាប់របស់គាត់ដែលបានប្រាប់ថា គ្រូពេទ្យមួយចំនួនតូចនៅក្នុងមន្ទីរពេទ្យកុមារជាតិ បានធ្វើការហាក់គ្មានជំនាញវិជ្ជាជីវៈសោះឡើយ ដែលបានវះកាត់ដុំគីសនៅត្រង់កំភួនដៃកូនស្រីអាយុ៥ឆ្នាំរបស់គាត់ ដោយមុនពេលវះកាត់ គ្រូពេទ្យមិនបានពិនិត្យឱ្យបានច្បាស់លាស់នោះទេថា តើសាច់កូនស្រីរបស់គាត់គឺជាសាច់កាច ឬសាច់ស្លូត តែក្រោយការវះកាត់រួច ទើបបែរជាយកសាច់ទៅពិនិត្យ រហូតធ្វើឱ្យកូនស្រីរបស់គាត់ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម។
ក្នុងការបង្ហោះកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បុរសជាឪពុកដែលមានគណនីហ្វេសប៊ុកឈ្មោះ Son Pon បានអារម្មណ៍ឈឺចាប់ខ្លាំង រៀបរាប់ប្រាប់បងប្អូនមហាជននៅក្នុងបណ្តាញសង្គម ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ផ្ញើជូនមន្ទីរពេទ្យកុមារជាតិ និងក្រសួងសុខាភិបាល។ ថ្ងៃកូនខ្ញុំវៈកាត់គឺ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ខ្ញុំពិតជាសោកស្តាយណាស់ដែរគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិប្រើវិជ្ជាជីវៈបែបនេះមកលើកូនរបស់ខ្ញុំ។ មុននឹងវៈកាត់គីសហេតុអីមិនពិនិត្យឱ្យដឹងលទ្ធផលថា សាច់កាច ឬក៏ស្លូត? ហេតុអីយកជីវិតកូនគេមកលេងសើចម្ល៉េះ? សួរថាប្រជាជនខ្មែរមានទំនុកចិត្តអីទៀតឥលូវ? ហើយកុំឆ្ងល់ថា ហេតុអីបានម្នាក់ៗរត់ទៅរកពេទ្យស្រុកក្រៅ គឺដោយពួកអស់លោកដែរមិនមានវិជ្ជាជីវៈក្នុងខ្លួនបែបនេះហើយ។ វៈកាត់រួចបានពួកអស់លោកឯងយកសាច់កូនខ្ញុំទៅពិនិត្យ ហើយលទ្ធផលរបស់លោកឯងនៅតែប្រហែលៗ មិនល្អៗ ដល់ពេលឥលូវកូនខ្ញុំឈឺជំងឺប្លែកៗ ឈឺដៃឈឺជើងគ្រប់កន្លែងរហូតគីសរាលដាលដល់ក្បាលថែមទៀត»។
បុរសជាឪពុករូបនេះ បានបន្តថា៖ «ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតសោកស្តាយណាស់ ដែលអស់លោកមិនបានបំពេញតួនាទីរបស់ពួកអស់លោក ហើយក៏សូមរិះគន់ដល់ក្រុមគ្រូពេទ្យខាងវះកាត់ដែរ ពួកអស់លោកឯងច្បាស់ជាជាប់បណ្តាស់សាររបស់គេហើយ ដែលយកជីវិតកូនគេមកលេងសើចបែបនេះ។ សូមឱ្យក្រសួងសុខាភិបាលមេត្តាជួយពិនិត្យមើលអស់លោកគ្រូពេទ្យមួយចំនួននេះផង។ ឈឺចាប់ណាស់ ស្តាយណាស់ដែលជ្រុលយកកូនទៅវះគីសដៃមន្ទីរពេទ្យកុមារជាតិ សូមបងប្អូនប្រយ័ត្នប្រយែងកុំឱ្យជ្រុលដូចរូបខ្ញុំទៀត។ បងប្អូនជួយស៊ែរឱ្យក្រសួងសុខាភិបាល និងប្រធានមន្ទីរពេទ្យមានចំណាត់ការលើក្រុមគ្រូពេទ្យខាងវះកាត់ ដែលមិនប្រើវិជ្ជាជីវៈជាគ្រូពេទ្យមកលើអ្នកជំងឺផង»។
ក្រោយពីបានទទួលជ្រាបនូវការរៀបរាប់របស់បុរសជាឪពុកខាងលើរួច មហាជនយ៉ាងច្រើនបានចូលទៅបញ្ចេញមតិរិះគន់ចំៗ ទៅកាន់មន្ទីរពេទ្យមួយនេះឡើងព្រោងព្រាតតែម្តង។ តែទោះជាយ៉ាងណា រហូតមកទល់ពេលនេះ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣) គេនៅពុំទាន់ឃើញខាង «មន្ទីរពេទ្យកុមារជាតិ» ចេញមុខមកធ្វើការស្រាយបំភ្លឺជុំវិញករណីនេះនៅឡើយនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង