ដូចដែលប្រិយមិត្តបានដឹងហើយ អន្ទិត សាន សុជា បានក្លាយជាបុគ្គលដែលមហាជនជាច្រើន តាមរិះគន់សឹងតែគ្មានលោះថ្ងៃនោះទេ ដោយសារតែគ្រប់គ្នាស្អប់ ចំពោះទង្វើភូតភរ ជាពិសេសគឺសឹកភ្លាមដណ្តឹងប្រពន្ធភ្លែត។ កាន់តែហួសចិត្តទៀតនោះ លោកអន្ទិត សាន សុជា ក៏បានយកធម៌របស់ព្រះពុទ្ធ ទៅបន្តទេសនាធ្វើជាមុខរបររកស៊ី ទាំងដែលខ្លួនបានលាចាកសិក្ខាបទរួចទៅហើយ និងជាពិសេសទៀតនោះ គឺត្រង់ថាបានចេញមកហាក់ទើស ច្រណែនទៅនឹងគុណម្ចាស់ធម្មវនវាសី ចន្ទមុនី -ជាព្រះសង្ឃមួយអង្គកំពុងល្បីល្បាញខ្លាំង ដែលត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រើនទៅគោរពប្រតិបត្តិឡើងភ្លូកទឹកភ្លូកដី។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺថ្មីៗនេះ ស្រាប់តែឃើញព្រះសង្ឃមួយអង្គ ដែលហាក់គង់នៅមិនស្រណុកបក់មិនល្ហើយ បានចេញមុខការពារគ្រូធម៌របស់ខ្លួន និងដៀលកប់ៗមាត់ទៅកាន់មហាជនភាគច្រើនដោយបានប្រើពាក្យពេចន៍ធ្ងន់ៗថា អ្នករិះគន់អន្ទិត សាន សុជា គឺសុទ្ធសឹងតែ «ជាអ្នកក្ររហាមទាំងអស់»។
ជាក់ស្តែង សង្ឃរូបនោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Por Rin-ប៉ោ រិន បានបង្ហោះរូបថត២សន្លឹកជាមួយអន្ទិត សាន សុជា រួចភ្ជាប់សារដៀលបែបនេះថា៖ «តាមការសង្កេតរបស់ខ្ញុំ អ្នកដែរជេរលោកគ្រូធម៌ ភាគច្រើនសុទ្ធតែជាអ្នកក្ររហាម ខ្វះការអប់រំ។ ក្រហើយសន្សំក្រតជាតិក្រោយទៀត»។
ពិតណាស់ បន្ទាប់ពីបានឃើញនូវពាក្យពេចន៍ត្មិះដៀលដល់អ្នកក្រកប់ៗមាត់បែបនេះ មហាជនបានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយបានធ្វើការស៊ែរនូវការបង្ហោះមួយនេះ និងបានបញ្ចេញមតិដាក់ឱ្យផាំងៗទៅកាន់ព្រះសង្ឃរូបនេះថា៖ «បួសជាសង្ឃ សោយចង្ហាន់របស់អ្នកក្រ បែរជាដៀលអ្នកក្រកប់ៗមាត់ទៅវិញ។ ស្ដាយណាស់ បួសរៀនសូត្រចេះដឹងហើយ តែចរិតវិញពាលជាងក្មេងបាតផ្សារទៅទៀត។ លោកបងតើទំនេរទេ? មកគង់នៅភូមិស្រុកខ្ញុំមក សំបូរបាយលាយត្រនាប់ជើងណាស់, ជាសង្ឈមួយទាំងមូលសម្ដីអន់ជាងស្មូមតាមចេញ្ចើមថ្នល់ទៅទៀត ខ្លួនឯងក្ររហាមបានរត់ទៅបួសរកបាយវត្ត និងបច្ច័យពីញាតិញោម, អាពីរអ្នកនេះបួសសន្សំទ្រព្យហើយ មកដៀលពុទ្ធបរិស័ទទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង