ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ បានអះអាងថា ចាប់ពីថ្ងៃទី១៨វិច្ឆិកានេះ តទៅស្លាកយីហោ បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ និងតាមភូមិនានានៅទូទាំងខេត្តព្រះវិហារនឹង លែងមានវត្តមានទៀតហើយ។
មន្ត្រីអាជ្ញាធរមូលដ្ឋានដែលចុះអនុវត្តការងារនេះ ក្រោយពីតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិចោលកាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងមកនេះបានអោយដឹងថា នៅព្រឹកថ្ងៃទី១៨វិច្ឆិកា២០១៧នេះ អាជ្ញាធរមូលដ្ឋាន បានទម្លាក់ស្លាកគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្តាល របស់ គណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្រោយពីតុលាការ កំពូលកាត់ទោសរំលាយចោល និងការចេញសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃរួចមក។
មន្ត្រីដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨វិច្ឆិកានេះ តទៅ ស្លាកយីហោ, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ និងតាមភូមិនានានៅទូទាំងខេត្តព្រះវិហារ លែងមានវត្តមានទៀតហើយ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦វិច្ឆិកា២០១៧ កន្លងទៅ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្ត្រីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ក្រោយពីតុលាការកំពូលចេញដីកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងប់ស្ងៀម ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស ហើយសម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាស ប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះ៕ ដោយ៖បញ្ញាស័ក្តិ