Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! ព្យាយាម​ពន្លត់​ម៉ាស៊ី​នយន្តហោះ រហូត​ត្រូវ​ចុះចត​បន្ទាន់ តែ​នៅពេល​ចាប់ខ្លួ​ន អ្នកបើកបរ​ស្រាប់តែ​ប្រាប់​ហេតុផល​ដ៏​មិន​នឹកស្មាន​ដល់

យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែត Daily Mail ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃអាទិត្យ ទី២២ ខែតុលា អំឡុងពេលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines កំពុងហោះចាកចេញពីទីក្រុង Everett (រដ្ឋ Washington) ទៅកាន់ទីក្រុង San Francisco (រដ្ឋកាលីហ្វ័រញ៉ា)។

ប៉ូលីសបាននិយាយថា ខណៈពេលនៅពាក់កណ្តាលនៃការធ្វើដំណើរ អ្នកបើកយន្តហោះឈ្មោះ Joseph Emerson អាយុ ៤៤ ឆ្នាំ ស្រាប់តែព្យាយាមពន្លត់ម៉ាស៊ីន ខណៈពេលដែលមិនបំពេញកាតព្វកិច្ច។ ជាសំណាងល្អ ប្រធានក្រុម និងសហពីឡុតបានបញ្ឈប់អាកប្បកិរិយាដ៏គ្រោះថ្នាក់ភ្លាមៗ ហើយបានគ្រប់គ្រងយកបុរសរូបនេះចេញពីកាប៊ីន ដើម្បីធានាសុវត្ថិភាពយន្តហោះ ដែលដឹកអ្នកដំណើរ ៨០ នាក់ និងសមាជិកនាវិក ៤ នាក់។

ទោះជាយ៉ាងណា យន្តហោះនៅតែត្រូវបង្វែរទិសដៅទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដើម្បីចុះចតជាបន្ទាន់នៅម៉ោងប្រហែល ៦ និង ៣០ ល្ងាច ហើយអ្នកបើកយន្តហោះ Joseph Emerson ត្រូវបានចាប់ខ្លួនភ្លាមៗ។

គេបានដឹងថា អ្នកបើកយន្តហោះរូបនេះបានព្យាយាមពន្លត់ម៉ាស៊ីន ដោយបើកបំពង់ពន្លត់អគ្គីភ័យ ដែលជាប្រព័ន្ធពន្លត់អគ្គីភ័យដែលកាត់ផ្តាច់ប្រេងឥន្ធនៈរបស់យន្តហោះ។ តែទោះបីជាយ៉ាងណា ដោយសារតែមានការអន្តរាគមន៍ទាន់ពេលវេលា ប្រេងឥន្ធនៈមិនត្រូវបានកាត់ផ្តាច់ ហើយម៉ាស៊ីនរបស់យន្តហោះនៅតែបន្តដំណើរការ។

ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានឲ្យដឹងថា៖ «អ្នកដំណើរទាំងអស់នៅលើយន្តហោះបានបញ្ចប់ការធ្វើដំណើររបស់ពួកគេ ជាមួយនឹងយន្តហោះមួយផ្សេង រួមទាំងនាវិកដទៃទៀត។ យើងពិតជាអរគុណយ៉ាងខ្លាំង ចំពោះការអត់ធ្មត់របស់ភ្ញៀវរបស់យើង ក្នុងអំឡុងពេលនៃហេតុការណ៍នេះ»។

គួរបញ្ជាក់ថា អ្នកបើកយន្តហោះ Joseph Emerson បានចូលរួមជាមួយ Alaska Air Group ជាមន្រ្តីដំបូងរបស់ Horizon Air នៅខែសីហា ឆ្នាំ២០០១។ នៅខែមិថុនា ឆ្នាំ ២០១២ Joseph បានចាកចេញពី Horizon Air ដើម្បីក្លាយជាអ្នកបើកបរយន្តហោះសម្រាប់ក្រុមហ៊ុន Virgin America។ បន្ទាប់ពីក្រុមហ៊ុន Virgin America រួមបញ្ចូលគ្នាជាមួយ Alaska Air, Joseph បានក្លាយជាប្រធានក្រុមសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាឡាស្កាក្នុងឆ្នាំ ២០១៩ ។

ដូច្នេះ តើអ្វីបណ្តាលឱ្យអ្នកបើកយន្តហោះដែលមានបទពិសោធន៍ជាច្រើនឆ្នាំរូបនេះ ប្រព្រឹត្តទង្វើដ៏គ្រោះថ្នាក់ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជិតមួយរយនាក់នៅលើយន្តហោះបែបនេះ?

ទាក់ទងករណីដ៏ហួសចិត្តនេះ Joseph Emerson បានប្រាប់ប៉ូលីសថា គាត់មិនបានដេកអស់រយៈពេល ៤០ ម៉ោង។ លើសពីនេះ បុរសនេះក៏បានសារភាពថាបានប្រើប្រាស់ផ្សិតវេទមន្ត ដែលជាប្រភេទផ្សិតដែលមានសមាសធាតុ psilocybin នៃសារធាតុ hallucinogenic ។

អ្នកបើកយន្តហោះ Joseph បាននិយាយថា «ខ្ញុំមានអារម្មណ៍មិនល្អទេ។ ខ្ញុំបានទាញដងថ្លឹងបិទទ្វារសង្គ្រោះបន្ទាន់ទាំងពីរ ព្រោះខ្ញុំគិតថាខ្ញុំកំពុងសុបិន ហើយគ្រាន់តែចង់ភ្ញាក់»។

នៅក្នុងការកាត់ក្តីបើកចំហកាលពីថ្ងៃអង្គារទី២៤ ខែតុលា នៅរដ្ឋ Oregon អ្នកបើកយន្តហោះ Joseph Emerson ត្រូវបានចោទប្រកាន់លើ ៨៣ ករណី នៃការប៉ុនប៉ងមនុស្សឃាត និងបង្កគ្រោះថ្នាក់ដែលមិនប្រុងប្រយ័ត្ន។ អ្នកបើកយន្តហោះ Joseph Emerson បាននិយាយថា គាត់បានទទួលរងពីជំងឺធ្លាក់ទឹកចិត្តប្រហែលប្រាំមួយខែមុន ហើយនោះជាលើកដំបូងដែលគាត់បានប្រើផ្សិតវេទមន្ត។ ការបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី២៤ ខែតុលា Joseph ហាក់ដូចជាគាត់ហៀបនឹងយំ។

ខណៈ​ពេល​ដែល​បាន​ឮ​ដំណឹង​នៃ​ការ​ចាប់​ខ្លួន​របស់ Joseph អ្នកជិតខាង​របស់​បុរស​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ បើតាមពួកគេ អ្នកបើកយន្តហោះ Joseph ដែលមានប្រពន្ធ និងកូនប្រុសពីរនាក់ គឺជាមនុស្សរួសរាយរាក់ទាក់ ឪពុកចិត្តល្អ តែងតែលេងបាល់បោះជាមួយកូនប្រុសពីរនាក់នៅខាងក្រោយផ្ទះ គាត់តែងតែអញ្ជើញអ្នកជិតខាងមកផ្ទះដើម្បីជប់លៀង ហើយមិនដែលមានបញ្ហាអ្វីនោះឡើយ។

អ្នកជិតខាងម្នាក់បាននិយាយថា «Joseph គឺជាអ្នកជិតខាងដ៏អស្ចារ្យ គាត់គឺជាឪពុកដ៏ល្អម្នាក់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×