នេះជារឿងមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមប្រទេសថៃ កាលពីពេលកន្លងមក ខណៈដែលដល់ថ្ងៃរៀបមង្គលការ បែរជាសាច់ញាតិ គ្រួសារកូនកំលោះ និងកូនក្រមុំ ឈ្លោះប្រកែកគ្នា រហូតវ៉ៃតប់គ្នាឡើងរញ៉េរញ៉ៃផ្អើលពេញក្នុងពិធីតែម្តង ដោយសារតែរឿង «ថ្លៃបណ្ណាការ» ធ្វើឲ្យគ្រួសារខាងកូនក្រមុំមិនពេញចិត្ត។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលយល់ព្រមរៀបការ គ្រួសារខាងស្រីបានទាមទារថ្លៃបណ្ណាការចំនួន ១០ ម៉ឺនបាត ពីគ្រួសារខាងប្រុស ប៉ុន្តែ ខាងប្រុសបានតថ្លៃសុំត្រឹម ៩៩,៩៩៩ បាត និងមាស ២បាត ដោយអះអាងថា ជាលេខល្អ និងសំណាង។ ប៉ុន្តែ លុះដល់ថ្ងៃមង្គលមកដល់ បែរជាមិនដូចអ្វីដែលគ្រួសារខាងស្រី បានសុបិននោះទេ។
ក្នុងថ្ងៃរៀបមង្គលការ ដែលចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹក ក្រុមគ្រួសារខាងស្រីបានអញ្ជើញអ្នកភូមិ និងភ្ញៀវជិត ១០០ នាក់ ប៉ុន្តែដល់ម៉ោង៧ រង់ចាំរហូតដល់ម៉ោង៩ បែរជាកូនកំលោះមិនឃើញមក ក៏ព្យាយាមទូរស័ព្ទទៅ កូនកំលោះបានប្រាប់ថារវល់ចេញទៅក្រៅ និងបិទមិនលើកទូរស័ព្ទទេ រហូតភ្ញៀវក្នុងពិធី និងសាច់ញាតិនិយាយគ្នាថា តើកូនកំលោះពិតជាមកឬអត់! កូនកំលោះមករៀបការឬអត់!។
ទោះជាយ៉ាងណា រហូតដល់ម៉ោង ១១ ថ្ងៃ កូនកំលោះក៏បានដង្ហែរក្បួនមក ដោយមានឪពុក ជីដូន និងមិត្តភក្តិមិនដល់៥នាក់ ធ្វើដំណើរទៅចូលក្នុងពិធី។ ប៉ុន្តែបែរជាកូនកំលោះយកស្រោមសំបុត្រទទេ មកប្រាប់ថា ថ្លៃបណ្ណាការចាំម្តាយយកមកតាមក្រោយ។
លុះដល់ម៉ោងប្រហែល ១២ ថ្ងៃត្រង់ ម្តាយរបស់កូនកំលោះបានមកដល់ ប៉ុន្តែម្តាយរបស់កូនកំលោះប្រាប់ថា មិនដឹងថាកូនប្រុសរៀបការនៅថ្ងៃនេះទេ ហើយបើពិតជាត្រូវរៀបការមែន ថ្លៃបណ្ណាការមានត្រឹមតែ ១ ម៉ឺនបាតប៉ុណ្ណោះ។ បន្ទាប់ពីលឺម្តាយកូនកំលោះនិយាយបែបនេះ គ្រួសារខាងកូនក្រមុំ បានស្រងាកចិត្ត និងផ្ទុះកំហឹងយ៉ាងខ្លាំងដោយនិយាយថា «បើយកតែមួយម៉ឺនមក មិនយកទេ គឺចប់គ្នាត្រឹមទៅ!»។
ពេលនោះ ម្ដាយ និងឪពុកកូនកំលោះ មិនសប្បាយចិត្ត ក៏ស្រែកដាក់មនុស្សនៅក្នុងពិធី ហើយក៏ចាប់ផ្តើមកើតជម្លោះប្រកែកគ្នាខ្លាំងៗ រហូតឈានដល់មានការប្រើអំពើហិង្សាដាក់គ្នា ផ្អើលពេញក្នុងពិធីមង្គលការតែម្តង។
ក្រោយហេតុការណ៍កើតឡើង ម្តាយកូនក្រមុំ បាននិយាយថា ពួកគាត់ពិតជាមានការសោកស្ដាយណាស់ ដែលគ្រួសារកូនកំលោះធ្វើដាក់កូនស្រីរបស់គាត់បែបនេះ ហើយចង់ឱ្យកូនកំលោះចំណាយលើអ្វីៗដែលពួកគាត់បានធ្វើឡើង ព្រោះមង្គលការទាំងមូល ពួកគាត់បានចំណាយលើការរៀបចំទាំងអស់ ប្រហែល ៦៥,០០០ បាត។
ចំណែកកូនកំលោះវ័យ ៣០ ឆ្នាំ បានសារភាពដោយចំហថា ខ្លួនជាកូនកំលោះដែលលេចមុខក្នុងឃ្លីបពិតមែន។ ម្សិលមិញគាត់មានបំណងលើកជំនួនទៅសុំភាគីខាងស្រី ព្រោះមិនគ្រប់តាមចំនួននោះទេ គឺត្រឹមតែ ១០,០០០ បាត ប៉ុណ្ណោះ។ ប៉ុន្តែពេលទៅដល់ពិធី គាត់ត្រូវរង់ចាំលុយពីម្ដាយដែលខ្ចីលុយប្អូនស្រីនៅប្រទេសជប៉ុន។ កូនកំលោះរូបនេះ ក៏បាននិយាយត្រង់ថា ដំបូង គាត់មិនចង់ចូលទេ ព្រោះអត់មានលុយ។
កូនកំលោះដែលឈ្មោះ Pratu Thong បានបន្តថា នៅពេលដែលគាត់ត្រូវឆ្លងកាត់ច្រកទ្វារប្រាក់ គាត់គ្មានលុយទេ ដូច្នេះគាត់បានខ្ចីប្រាក់ចំនួន ១០០ បាត ពីមិត្តម្នាក់ ដាក់ក្នុងស្រោមសំបុត្រ តាមរយៈច្រកទ្វារប្រាក់។ ប៉ុន្តែ មិននឹកស្មានថា គាត់ត្រូវបានសាច់ញាតិរបស់កូនក្រមុំដេញចេញ ហើយមានអ្នកនិយាយថា “ល្មមហើយ អ្នកមិនចាំបាច់រៀបការទេ” និងត្រូវបានគេវាយបណ្តាលឲ្យរងរបួសផងដែរ។
គាត់បានអះអាងថា គាត់គ្មានចេតនាទុកស្រោមសំបុត្រចោលនោះទេ ហើយគាត់ពិតជាស្រឡាញ់កូនក្រមុំណាស់ គឺស្រឡាញ់នាងអស់ពីចិត្ត ហើយនៅតែចង់រៀបការជាមួយនាង បើទោះជាមានរឿងហេតុនេះកើតឡើងបែបនេះដក៏ដោយ ដោយគាត់នឹងទទួលខុសត្រូវលើការខូចខាតទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង