កាសែត Jakarta Post កាលពីថ្ងៃទី២៩ ខែតុលា បានដកស្រង់សម្តីមេដឹកនាំប៉ូលីសទីក្រុង Banyumas ដែលបញ្ជាក់ឲ្យដឹងថា «បន្ថែមពីលើបញ្ហាស្រទាប់កញ្ចក់ស្តើងបំផុត ត្រឹមតែ 1.2 សង់ទីម៉ែត្រ ក្រុមប្រឹក្សាភិបាលស្ពាននៅឯតំបន់ទេសចរណ៍ Geong បានធ្វើការរំលោភជាបន្តបន្ទាប់»។
លោក Agus Supriadi ប្រធានផ្នែកស៊ើបអង្កេតករណីនៅទីភ្នាក់ងារប៉ូលីសទីក្រុង Banyumas បាននិយាយថា “កម្មករដែលធ្វើតេស្ដនេះខ្វះជំនាញសំណង់។ ពួកគេពឹងផ្អែកតែលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងឧស្សាហកម្មនេះប៉ុណ្ណោះ”។
អ្នកស៊ើបអង្កេតក៏បានរកឃើញថា ស្ពាននេះមិនមានការថែទាំត្រឹមត្រូវ និងមិនមានការត្រួតពិនិត្យសុវត្ថិភាពទៀតផង។
គ្មានសំណាញ់សុវត្ថិភាពនៅជុំវិញស្ពាន គ្មានផ្លាកសញ្ញាព្រមានគ្រោះថ្នាក់ និងគ្មានការណែនាំសុវត្ថិភាព។ លើសពីនេះ បុគ្គលិកលក់សំបុត្រក៏ខ្វះចំណេះដឹង និងជំនាញក្នុងការធានាសុវត្ថិភាពភ្ញៀវទេសចរផងដែរ។
ជាលទ្ធផល កម្រាលកញ្ចក់នៃស្ពានកម្ពស់១០ម៉ែត្រ ស្រាប់តែបាក់ កាលពីថ្ងៃទី២៥ តុលា នៅពេលមានភ្ញៀវទេសចរ ៤ នាក់ កំពុងឈរថតរូប ដែលបណ្តាលឲ្យមនុស្សស្លាប់១នាក់ របួស១នាក់ និង២នាក់ទៀតជាប់នឹងគ្រោងស្ពាន។
ឧបទ្ទវហេតុនេះ ធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពជាខ្លាំងនៅតាមគោលដៅទេសចរណ៍ ក្នុងប្រទេសឥណ្ឌូនេស៊ី។ លោក Chusmeru អ្នកជំនាញទេសចរណ៍នៅសាកលវិទ្យាល័យ Jenderal Soedirman (ឥណ្ឌូនេស៊ី) បានស្នើថា “រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញនូវដំណើរការសាងសង់នៅគោលដៅទេសចរណ៍ស្រដៀងនឹង The Geong” ។
លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ផ្តល់អាទិភាពដល់សុវត្ថិភាពក្នុងគម្រោងទេសចរណ៍ និងវាយតម្លៃគម្រោងដូចជាស្ពានកញ្ចក់ ដែលអាចប៉ះពាល់ដល់សម្រស់ធម្មជាតិនៃទេសភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ទស្សនាវីដេអូ=> (Video)