ថ្មីៗនេះ វីដេអូបង្ហាញពីសកម្មភាពឈ្លូសមួយក្បាល មិនដឹងវង្វេងមកពីទីណាទេ បានហែលមកដល់ឆ្នេរកុកហាវ ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានមនុស្សមួយក្រុមសំពងទាល់តែងាប់ បានកំពុងតែអង្រួនបេះដូងមហាជនឱ្យកើតក្ដីអាណិតអាសូរជាពន់ និងផ្ទុះកំហឹងយ៉ាងខ្លាំង រហូតទទូចឱ្យសមត្ថកិច្ចស្រាវជ្រាវ ដើម្បីនាំខ្លួនបុរសម្នាក់នោះមកវាស់កម្ពស់កុំឲ្យរួចខ្លួន។
តាមរយៈវីដេអូ ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកឈ្មោះ «កោះកុង ស្រុកកំណើតខ្ញុំ» កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានបង្ហាញឲ្យឃើញ ខណៈពេលសត្វឈ្លូសដ៏កម្សត់នោះ កំពុងព្យាយាមហែលឆ្លងទឹកសមុទ្រ មកកាន់ត្រើយយ៉ាងត្រដាបត្រដួស នៅពេលនោះ ក៏ស្រាប់តែមានបុរសម្នាក់ បានស្ទុះរត់ចូលទៅរកវាយ ខណៈក្នុងដៃមានឈើជ្រុងដ៏ធំ។ លុះចូលទៅដល់ បុរសនោះក៏បានលើកឈើជ្រុង ដេញវាយយ៉ាងសន្ធាប់ ខណៈសត្វឈ្លូសនោះបានព្យាយាមហែលគេចដើម្បីជីវិតយ៉ាងត្រដាបត្រដួស ប៉ុន្តែ ទីបំផុត វាមិនអាចគេចផុតជីវិត ពីក្រញ៉ាំដៃបុរសរូបនោះឡើយ។
ក្រោយពីបានឃើញពីទង្វើដ៏សាហាវ គ្មានក្តីមេត្តានេះរួច មហាជនជាច្រើនបានផ្ទុះកំហឹងឡើងកញ្ជ្រោលតែម្តង។ ក្នុងនោះ មនុស្សជាច្រើនបានបញ្ចេញអារម្មណ៍ខឹងសម្បារបែបនេះថា៖ «គ្នាខំហែលមកពីទីឆ្ងាយដើម្បីរស់ តែពេលហែលមកដល់ ដូចហែលមកឱ្យអ្នកឯងសម្លាប់អ៊ីចឹង? ហេតុអ្វីក៏មានចិត្តសាហាវឃោរឃៅបែបនេះ? អ្នកឯងចង់រស់ តើគ្នាជាសត្វមិនចង់រស់ទេឬ? បាបកម្មណាស់ មើលទៅគេចមិនផុតពីនរក និងគុកទេ?»។
យ៉ាងណាមិញ ខណៈមហាជននៅលើបណ្តាញសង្គម កំពុងផ្ទុះកំហឹងយ៉ាងខ្លាំង ចំពោះទង្វើរបស់បុរសចិត្តសាហាវព្រៃផ្សៃរូបនេះ ស្រាប់តែនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ លោក ហាក់ ឡេង ដែលជាអភិបាលរងខេត្តកោះកុង បានចេញមុខមកបង្ហោះសារស្នើទៅដល់មហាជនយ៉ាងដូច្នេះថា៖ «សូមបងប្អូនជួយពិនិត្យរូបភាពនេះ បើស្គាល់ភិនភាគសូមជួយបង្ហាញ ក្នុងពេលសមត្ថកិច្ចលោកកំពុងស្រាវជ្រាវរកជនដែលសម្លាប់សត្វឈ្លូសដែលជាសត្វកម្រ និងអភិរក្ស។ ទីតាំងនេះនៅឆ្នេរកុកហាវ ស្រុកគីរីសាគរ ខេត្តកោះកុង។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង