ភ្នំពេញ ៖ សង្កាត់ចំនួន២នៅខណ្ឌដង្កោនឹងទទួលបាន ការស្ថាបនាផ្លូវ ឡើងវិញក្រោយជំនន់ទឹកភ្លៀងស្រុកចុះអស់ ។ ក្នុងនោះមានសហគមន៍អន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស ធ្វើផ្លូវ៣ខ្សែ រួមនឹងការដាក់លូ និងសង្កាត់សាក់ សំពៅនឹងស្ថាបនាផ្លូវឡើងវិញ ចំនួន២ខ្សែ ដែលទទួលរងខូចខាត ដោយសារទឹកហូរផ្តាច់ផ្លូវ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រុមការងារ នៅព្រឹកថ្ងៃទី២៦ កក្កដានេះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍អន្លង់គង ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ដើម្បីចង់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ចមួយដែរ នោះគឺចលនាប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនៅថ្ងៃទៅ២៩ កក្កដា ខាងមុខនេះ ។
ក្រោយបញ្ចប់ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមនអន្លង់គងហើយនោះ លោក ឃួង ស្រេង បានអញ្ជើញបន្តទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោបន្តទៀតផងដែរ។
ចំពោះការចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅសហគមនអន្លង់គង ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស លោក ឃួង ស្រេងបានសន្យាថា នឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ រួមនឹងការដាក់លូ ជូនប្រជាពលរដ្ឋ ខណៈដែលផ្លូវ៣ខ្សែនេះ កំពុងឈូសឆាយចាក់ថ្មហើយ។ លោក ឃួង ស្រេង បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងសហគមន៍នេះ សូមទៅបោះឆ្នោតទាំងអស់គ្នា ហើយក្រោយការបោះឆ្នោត បើទទួលបានលទ្ធផលល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវ៣ខ្សែនេះ ជាផ្លូវបេតុងជូនតែម្តង រួមនឹងការដាក់លូទំហំ៨តឹកឲ្យថែមទៀត។ ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីបានប្រាប់ទៅប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវយកថ្នាំអាប៊ែត មកបាចនៅក្នុងសហគមន៍ ដើម្បីសម្លាប់មូស ព្រោះថានៅក្នុងសហគមន៍ កំពុងពោរពេញទៅដោយថ្លុកទឹកកខ្វក់ ដែលបង្កឲ្យជាមូស ខាំឬទិច ប្រជាពលរដ្ឋបង្កឲ្យកើតជាជំងឺតម្កាត់ផ្សេងៗ។
លោកសៀង សុផាត អាយុ៥៨ឆ្នាំ លោកថាច សាឡន អាយុ៤៤ឆ្នាំនិង អ៊ុំ ស្រីឈ្មោះបាន កេង អាយុ៦៤ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅសហគមន៍អន្លង់គង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស មាននិយាយថា ពួកគាត់ពិតជារីករាយណាស់ ដែលបានលោកអភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ចុះមកសួរសុខទុក្ខ និងបានកសាងផ្លូវ លូ ឲ្យពួកគាត់ថែមទៀត ។
តំណាងរូបនោះ បានបញ្ជាក់ថា ពីមុនសហគមន៍របស់ពួកគាត់ រស់នៅ បានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងពិបាកក្នុងការរស់នៅ ។ តែពេលនេះមិនត្រឹមតែ អភិបាលរាជធានីភ្នំពេញ ធ្វើផ្លូវឲ្យប៉ុណ្ណោះទេ គឺនៅបានស្ថាបនាលូឲ្យបន្ថែមទៀត។
ប្រជាពលរដ្ឋ បានសន្យាថា ពួកគាត់នឹងទៅបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ២០១៨ ទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ហើយគណបក្សដែលពួកគាត់ ត្រូវតែទៅបោះឆ្នោតជូននោះ គឺគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឲ្យសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។ មានសម្តេចតេជោហ៊ុន សែន គឺមានការអភិវឌ្ឍ រីកចម្រើន ។ មន្ត្រីរដ្ឋបាលខណ្ឌដង្កោ បានបញ្ជាក់ថា សហគមន៍អន្លង់គង មានផ្ទៃដីជិត១០ហិកតា មានប្រជាពលរដ្ឋរស់នៅជិត៣០០គ្រួសារ និងអ្នកមានឈ្មោះ ទៅបោះឆ្នោតប្រមាណ៧០០នាក់។ ក្រោយបញ្ចប់ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅសហគមន៍អន្លង់គង លោក ឃួងស្រេង បានអញ្ជើញបន្តទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ ដោយទឹកជំនន់នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
នៅក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្ថាបនាផ្លូវចំនួន២ខ្សែឡើងវិញ ក្រោយពីផ្លូវទាំង២ខ្សែនេះ ទទួលរងខូចខាត ដោយសារទឹកហូរផ្តាច់កាលពីប៉ុន្មានថ្ងៃមុននេះ៕ ដោយ ៖ កូឡាប