ជឿថា ប្រិយមិត្តមហាជនអ្នកលេងបណ្តាញសង្គមមួយចំនួន ប្រាកដជាបានស្គាល់រួចហើយ ពីប្អូនស្រីបង្កើតរបស់តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម គឺកញ្ញា ខាត់ ណាចា ដែលក៏ចេះលេងឧបករណ៍ភ្លេងបុរាណ «ឃឹម» យ៉ាងស្ទាត់ជំនាញ ប៉ុន្តែ នាងចាប់យកអាជីពជាងសាឡន ខុសពីបងប្អូនដទៃ ខណៈរូបសម្រស់វិញគឺស្អាតមិនធម្មតានោះទេ។
ជាការពិតណាស់ កញ្ញា ខាត់ ណាចា ក៏បានធ្វើឲ្យមហាជនមានការងឿងឆ្ងល់ផងដែរ ទាក់ទងរឿងគូជីវិត ព្រោះថា គេមិនដែលឃើញស្រីស្អាតរូបនេះ ហាក់មិនគិតខ្វល់រឿងស្នេហាអ្វីសោះឡើយ ហើយក៏មិនដែលឃើញបង្ហាញថាមានគូស្នេហ៍ផងដែរ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺស្របពេលដែលតារាកំប្លែងជើងចាស់ នាយ ក្រឹម ត្រូវមហាជនផ្ទុះប្រតិកម្ម និងរិះគន់យ៉ាងចាស់ៗដៃ បន្ទាប់ពីលោកបានប្រើប្រាស់ពាក្យសម្តីហាក់មិនសមរម្យ បែបលក្ខណៈរើសអើង ទៅកាន់បេក្ខភាព Cambodia’s got talent ណុប ដាណេ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែកញ្ញា ខាត់ ណាចា បានបង្ហោះវីដេអូ និងភ្ជាប់សារគាំទ្របងស្រីរបស់ខ្លួនអ្នកនាង ខាត់ សុឃីម ដែលបានបញ្ចេញមតិលើកទឹកចិត្តចំពោះមនុស្សស្រលាញ់ភេទដូចគ្នា ជាពិសេសរូបនាងជាប្អូនស្រីយ៉ាងដូច្នេះថា «ស្រលាញ់ស្រីដូចគ្នាក៏ស្រលាញ់ទៅ សំខាន់ចេះរកស៊ី និងមិនបង្កបញ្ហាដល់សង្គម សម័យនេះហើយគេមិនប្រកាន់អ្វីនោះទេ…» ហើយបន្ទាប់មក ក៏បានផុសរូបភាពធ្វើឲ្យបុរសៗខកចិត្តជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពរូបនាងភ្ជាប់ពាក្យ ខណៈគូស្នេហ៍បែរជាមនុស្សស្រីដូចគ្នាធ្វើខ្លួនជាមនុស្សប្រុស ដោយបញ្ជាក់បែបនេះថា «រស់ជាខ្លួនយើងៗ នឹងមានក្ដីសុខ» ។
កាន់តែច្បាស់បន្ថែមទៀតនោះ គឺបន្ទាប់មក ខាត់ ណាចា ក៏បានបង្ហោះរូបថតពីទិដ្ឋភាពភ្ជាប់ពាក្យរបស់ខ្លួន ដោយមានគ្រួសារឪពុកម្តាយ សាច់ញាតិទាំងសងខាងដឹងឮ និងសរសេររៀបរាប់ពីអារម្មណ៍មួយនេះថា៖ «ឪពុកម្ដាយណាមិនស្រលាញ់កូន ខ្ញុំបានទទួលភាពកក់ក្ដៅទាំងសងខាង ម្ដាយឪពុកគឺជាទ្រព្យន័យជីវិតខ្ញុំ អរគុណម៉ែប៉ាម៉ាក់បងស្រីបងប្រុសរបស់ខ្ញុំ ដែលបានផ្ដល់ភាពកក់ក្ដៅមកឲ្យខ្ញុំជាប្អូន ហើយតែងតែផ្ដល់តម្លៃខ្ញុំជាងអ្វីៗទាំងអស់ គុណបុណ្យមួយនេះមិនមានអ្វីប្រៀបស្មើឡើយ thank_My_Family»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង