ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី៧ ខែវិច្ឆិកា ២០២៣ ៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរលើរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្តប់លើផ្ទៃដីពី១០% ទៅ ៣០%។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលើខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី១០% ទៅ ២០%។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០% ទៅ៣០%។
⁃ ចំណែកឯ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយខ្យល់បក់មកពីទិសខាងត្បូង និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី