យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃរៀបការ កូនកំលោះបានទៅទទួលកូនក្រមុំនៅផ្ទះរបស់នាង នៅក្នុងតំបន់ជនបទមួយ ស្ថិតក្នុងខេត្តក្វាងស៊ី ប្រទេសចិន។ ប៉ុន្តែ តាមប្រពៃណីក្នុងស្រុក ក៏មានទំនៀមទម្លាប់ «បិទទ្វារ» ចំពោះកូនកំលោះ ដែលមានន័យថា មុននឹងនាំយកកូនក្រមុំទៅផ្ទះខាងប្តី នោះកូនកំលោះត្រូវឆ្លងកាត់ឧបសគ្គមួយនេះ ដោយតម្រូវឲ្យ «លាងសម្អាតជើង» ឲ្យកូនក្រមុំជាមុនសិន ទើបអាចអនុញ្ញាតឲ្យយកចេញពីផ្ទះបាន។
បន្ទាប់ពីស្តាប់យ៉ាងយកចិត្តទុកដាក់ ពីសាច់ញាតិកូនក្រមុំថា លាងជើងឲ្យប្រពន្ធ គឺលាងអ្វីៗទាំងអស់ ដើម្បីនាំយកអ្វីដែលប្រសើរចូលមកក្នុងជីវិតរបស់ពួកគេ ហើយវាត្រូវបានគេចាត់ទុកជាប្រពៃណីសម្រាប់ក្រុមគ្រួសារផងដែររួចភ្លាម កូនកំលោះក៏បានយល់ព្រមធ្វើតាម ដោយមិនស្ទាក់ស្ទើរ។
ទោះជាយ៉ាងណា បន្ទាប់ពីលាងសម្អាតជើងកូនក្រមុំចប់ និងត្រៀមនាំកូនក្រមុំឡើងរថយន្ត ស្រាប់តែពូរបស់កូនក្រមុំបានមករេរាំង ដោយបាននិយាយថា កូនកំលោះ ត្រូវតែផឹក «ទឹកលាងជើងកូនក្រមុំ» បន្ថែមទៀត ទើបអាចបញ្ចប់ជំហានទាំងអស់ និងក៏ដូចអនុវត្តតាមដំបូន្មានរបស់អ្នកចាស់ទុំ។ ក្រោយពីបានឮសម្តីពូកូនក្រមុំនិយាយបែបនេះ នៅពេលនោះ កូនកំលោះបានស្រឡាំងកាំងយ៉ាងខ្លាំង រហូតដល់ថ្នាក់សួរត្រង់ៗទៅវិញថា «តើផឹកទឹកលាងជើង គឺដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់ស្មោះស្ម័គ្រមែនទេ?»។
នៅពេលនោះ កូនកំលោះបានងាកទៅរកម្តាយក្មេក ដោយសង្ឃឹមថា នឹង «ជួយ» ហើយមិនអនុញ្ញាតឱ្យបុរសជាពូ បង្កើតរឿងដ៏ជ្រុលហួសហេតុបែបនេះ សម្រាប់គាត់នោះទេ។ ទោះជាយ៉ាងណា ស្រាប់តែម្តាយកូនក្រមុំនិយាយយ៉ាងម៉ឺងម៉ាត់ថា កូនប្រសាត្រូវតែផឹកទឹកលាងជើងកូនក្រមុំ មិនអាចរំលងជំហានមួយនេះបានឡើយ។
ឮដូច្នេះ កូនកំលោះរឹតតែច្របូកច្របល់ ចំពោះអាកប្បកិរិយាម្តាយរបស់កូនក្រមុំ។ កូនកំលោះបានគិតក្នុងចិត្តថា បើស្ថានការណ៍មិនអាចផ្លាស់ប្តូរបាន គាត់ប្រហែលជាគ្រាន់តែបិទភ្នែកហើយផឹកវា។ ទោះជាយ៉ាងណា គាត់ពិតជាមិនអាចយកទឹកលាងជើងរបស់កូនក្រមុំ ដាក់ចូលក្នុងមាត់របស់គាត់បានទេ។
ទីបំផុត កូនកំលោះងាកមករកកូនក្រមុំវិញ ដោយសង្ឃឹមថា នាងនឹងអាចជួយនិយាយជំនួសគាត់ ដើម្បីឱ្យពួកគេទាំងពីរអាចរស់នៅជាមួយគ្នាចាប់ពីពេលនេះតទៅ ព្រោះអ្វីដែលសំខាន់បំផុតគឺស្នេហារបស់គាត់និងនាងប៉ុណ្ណោះ។ ប្រសិនបើកូនក្រមុំនិយាយថាមិនចាំបាច់ផឹកទេ នោះអ្នកផ្សេងទៀតប្រហែលជាមិនអាចនិយាយអ្វីបានទេ។ ប៉ុន្តែ អ្វីៗមិនដូចការរំពឹងទុក គឺថាកូនក្រមុំក៏មានគំនិតមិនខុសពីគ្រួសាររបស់នាងនោះដែរ ដោយគិតថា កូនកំលោះផឹក «ទឹកលាងជើង» ជាសញ្ញានៃសេចក្ដីស្រឡាញ់ចំពោះនាង។
កូនក្រមុំ បាននិយាយទៅកាន់កូនកំលោះថា «អ្នកតែងតែនិយាយថាអ្នកស្រឡាញ់ខ្ញុំ។ តែឥឡូវអ្នកមិនហ៊ានផឹកទឹកលាងជើងទេ វាគ្រាន់តែជាភេសជ្ជៈប៉ុណ្ណោះ តើអ្នកមិនស្រឡាញ់ខ្ញុំមែនទេ?»។
កូនក្រមុំក៏បានបញ្ជាក់ម្តងទៀតទៅដល់កូនកំលោះថា នេះជាទំនៀមទម្លាប់ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ក្នុងគ្រួសារ ហើយក៏គ្មាននរណាម្នាក់ត្រូវបានលើកលែងឡើយ។ នាងជឿថា បើនាងទុកឱ្យកូនកំលោះធ្វើបែបនេះ អ្នកដទៃនឹងមើលងាយនាង និងក្រុមគ្រួសាររបស់នាងមិនខានឡើយ។ នៅពេលនោះ កូនកំលោះស្ថិតក្នុងស្ថានភាពលំបាក ដោយគាត់អាចជ្រើសរើសបាន គឺបិទភ្នែកផឹកទឹកដើម្បីលាងជើងកូនក្រមុំ ឬត្រូវបណ្តោយឱ្យស្នេហាមួយនេះបញ្ចប់ត្រឹមហ្នឹង?។
ដោយសារតែកូនក្រមុំ និងក្រុមគ្រួសាររបស់នាង នៅតែប្រកាន់ខ្ជាប់មិនអាចលើកលែងបាន ទីបំផុត កូនកំលោះបានទទូចថា គាត់នឹងមិនផឹកទឹកដើម្បីលាងជើងឡើយ និងក៏សម្រេចមិនរៀបការដែរ។ ទោះជាយ៉ាងណា ជាចុងក្រោយ កូនកំលោះក៏បានសួរកូនក្រមុំថា តើនាងនឹងរៀបការជាមួយគាត់ដែរឬទេ? នៅពេលនោះ កូនក្រមុំបានឆ្លើយភ្លាមៗថា មិនយល់ព្រមឡើយ ហើយអ្នកទាំងពីរក៏បានចាកចេញពីគ្នាគ្មានងាកក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង