ប៉ុន្មានថ្ងៃមកនេះ រូបភាពមួយសន្លឹករបស់យុវតីជាបេក្ខភាពប្រលងបាក់ឌុបម្នាក់ ដែលត្រូវបានគេថតយកទៅបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញថាបានល្បីជាមួយការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន នោះក៏ព្រោះតែយុវតីរូបនោះ មានពណ៌សក់២ពណ៌ ដែលមើលទៅមិនសមរម្យជាសិស្សសោះឡើយ។
តែយ៉ាងណាមិញ ក្រោយពីបានឃើញមតិមហាជនជាច្រើន ហាក់មានការរើសអើ និងបន្តនាំគ្នារិះគន់កាន់តែខ្លាំងឡើង ដែលពិតជាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់នាងជាខ្លាំង ជាហេតុធ្វើឲ្យគ្រួសារសាច់ញាតិរបស់នាង បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្ដបន្ទាប់ ដើម្បីបកស្រាយបញ្ជាក់ឲ្យដឹងថា តាមពិតទៅ យុវតីរូបនេះពុំបានលាបពណ៌អ្វីឡើយ តែនេះគឺជាសក់ស្កូវ ឬហៅថា «សក់ភឿក» ពីកំណើតរបស់នាងប៉ុណ្ណោះ។
ទោះជាយ៉ាងណា ដើម្បីបន្ថែមពីលើការបកស្រាយរបស់បងប្អូនសាច់ញាតិ យុវតីជាសម៉ីខ្លួនដែលរងការរើសអើង ក៏បានចេញមុខធ្វើការបកស្រាយដោយផ្ទាល់ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Pich Nearadey ដោយនាងបានរៀបរាប់ឲ្យដឹងថា៖ «ជាដំបូង ខ្ញុំគិតថារង់ចាំប្រលងបាក់ឌុបចប់សិន ចាំចេញការបកស្រាយ តែឥឡូវ សុំបកស្រាយឲ្យហើយតែម្តង។ សូមអរគុណដល់មនុស្សគ្រប់គ្នា ដែលបានបកស្រាយពីពណ៌សក់ធម្មជាតិពីកំណើតរបស់ខ្ញុំ។ ខ្ញុំអរគុណខ្លាំងណាស់ចំពោះការលើកទឹកចិត្ត ជាពិសេសខ្ញុំសុំអរគុណដល់អ្នកម្តាយ បងប្រុស និងបងថ្លៃខ្ញុំដែលគាត់បានការពារខ្ញុំយ៉ាងឆាប់រហ័សភ្លាមៗ នៅពេលដែលខ្ញុំទទួលបានការស្អប់ និងប្រមាថរាប់ពាន់ខមិនក្នុងរយៈពេលដ៏ខ្លី។ ពីដំបូងខ្ញុំមានការភ័យខ្លាច តក់ស្លុតណាស់ ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំបានព្យាយាមលាបពណ៌សក់ខ្មៅជាច្រើនដងហើយ ប៉ុន្តែដោយសារតែធម្មជាតិពីកំណើតទើបធ្វើឲ្យសក់ខ្ញុំមិនកាន់ពណ៌ទេ ដូច្នេះទើបខ្ញុំសម្រេចចិត្តថាបណ្តោយតាមធម្មជាតិដែលខ្ញុំបានកើតមកហើយ»។
យុវតីរូបនេះបានបន្ដថា៖ «ចំពោះអ្នកដែលរិះគន់លើសម្រស់របស់ខ្ញុំ ខ្ញុំចង់ប្រាប់ថាខ្ញុំអាចទទួលយកបាន ពីព្រោះខ្ញុំទទួលវាឡើងស៊ាំទៅហើយ ខ្ញុំមិនសូវមានការភ្ញាក់ផ្អើលទេ ពីព្រោះការរើសអើងរូបសម្បត្តិនៃសង្គមយើងគឺមានបែបនេះតាំងពីដើមម៉្លេះ។ ឧទាហរណ៍បើសិនជាស្បែកខ្ញុំភឿកមួយតួខ្លួនតែម្តង ប្រហែលជាគ្មានអ្នកស្អប់ទេ។ កាលពីមុនខ្ញុំព្យាយាមប្រើផលិតផលច្រើនណាស់ ដើម្បីកែសម្រស់របស់ខ្ញុំ ប៉ុន្តែលទ្ធផលគឺវាធ្វើឲ្យសុខភាពខ្ញុំកាន់តែខ្សោយទៅៗ។ ដូច្នេះទើបខ្ញុំសម្រេចចិត្តថាឈប់កែប្រែអ្វីទៀត រួចរៀនទទួលយកអ្វីពីធម្មជាតិរបស់ខ្ញុំ។ អរគុណបងប្រុសខ្ញុំដែលតែងតែលើកទឹកចិត្តខ្ញុំឲ្យរៀនទទួលស្គាល់ខ្លួនខ្ញុំជាខ្ញុំ។ ជិតចូលឆ្នាំ ២០២៤ ហើយ បើយើងមិនស្រលាញ់យើងតើឲ្យអ្នកណាស្រលាញ់យើងជាងយើងស្រលាញ់ខ្លួនឯង? ខ្ញុំគោរពស្រលាញ់អ្នកទាំងអស់គ្នា ដែលយល់ពីរឿងដែលខ្ញុំកំពុងតែឆ្លងកាត់នេះ។ សូមរៀនស្រលាញ់ខ្លួនឯងជាខ្លួនឯងឲ្យបានច្រើន អរគុណច្រើន»។
យ៉ាងណាមិញ ក្រោយពីបានយល់ជ្រាប ចំពោះការបកស្រាយរបស់នាងរួច មហាជនជាច្រើនបានសម្តែងក្តីអាណិតដល់រូបនាងជាខ្លាំង និងក៏បានលើកទឹកចិត្តដល់រូបនាង «កុំខ្វល់ពីអ្នកដទៃ សំខាន់ខ្លួនយើងធ្វើអោយល្អទៅបានហើយ» និងព្រមទាំងជូនពរឲ្យនាងប្រលងជាប់បាក់ឌុបផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង