ក្រុមហ៊ុនមួយនៅក្នុងទីក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន បានបង្កើតគំនិត «តែមួយគត់» ដើម្បីដោះស្រាយការខ្វះខាតបុគ្គលិក ប៉ុន្តែវាមានហានិភ័យសុវត្ថិភាពបំផុត នោះគេកំពុងប្រើតុក្កតាធ្វើជាសន្តិសុខ យាមវេនយប់ក្នុងបន្ទប់ត្រួតពិនិត្យសន្តិសុខ។
មជ្ឈមណ្ឌលត្រួតពិនិត្យបណ្តាញបង្ការអគ្គីភ័យ Nantong បានពិនិត្យ និងរកឃើញថា នៅក្នុងបន្ទប់ឃ្លាំមើលរបស់ក្រុមហ៊ុននេះដែលបំពាក់កាមេរ៉ា មាន «សន្តិសុខស្រី» ដែលកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយអង្គុយត្រង់លើកៅអី សម្លឹងត្រង់ទៅមុខគ្មានកម្រើកនោះទេ។ នាងអង្គុយបែរខ្នងដាក់កាមេរ៉ា ដែលដោយមិនដឹងថាតើនាងកំពុងដេក? ប៉ុន្តែមើលទៅដូចជាកំពុងងងុយដេកខ្លាំង ក្នុងអំឡុងវេនយប់នោះ!។
រូបភាពដ៏មិនធម្មតានេះ បានទាក់ទាញចំណាប់អារម្មណ៍របស់បុគ្គលិកត្រួតពិនិត្យ ហើយនៅទីបំផុត ពួកគេបានរកឃើញថា សន្តិសុខស្រីម្នាក់នេះគ្រាន់តែជាមនុស្សទីងមោង ឬជាតុក្កតាបំប៉ោងប៉ុណ្ណោះ។
តុក្កតានេះ កាត់សក់ខ្លី ពាក់មួក និងស្លៀកពាក់ខោអាវឯកសណ្ឋានជាសន្តិសុខ។ ក្រឡេកមើលពីចម្ងាយ គ្មាននរណាគិតថា នេះជា «សន្តិសុខ» ក្លែងក្លាយនោះទេ។
បុគ្គលិកឃ្លាំមើលបានពិនិត្យមើលកាមេរ៉ា ហើយបានរកឃើញថា មុនពេលចូលដេក សន្តិសុខយាមទ្វារវ័យចំណាស់ម្នាក់ បានដាក់តុក្កតាសន្តិសុខស្រីនេះនៅលើកៅអី ហើយរៀបចំទីតាំងដើម្បីឱ្យ “នាង” អង្គុយយ៉ាងស្អាត និងថតរូប។ បើតាមឆែកមើលកាមេរ៉ាវិញ នោះគេអាចឃើញថាអាកប្បកិរិយានេះស្ទើរតែជាទម្លាប់ដែលធ្វើជារៀងរាល់ថ្ងៃ ហើយត្រូវបានរៀបចំទុកជាមុន។
ក្រោយករណីនេះ ត្រូវបានលាតត្រដាង អ្នកទទួលបន្ទុកអាជីវកម្មនេះ បានសារភាពថា ពិតជាមិនមាននរណាម្នាក់នៅក្នុងបន្ទប់បំពេញភារកិច្ចនោះទេ ប៉ុន្តែគាត់បញ្ជាក់ថា តែងតែមានអ្នកបំពេញភារកិច្ចនៅក្បែរនោះ។
អ្នកទទួលខុសត្រូវក្រុមហ៊ុន បានសារភាពថា ពិតជាមិនមាននរណាម្នាក់នៅក្នុងបន្ទប់កាតព្វកិច្ចនោះទេ ប៉ុន្តែសន្តិសុខយាមទ្វារនោះ គ្រាន់តែចង់ដាំទឹកក្តៅ ទើបគាត់ប្រើវិធីនេះ។ ហើយគាត់នឹងចេញមកលើកទូរស័ព្ទនៅពេលណាទូរស័ព្ទរោទ៍។
តាមរយៈការចុះត្រួតពិនិត្យ មន្រ្តីបានរកឃើញថា បុរសវ័យចំណាស់ដែលធ្វើការជាសន្តិសុខវេនយប់ មិនមានអាជ្ញាប័ណ្ណវិជ្ជាជីវៈ មានន័យថា ក្រុមហ៊ុនបានជួលគាត់ជាសន្តិសុខដោយគ្មានកិច្ចសន្យាការងារ។
អ្នកទទួលបន្ទុកអាជីវកម្មបាននិយាយថា៖ «យើងក៏ដឹងដែរថា ការិយាល័យកាតព្វកិច្ចតម្រូវឱ្យបុគ្គលិកមានវត្តមាន ២៤ ម៉ោង ក្នុង១ថ្ងៃ ប៉ុន្តែដោយសារខ្វះបុគ្គលិក ពួកយើងជ្រើសរើសដំណោះស្រាយនេះ ប៉ុន្តែនឹកស្មានមិនដល់ ត្រូវបាននាយកដ្ឋានពន្លត់អគ្គីភ័យក្រុងចុះត្រួតពិនិត្យ។
អ្នកគ្រប់គ្រងបាននិយាយថា «ក្រុមហ៊ុននេះប្រាកដជាត្រូវបង់ការផាកពិន័យមួយចំនួន ដោយសារតែការធ្វេសប្រហែសរបស់ខ្លួនក្នុងការងារសន្តិសុខ និងអធិការកិច្ចអគ្គីភ័យ»។
នាយកដ្ឋានពន្លត់អគ្គីភ័យ Nantong បានវិភាគថា បច្ចុប្បន្នមានគ្រោះអគ្គិភ័យទាំងតូច និងធំជាច្រើនបានកើតឡើង។ សម្រាប់អាជីវកម្មវិញពេលមានអគ្គីភ័យកើតឡើងការខូចខាតនឹងអាចស្មានមិនដល់។ អាជីវកម្មបង្កើតបន្ទប់ត្រួតពិនិត្យសន្តិសុខ និងបង្ការអគ្គីភ័យ មិនមែនដើម្បីដោះស្រាយជាមួយរដ្ឋាភិបាលទេ ប៉ុន្តែដើម្បីការពារសុវត្ថិភាពនៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ ការប្រើអត់ចេះសោះ ជំនួសមនុស្សពិត ដែលកំពុងបំពេញកាតព្វកិច្ច គឺបោកបញ្ឆោតភ្នាក់ងារត្រួតពិនិត្យ ហើយក៏បោកប្រាស់ខ្លួនឯងផងដែរ។ នៅពេលដែលមានអគ្គីភ័យកើតឡើង ការខូចខាតកាន់តែធ្ងន់ធ្ងរជាងអ្វីដែលអាជីវកម្មកំពុងធ្វើនោះគឺ «ការប្រើតុក្កតាដើម្បីជំនួសបុគ្គលិកដោយសន្សំសំចៃលើថ្លៃពលកម្ម»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង