រដ្ឋធានីប៊េរូត៖ ការវាយប្រហារសងសឹកគ្នាទៅវិញទៅមក រវាងក្រុមប្រដាប់អាវុធហេសបូលឡាហ៍ និង អ៊ីស្រាអែល កំពុងតែធ្វើឲ្យឡើងកម្ដៅយ៉ាងខ្លាំង នៅតាមតំបន់ព្រំដែន រវាងប្រទេសលីបង់ និង អ៊ីស្រាអែល ហើយសកម្មភាពអរិភាពបែបនេះ បាននាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសង្គ្រាមអាចនឹងរីករាលដាលធំឡើងបន្ថែមទៀត ក្រោយពេលរដ្ឋមន្រ្ដីការពារជាតិអ៊ីស្រាអែល បានព្រមាន អំពីជោគវាសនារបស់ទីក្រុងប៊េរូត នឹងដូចតំបន់ហ្កាហ្សា។
គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា អរិភាព អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ នៅតាមព្រំដែន រវាងអ៊ីស្រាអែល និង លីបង់ កំពុងតែឡើងកម្ដៅ ដោយសារតែការកើនឡើងគ្រោះថ្នាក់ ដល់ភាគីទាំងសងខាង។ រីឯង្គ្រាមពាក្យសម្ដី ក៏កំពុងតែធ្វើឲ្យមានការព្រួយបារម្ភក្លាំងឡើងបន្ថែមទៀត ជុំវិញការពង្រីកជម្លោះ រវាងអ៊ីស្រាអែល និង ក្រុមប្រដាប់អាវុធហេសបូលឡាហ៍ (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់។
បើតាមអង្គការឆ្លើយតបដំបូង មានទំនាក់ទំនងជាមួយក្រុមចលនាអាម៉ាល់ (Amal) ជាសម្ពន្ធមិត្តរបស់ហេសបូលឡាហ៍ បានអះអាង ថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសលីបង់ កាលពីថ្ងៃចន្ទ (ទី១៣ ខែវិច្ឆិកា) បានសម្លាប់មនុស្ស ចំនួន២នាក់។
ដោយឡែក ក្រុមហ៊ុនសាជីវកម្មអគ្គិសនីអ៊ីស្រាអែល បានអះអាង ថា ការវាយប្រហារ ដោយមីស៊ីលរបស់កងជីវពលហេសបូលឡាហ៍ កាលពីថ្ងៃអាទិត្យ (ទី១២ ខែវិច្ឆិកា) មកលើតំបន់ព្រំដែនរបស់អ៊ីស្រាអែល បានបណ្ដាលឲ្យកម្មករជាច្រើននាក់រងរបួស ហើយមនុស្សម្នាក់បានស្លាប់ កាលថ្ងៃចន្ទ ដោយសារតែរបួសធ្ងន់ពេក។
កងជីវពលហេសបូលឡាហ៍ បានវាយប្រហារសងសឹកគ្នាទៅវិញទៅមក ជាមួយនឹងកងទ័ពអ៊ីស្រាអែល ចាប់តាំងពីសម្ពន្ធមិត្ដហាម៉ាស់ប៉ាឡេស្ទីនរបស់ពួកគេ បានវាយប្រហារយ៉ាងរង្គាល ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០០នាក់។
បច្ចុប្បន្ន ស្ថានការណ៍កំពុងតែប្រែប្រួលគួរឲ្យកត់សម្គាល់ ជុំវិញអំពើហិង្សា បានបណ្ដាលឲ្យមនុស្សស្លាប់ នៅតាមព្រំដែន ចាប់តាំងពីអ៊ីស្រាអែល និង ហេសបូលឡាហ៍ បានវាយប្រយុទ្ធគ្នា អស់រយៈពេល១ខែ នៅក្នុងអំឡុងឆ្នាំ២០០៦នោះមក។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុមសកម្មប្រយុទ្ធហេសបូលឡាហ៍ ជាង៧០នាក់ និង ជនស៊ីវិល ចំនួន១០នាក់ នៅក្នុងប្រទេសលីបង់ ត្រូវបានសម្លាប់ ខណៈនៅលើទឹករបស់អ៊ីស្រាអែល មានមនុស្សចំនួន១០នាក់ ត្រូវបានសម្លាប់ ហើយក្នុងនោះ មានទាហានចំនួន៧នាក់ផងដែរ។ បច្ចុប្បន្ន មនុស្សរាប់ពាន់នាក់ នៅតាមតំបន់ព្រំដែន រវាងប្រទេសលីបង់ និង អ៊ីស្រាអែល បានភៀសខ្លួន ដោយសារតែការបាញ់គ្រាប់ភ្លើង រវាងភាគីទាំង២។
បើទោះជាយ៉ាងណា អ៊ីស្រាអែល បានអះអាង ថា អ៊ីស្រាអែល មិនចង់ធ្វើសង្រ្គាម នៅតាមតំបន់ភាគខាងជើងរបស់ប្រទេសខ្លួននោះឡើយ ខណៈអ៊ីស្រាអែល កំពុងតែស្វែងរកការកម្ទេចក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សាស្ទ្រីប ថ្វីបើប្រភពបានដឹង អំពីការគិតរបស់ហេសបូលឡាហ៍ បានអះអាង ថា ការវាយប្រហាររបស់ពួកគេ បានរៀបចំឡើង សម្រាប់រក្សាកងកម្លាំងមួយចំនួនរបស់អ៊ីស្រាអែល ឲ្យជាប់ដៃនឹងសង្គ្រាមនេះ ដើម្បីកាត់បន្ថយកម្លាំងវាយប្រហារទៅលើក្រុមហាម៉ាស់។
ដោយឡែក សហរដ្ឋអាមេរិក បានអះអាង ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនចង់ឲ្យជម្លោះនេះ រីករាលដាល នៅពាសពេញតំបន់នេះឡើយ។ សហរដ្ឋអាមេរិក បានបញ្ជូនកងនាវាផ្ទុកយន្តហោះ ចំនួន២គ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីរារាំងដល់អ៊ីរ៉ង់ មិនឲ្យចូលរួមពាក់ព័ន្ធនឹងជម្លោះ រវាងអ៊ីស្រាអែល និង ហាម៉ាស់។ ប៉ុន្តែសកម្មភាពទាំងនេះ នៅតែមិនអាចបញ្ចប់នូវការបង្កើនសង្គ្រាមវោហារសាស្ត្រ ពីក្រុមហេសបូលឡាហ៍ និង អ៊ីស្រាអែល បាននោះឡើយ។
លោក យ៉ូវ ហ្កាលឡង់ត៍ (Yoav Gallant) រដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ីស្រាអែល បានព្រមានដល់ក្រុមប្រដាប់អាវុធហេសបូលឡាហ៍ ថា ការធ្វើសង្គ្រាម នឹងនាំមកនូវគ្រោះមហន្ដរាយដ៏ធំធេង សម្រាប់ប្រទេសលីបង់ ដូចគ្នាទៅនឹងតំបន់ហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែល កំពុងតែប្រយុទ្ធ ជាមួយនឹងកងជីវពលហាម៉ាស់។
លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ីស្រាអែល ប្រាប់ដល់ទាហានរបស់ខ្លួន នៅភាគខាងជើងតំបន់ព្រំដែនរបស់អ៊ីស្រាអែល ថា« ប្រសិនបើហេសបូលឡាហស៍ ធ្វើឲ្យមានកំហុសខុសឆ្គង វាយប្រហារមកលើអ៊ីស្រាអែល គឺពួកគេនឹងត្រូវខាតបង់ដ៏ធ្ងន់ធ្ងរ ជាលើកដំបូង ហើយសកម្មភាពរបស់ពួកគេ នឹងនាំឲ្យមានគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនលីបង់ ព្រោះអ្វីដែលយើងកំពុងតែធ្វើ នៅតំបន់ហ្កាហ្សា យើងក៏អាចធ្វើ នៅក្នុងរដ្ឋធានីប៊េរូត (Beirut) ប្រទេសលីបង់ ផងដែរ»៕ រក្សាសិទ្ធដោយ ៖ សារាយSN