នេះជាករណីបោកបន្លំ QR code ថ្មីដ៏មិននឹកស្មានដល់ ដែលប្រសិនបើយើងមិនចាប់អារម្មណ៍ និងពិនិត្យឲ្យបានម៉ត់ចត់ទេ នោះច្បាស់ជានឹងត្រូវបាញ់លុយឲ្យគេ (អ្នកផ្សេង) ដោយមិនដឹងខ្លួន ព្រោះថា ជនបន្លំដ៏ជំនាញខាងផ្នែក IT បានធ្វើការបង្កើត (generate) QR code ទម្រង់ QR ABA ប៉ុន្តែ នៅពេលបាញ់យើងបាញ់លុយចេញ គឺមិនចូលទៅក្នុងកុង ABA ទេ តែចូលកុងធនាគារផ្សេង ដែលធ្វើឲ្យជនបោកប្រាស់អាចធ្វើស៊ីបាន។
ទាក់ទងនឹងករណីនេះ បុរសម្នាក់ដែលបានជួបផ្ទាល់ បានចែករំលែកឲ្យបងប្អូនប្រើប្រាស់ QR code មានការប្រុងប្រយ័ត្នឲ្យមែនទែន ដោយគាត់បានយករូប «QR បន្លំ» និង «QR ពិតប្រាកដ» មកបង្ហាញឲ្យឃើញច្បាស់ៗ ដោយ QR code ABA ទាំងពីរ គឺមានឈ្មោះ «SELA CHEN» ដូចឈ្មោះកុងធនាគាររបស់គាត់ដែរ ដែលមើលនឹងភ្នែកគឺពុំដឹងនោះទេ ប៉ុន្តែ នៅពេលធ្វើការតេស្ត Scan ទើបដឹងថា QR code ABA ដូចគ្នាមួយនោះ គឺមិនមែនជាកុងធនាគារ ABA ទេ តែជាឈ្មោះធនគារផ្សេងទៅវិញ។
ជាក់ស្តែង នៅពេលធ្វើការ Scan ដើម្បីចង់ដឹងការពិត ជាលទ្ធផលបានបង្ហាញគួរឲ្យភ្ញាក់ផ្អើលថា QR code ABA ឈ្មោះ SELA CHEN មួយទៀត ស្រាប់តែចេញឈ្មោះធនាគារ «Cool Cash Plc» ស្អីគេមួយនេះទៅវិញ មិនមែនជា ABA នោះទេ។
ហេតុនេះ បងប្អូនជាអ្នកប្រើប្រាស់សេវាធនាគារតាមរយៈ QR code សូមមានការប្រុងប្រយ័ត្ន ជាពិសេសពិនិត្យឈ្មោះធនាគារឲ្យបានច្បាស់ មុននឹងសម្រេចចិត្តធ្វើការបាញ់លុយឲ្យគេ ពុំនោះទេអាចនឹងត្រូវបានគេបោកបន្លំខាតបង់ប្រាក់ពុំខាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង