Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាពិឃាដសហរដ្ឋអាមេរិក វិះនឹងជួប អាសន្នធំ ពីដ្រូនបំពាក់អាវុធរបស់ហ៊ូធីយេមែន

រដ្ឋធានីវ៉ាស៊ីនតោន៖ សង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា កំពុងតែធ្វើឲ្យក្រុមប្រដាប់អាវុធមូស្លីម នៅក្នុងតំបន់មជ្ឈិមបូព៌ា បង្កើនការវាយប្រហារលើកងទ័ពសហរដ្ឋអាមេរិក ទាំងនៅលើទឹកដីរបស់អ៊ីរ៉ាក់ និង ស៊ីរី ព្រោះតែពួកគេខឹងសម្បានឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជួយគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែ វាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស់ ប៉ុន្ដែឥឡូវ ក្រុមហ៊ូធី នៅក្នុងប្រទេសយេមែន បានបង្ហោះដ្រូនបំពាក់អាវុធ ហោះតម្រង់ទៅរកនាវាពិឃាដរបស់អាមេរិក។

សារព័ត៌មាន Al Arabiya New បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា មន្ទីរបញ្ចកោណ បានអះអាង ពីកងទ័ពសហរដ្ឋអាមេរិក បានបាញ់ទម្លាក់ដ្រូន ហោះចេញពីប្រទេសយេមែន កាលពីថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) ខណៈវាបានហោះតម្រង់មកជិតនាវាពិឃាដរបស់សហរដ្ឋអាមេរិក។

មន្រ្ដីមួយរូប នៃមន្ទីរបញ្ចកោណ បានបញ្ជាក់ ថា ដ្រូនមួយគ្រឿង បានហោះចេញពីប្រទេសយេមែន បានតម្រង់ទិសដៅ មករកនាវាពិឃាដរបស់សហរដ្ឋអាមេរិក USS Thomas Hudner (DDG 116) ទើបឈានដល់ការបាញ់ទម្លាក់ដ្រូន។ ប៉ុន្ដែឧបទ្ទវហេតុនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ នោះឡើយ។

កងទ័ពសហរដ្ឋអាមេរិក កាលពីខែតុលា បានបាញ់កម្ទេចមីស៊ីលជាច្រើនគ្រាប់ និង ដ្រូនជាច្រើនគ្រឿង ត្រូវបានគេជឿ ថា បានបាញ់ប្រហារ ដោយក្រុមប្រដាប់អាវុធហ៊ូធី នៅក្នុងប្រទេសយេមែន។ ការវាយប្រហារទាំងនោះ បានតម្រង់ទិសដៅ ទៅកាន់តំបន់ភាគខាងជើង និង កំណត់គោលដៅវាយប្រហារ ទៅលើប្រទេសអ៊ីស្រាអែល។

មន្រ្ដីបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា នាវាពិឃាដ USS Carney ស្ថិតក្នុងតំបន់ភាគខាងជើង នៃសមុទ្រក្រហម នៅពេលនោះ បានសម្រេចចិត្តបាញ់ទប់ស្កាត់នូវការវាយប្រហាររបស់ពួកហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន។

ដោយឡែក កងទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងតែរងការវាយប្រហារជាច្រើនលើកច្រើនសា ពីក្រុមជីវពល គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី។ បើតាមមន្ទីរបញ្ចកោណ បានអះអាង ថា មានការវាយប្រហារ ចំនួ៥៥លើក មកលើកងទ័ពសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី១៧ ខែតុលា រហូតមក ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី ដោយបានបណ្ដាលឲ្យទាហានអាមេរិក យ៉ាងតិច ៥៩នាក់រងរបួសផងដែរ។

កងជីវពលជាច្រើន គាំទ្រដោយអ៊ីរ៉ង់ បានបង្កើននូវការវាយប្រហារ ទៅលើកងទ័ពសហរដ្ឋអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់ និង ស៊ីរី ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែល បានផ្ទុះឡើង នៅតំបន់ហ្កាហ្សា ក្រោយក្រុមហាម៉ាស់ បានឆ្មក់វាយប្រហារទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងទី៧ខែតុលា ដោយបានសម្លាប់មនុស្ស ១ ៤០០នាក់។ ក្រុមជីវពលទាំងនោះ បានខឹងសម្បាយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជួយគាំទ្រយ៉ាងពេញទំហឹង ដល់សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ទើបពួកគេវាយប្រហារ ឆ្លើយតបទៅលើកងទ័ពសហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×