ថ្មីៗនេះ រឿងរ៉ាវជម្លោះអ្នកជិតខាងមួយ បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ពិតជាមានការហួសចិត្តយ៉ាងខ្លាំង នោះគឺវិវាទរវាងអ្នកជិតខាងជាប្រជាពលរដ្ឋ និងអ្នកជិតខាងធ្វើការជាមន្រ្តីសាលាស្រុក ដែលបានផ្ទុះឡើងដោយសារតែរឿង «ដើមស្នាយ» មួយដើម ដែលបង្កឲ្យប៉ះពាល់ផ្លូវចេញចូល ប៉ុន្តែ ត្រូវបានម្ចាស់ផ្ទះជាមន្រ្តីសាលាស្រុករូបនោះពុំឲ្យកាប់រះចេញនោះទេ ពោលគឺមិនឲ្យប៉ះពាល់តែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិព្រៃថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមអ្នកជិតខាងដែលរងការប៉ះពាល់ បានឲ្យដឹងថា គ្រួសាររបស់គាត់ពិតជាមានការលំបាកក្នុងការចេញចូលផ្ទះជាខ្លាំង ជាពិសេសគឺពេលដឹកស្រូវតែម្តង ដោយសារតែ «ដើមស្នាយ» នៅក្នុងរបងផ្ទះស្រ្តីជាមន្រ្តីសាលាស្រុកនោះ ដុះមែកគ្របលើផ្លូវ ដែលសូម្បីតែមនុស្សក៏ដើរទើសដែរ (ដូចដែលបានឃើញក្នុងរូបភាពជាក់ស្តែង)។
ស្រ្តីអ្នកជិតខាងដែលគ្រូបង្រៀនមានសំដីសំដៅដ៏មានសុជីវធម៌ និងយល់នូវអ្វីដែលជាច្បាប់រស់នៅក្នុងសង្គម បានឲ្យដឹងទៀតថា តាមពិតទៅ រឿងដើមស្នាយបង្កឲ្យប៉ះពាល់ផ្លូវសាធារណៈ (ដែលត្រូវតែកាប់ចេញ) នេះ គឺខាងសាលាស្រុកធ្លាប់ចុះមកកាប់ម្តងរួចមកហើយ ប៉ុន្តែ វាបានលូតលាស់មែកឡើងវិញ បណ្តាលឲ្យគ្របលើផ្លូវបែបនេះទៀត។ ទោះជាយ៉ាងណា នៅពេលពួកគាត់ដែលមានផ្ទះ២គ្រួសារចេញចូល ស្នើឲ្យកាប់មែកចេញ ប៉ុន្តែ បែរជាស្រ្តីម្ចាស់ផ្ទះដែលជាមន្រ្តីសាលាស្រុករូបនោះ ពុំឲ្យប៉ះពាល់ឡើយ និងក៏បាននិយាយថា ផ្លូវនេះជាកម្មសិទ្ធិដីរបស់ខ្លួនទៀតផង។
ស្រ្តីអ្នកជិតខាងក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ទាក់ទងរឿងផ្លូវចេញចូលនេះ និងក៏ដូចព្រំដីផ្ទះ គឺខាងសាលាស្រុក និងខាងមន្រ្តីសុរិយោដីខេត្ត បានចុះមកវាស់វែងធ្វើប្លង់រួចហើយ និងក៏បានសម្រេចកំណត់ជាផ្លូវសាធារណៈប្រើប្រាស់រួមទាំងអស់គ្នាផងដែរ ដោយមិនមែនជាកម្មសិទ្ធិរបស់បុគ្គលរូបណាឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង