ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រហែលនៅចាំបានហើយ រឿងរ៉ាវបានចាប់ផ្តើមផ្ទុះល្បី គឺបន្ទាប់ពីបុរសចំណាស់ម្នាក់ បានបញ្ចេញរូបភាពឱនក្បាល ឲ្យព្រះអង្គ ចន្ទ មុនី ជាន់ ព្រោះតែចាត់ទុកថាជាអ្នកមានបុណ្យបារមីខ្លាំង ឬហៅថា លោកឪសួងទី២ ដែលធ្វើឲ្យមហាជនឃើញហើយភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង។
តែយ៉ាងណាមិញ ខណៈព្រះអង្គ ចន្ទ មុនី កំពុងល្បីខ្លាំង ស្របពេលដែលមនុស្សម្នាដ៏ជំនឿមុតមាំ ក៏បានសម្រុកទៅប្រមូលផ្តុំគ្នាដើម្បីជួបជាបន្តបន្ទាប់ ក្នុងជំនឿថានឹងទទួលបានសេចក្តីសុខចម្រើន និងអាចជាសះស្បើយពីជំងឺដង្កាត់ផ្សេងៗ ក្រោយទទួលបានការប្រោសព្រហ្មពីផ្តិតទិព្វរបស់ព្រះធុតង្គ នៅពេលនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ស្រឡាំងកាំងតែម្តង ក្រោយពីបានឃើញវីដេអូបែកធ្លាយ បង្ហាញបុរសចំណាស់រូបនេះដែលគេស្គាល់ច្បាស់ថា ជាអ្នកឲ្យព្រះអង្គ ចន្ទ មុនី ជាន់ក្បាល គឺធ្លាប់និយាយថា ព្រះអង្គ មុនី ធ្លាប់ជួបស្និទ្ធស្នាលជាមួយ «លោឪសួង» នៅមុខកាមេរ៉ាយ៉ាងច្បាស់។ ប៉ុន្តែ នៅពេលគេសួរនាំអំពីរឿងនេះ ស្រាប់តែបានឆ្លើយក្នុងខមិនថា «តាអត់មិនដែលនិយាយទេ»។
ទន្ទឹមនឹងបុរសចំណាស់រូបនេះ និយាយថា ព្រះអង្គ ចន្ទ មុនី បដិបត្តិខ្លាំងណាស់ ព្រៃណាដែលកាច ភ្នំណាដែលធំ គឺលោកចូលចិត្តទៅណាស់ ស្រាប់តែគេបានបញ្ចេញវីដេអូដ៏ភ្ញាក់ផ្អើលមួយទៀត ដែលបង្ហាញឲ្យឃើញថា កាលពីមុនទាន់បួស ព្រះអង្គ ចន្ទ មុនី ធ្លាប់បានទៅលេងព្រិលនៅភ្នំហេមពេន្ត ជាមួយក្រុមគ្រួសារមកពីខេត្តកំពង់ឆ្នាំង យ៉ាងសប្បាយរីករាយបំផុត កាលពីអំឡុងដើមឆ្នាំ២០២០។
ក្រោយពីបានស្តាប់ឮរួចហើយ មហាជនជាច្រើនបានចូលខមិនហួសចិត្តថា៖ «តាមទាន់បាត់, តាហ្នឹងហើយជាមេបំពុល ស្តាប់តែសំដីក៏ដឹងថាបោកដែរ,…»។ រីឯអ្នកខ្លះទៀត បន្ទាប់ឃើញវីដេអូព្រះធុតង្គ មុនី ទៅលេងព្រិលនៅភ្នំហេមពាន្ត ក៏បានខមិនគួរឲ្យអស់សំណើចថា៖ «កាលនិមន្តទៅធុតង្គលើកំពូលភ្នំហេមពាន្ត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង