វីដេអូរីករាលមួយដែលត្រូវបានថតបាននៅសាខាហាង McDonald នៅក្នុង Las Vegas, Nevada បានបង្ហាញបុគ្គលិកស្រីមាឌធំម្នាក់បានវាយប្រហារស្ត្រីអតិថិជនមាឌល្អិតចិត្តខ្លាំងម្នាក់ ដែលត្រូវបានចោទប្រកាន់លួចសូដា ។
ហេតុការណ៍នេះបានចាប់ផ្តើម ខណៈពេលជម្លោះពាក្យសម្តីដាក់គ្នាដ៏ខ្លាំងក្លា រវាងបុគ្គលិកស្រីឈ្មោះ Erika Chavolla អាយុ ២៤ ឆ្នាំ និងអតិថិជនស្រីឈ្មោះ Sabrinah Fontelar អាយុ ២៤ ឆ្នាំដូចគ្នា ដែលបានគប់ភេសជ្ជៈទឹកដោះគោដាក់ Chavolla ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ។
ផ្ទុះកំហឹងនឹងទឹកដោះគោ ចាក់ស្រោចនឹងក្បាលរបស់ខ្លួន ភ្លាមៗនោះ នាង Chavolla ក៏បានស្ទុះទៅវាយដុំលើនាង Fontelar យ៉ាងសាហាវ ។ ទោះយ៉ាងណា ភ្លាមៗនោះ បុគ្គលិករួមការងារជាច្រើននាក់ក៏បានប្រញាប់ប្រញាល់មកជួយឃាត់អ្នកទាំងពីរចេញពីគ្នា ។
យោងតាម Marie Dayag ស្ត្រីម្នាក់ដែលបានកត់ត្រាហេតុការណ៍វាយតប់គ្នានេះ និងបង្ហោះឡើង Youtube កាលពីថ្ងៃពុធ បានឲ្យដឹងថា នាង Fontelar ត្រូវបានចោទប្រកាន់ព្យាយាមបំពេញពែងទឹកមួយជាមួយសូដាហ្វ្រី ។
Dayag សរសេរនៅលើ Decription វីដេអូថា៖ «ហេតុការណ៍នេះបានកើតឡើងនៅហាង McDonald’s… ស្ត្រីអតិថិជនម្នាក់បានសួររកពែងទឹក ហើយស្ត្រីបុគ្គលិកប្រធានផ្នែកគ្រប់គ្រងហាងបានបិទម៉ាស៊ីនសូដា ព្រោះនាងមិនអនុញ្ញាតឲ្យនាងយកសូដាហ្វ្រីទេ» ។
ទោះយ៉ាងណា និយាយជាមួយ Dayag តាមរយៈការ Live វីដេអូលើហ្វេសប៊ុក នាង Chavolla បានបញ្ចេញថា នាងនៅតែបន្តការងាររបស់នាងដដែលនៅសាខាហាង McDonald បន្ទាប់ពីហេតុការណ៍បានកើតឡើង ៕ ចន្ទី (nextshark)