ភ្នំពេញ៖ មន្ត្រីសង្កេតការណ៍បោះឆ្នោតមកពីអឺរុប លោក Anton Caragea បានវាយតម្លៃ ចំពោះដំណើការបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនពលរដ្ឋ ចេញទៅបោះឆ្នោតច្រើនលើសលប់បំផុត ដែលបានប្រព្រឹត្តិទៅ ដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។
នៅវិមានសន្តិភាពទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោក Anton Caragea ប្រធានក្រុមដឹកនាំអ្នកសង្កេតការណ៍បោះឆ្នោត មកពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរុប ។
លោក Anton Caragea បានវាយតម្លៃខ្ពស់ចំពោះដំណើការបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនពលរដ្ឋចេញទៅ បោះឆ្នោតច្រើនលើសលប់បំផុត ដែលបានប្រព្រឹត្តិទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោក Anton បានផ្តល់របាយការណ៍លំអិតចុងក្រោយអំពីបេសកកម្មសង្កេតការណ៍ ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានកោតសរសើរចំពោះដំណើរការ លទ្ធិប្រជាធិបតេយ្យដែលកំពុងរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ជាពិសេសតាមរយៈ នៃការបោះឆ្នោតនេះតែម្តង ដែលមានប្រជាពលរដ្ឋខ្មែរបានទៅបោះឆ្នោតជាង ៨០% ដែលបានឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ពលរដ្ឋពិតៗ។ លោក Anton បានសំដែងនូវការរីករាយអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបានរៀបចំការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដែលឆ្លុះបញ្ចាំងអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតៗដោយគ្មានអំពើហិង្សា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោក Anton និងក្រុមការងារ សង្កេតការណ៍លោកទាំងអស់ ដែលបានរាយការណ៍ពិត អំពីស្ថានភាពបោះឆ្នោតពិតប្រាកដនៅកម្ពុជា។ សម្ដេចតេជោ ក៏បានជម្រាបជូន លោក Anton Caragea ផងដែរថា តាមរដ្ឋធម្មនុញ្ញប្រទេស គឺកម្ពុជាត្រូវរៀបចំការបោះឆ្នោតតាមបែបលិទ្ធិប្រជាធិបតេយ្យ៥ឆ្នាំម្តងៗ គឺនៅថ្ងៃអាទិត្យសប្ដាហ៍ទី៤ នៃខែកក្កដា ដែលគ្រប់គណបក្សនយោបាយទាំងអស់បានដឹងគ្រប់ៗគ្នាអំពីដំណើរការនេះ ដើម្បីពួកគេមានឱកាស ចូលរួមប្រកួតប្រជែងគ្រប់ៗគ្នាដោយគ្មានការរើសអើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរ សិទ្ធិអំណាចនាយករដ្ឋមន្ត្រីខ្មែរ គឺមិនមានសិទ្ធិរំលាយរដ្ឋសភា ហើយរៀបចំការបោះឆ្នោត មុនពេលកំណត់ មិនដូចប្រទេសមួយចំនួនទេ។ អ្វីៗគឺត្រូវធ្វើតាមការកំណត់ ដោយច្បាប់ប្រទេស ដែលអនុវត្តតាមលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ៕ ដោយ៖កូឡាប