ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ បានអះអាងថា ពេលមានភ្លៀងធ្លាក់មកម្តងៗ ជំនន់ទឹកភ្លៀង តែងជន់លិច នៅចំណុចផ្លូវអ៉ិលវី ស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។
ប្រជាពលរដ្ឋបន្តថា ជារៀងរាល់ពេលមានភ្លៀងធ្លាក់ម្តងៗ តំបន់ខាងលើ ទឹកភ្លៀង បានលិចជាប្រចាំ។ ជាក់ស្តែងក្រោយមានភ្លៀងធ្លាក់ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់ផ្លូវអ៊ិលវី បានធ្វើអោយពលរដ្ឋជួបការលំបាក ទាំងពលរដ្ឋមានលំនៅដ្ឋានជាប់ដងផ្លូវ និងអ្នកបើកបរយានយន្តឆ្លងកាត់។
តាមការកត់សម្គាល់ កន្លងមករដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលខេត្តនេះ បានរិះរកវិធីជាច្រើន ដើម្បីឈានទៅរំដោះទឹកលិច នៅពេលមានជំនន់ទឹកភ្លៀងជន់លិចម្តងៗ ដូចជាការស្តារយកសំរាមចេញ ពីប្រឡាយ ឬអូរ នៅស្ពានអ៊ិលវី កុំអោយស្ទះចរន្តទឹកជាដើម..។ ក៏ប៉ុន្តែវិធានការនេះ នៅមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមានច្រើននោះទេ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ផ្លូវ អ៊ិលវី បានបញ្ជាក់ថា ដើម្បីរំដោះទឹកបានលឿន ពេលមានភ្លៀងធ្លាក់មកម្តងៗ ក្រៅពីបើកផ្លូវទឹកតាមចំណុចស្ពានប្រឡាយអ៉ិលវី ប្រជាពលរដ្ឋ បានស្នើអោយរដ្ឋបាលក្រុង និងខេត្តព្រះសីហនុ ជួយពិនិត្យលទ្ធភាព ក្នុងការស្តារបើកផ្លូវទឹក នៅតាមផ្លូវស្របចុះពីសាលាសង្កាត់លេខ៤ ឆ្ពោះត្រង់ចុះ មកតំបន់ទំនាបប៉ែកខាងក្រោម មានប្រវែងជាង ៣០០ម៉ែត្រ ដោយត្រូវតភ្ជាប់ជាមួយប្រព័ន្ធបង្ហូរទឹក ដែលប្រជាពលរដ្ឋរសើនៅតំបនើខាងលើ បានស្ថាបនារួចហើយនោះ នឹងអាចរំដោះជំនន់ទឹកភ្លៀង នៅផ្លូវអ៊ិលវី នាថ្ងៃខាងមុខ មានលទ្ធផលល្អ។
ប្រជាពលរដ្ឋ ឲ្យដឹងទៀតថា បញ្ហាសំណង់មួយចំនួន ដែលសង់ប៉ះពាល់ផ្លូវទឹក នៅក្នុងតំបន់នោះ ក៏ជាកក្តានាំអោយមានជំនន់ទឹកភ្លៀងដែរ។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ បានគោរពស្នើសុំអោយគ្រប់ផ្នែកពាក់ពន្ធ័ទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជន ចូលរួមដោះស្រាយ កង្វល់ របស់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង នៅម្តុំផ្លូវអ៊ិលវី ឲ្យបានឆាប់ ដោយអនុគ្រោះផង៕ ដែនសីមា