គេហទំព័រ The Star ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរាយការណ៍ពីការស្លាប់ភ្លាមៗរបស់ សិល្បការិនីរូបស្រស់ស្អាតជនជាតិម៉ាឡេស៊ីឈ្មោះ Quincy Cheng អាយុ ៣៧ ឆ្នាំ ដែលបានស្លាប់ភ្លាមៗទាំងកណ្តាលអំឡុងពេលថតរឿង ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រភ្ញាក់ផ្អើល និងគួរឲ្យស្លុតចិត្តជាខ្លាំង។
Quincy Cheng ឬហៅថា Chuang Chun Si គឺជាតារាចម្រៀង និងជាតារាសម្តែងជនជាតិម៉ាឡេស៊ី និងក៏ជាអតីតសមាជិកក្រុមចម្រៀងស្រី M-Girls ផងដែរ។ ដំណឹងមរណភាពរបស់នាងត្រូវបានប្រកាសប្រាប់ដល់អ្នកគាំទ្រ តាមបណ្ដាញសង្គម នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
Chai Zi សិល្បករមួយរូបដែលកំពុងថតរឿងជាមួយនាង បានបង្ហើបថា តារាស្រីរូបនេះមិនសូវស្រួលខ្លួនទេ ពេលកំពុងថតរឿងសម្រាប់ឆែលណែល Squad Sekawan ។ គ្រប់គ្នាបានមកដល់នៅម៉ោងប្រហែល ៨:០០ ព្រឹក បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ការថតបានចាប់ផ្ដើមនៅម៉ោង ៨:៣០ ព្រឹក ពេលនោះ តារាស្រីវ័យក្មេងរូបនេះមើលទៅអារម្មណ៍ល្អធម្មតា មិនមានអ្វីខុសប្លែកទេ។
ប៉ុន្តែ ខណៈកំពុងរៀបចំថតភាគទី២ នៅម៉ោងប្រហែល ១០ និង ៣០ នាទីព្រឹក, Quincy Cheng បាននិយាយថា នាងមានអារម្មណ៍វិលមុខ និងចង់ក្អួត ហើយឈឺក្បាលខ្លាំង។ ពេលដែលនាងក្អួត ក្រុមការងារបានហៅរថយន្តសង្គ្រោះបន្ទាន់។ ពេលនោះ Quincy Cheng នៅតែដឹងខ្លួន ហើយបានប្រាប់ក្រុមការងារអំពីលេខសម្ងាត់ទូរស័ព្ទដៃរបស់នាង ដើម្បីឱ្យគេអាចទាក់ទងមិត្តប្រុសរបស់នាងបាន ខណៈពេលនោះក្រុមជំនាញសង្គ្រោះបឋមបានមកជួយមើលថែ រហូតដល់នាងសន្លប់។
Quincy Cheng នៅតែដកដង្ហើម ប៉ុន្តែជីពចររបស់នាងលឿនណាស់។ មិនយូរប៉ុន្មាន បបូរមាត់ ដៃ និងជើងរបស់គាត់ប្រែពណ៌ស្វាយ។ សេចក្តីរាយការណ៍បញ្ជាក់ថា រថយន្តសង្គ្រោះបានមកដល់ក្នុងរយៈពេល៥នាទី។ ប៉ុន្តែទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះក៏ដោយ ប៉ុន្តែតារាស្រីវ័យក្មេងរូបនេះមិនបានធូរស្រាលឡើយ ហើយបានស្លាប់នៅកន្លែងថត។
សារព័ត៌មាន China Press បានរាយការណ៍ថា មូលហេតុនៃការស្លាប់របស់ Quincy Cheng គឺជាជំងឺដាច់សរសៃឈាមខួរក្បាល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង