ក្មេងប្រុសអាយុ ៧ ឆ្នាំ ម្នាក់មកពី Yulin នៅក្នុងខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន ត្រូវបានផ្តល់រហ្សនាមថាជាវីរបុរសតូចម្នាក់ បន្ទាប់ពីរូបគេបានជួយសង្គ្រោះក្មេងប្រុសម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបុក និងកិនដោយម៉ូតូកង់បី១គ្រឿងយ៉ាងពេញទំហឹង នៅក្នុងទីក្រុង ។
វីដេអូពីកាមេរ៉ាសន្តិសុខដងផ្លូវ បានបង្ហាញឲ្យឃើញបុរសក្មេងរងគ្រោះ បានរត់ឆ្លងផ្លូវ នៅពេលនោះម៉ូតូកង់បី១គ្រឿង ដែលចេញពីទិសដៅផ្ទុយពីកាមេរ៉ាចាប់ហ្វ្រាំងពុំទាន់ ក៏បានបុកនិងកិនវាទាំងកម្រោលតែម្តង ។
The Paper រាយការណ៍ថា ជំនួសឲ្យការជួយសង្គ្រោះក្មេងប្រុសរងគ្រោះ អ្នកបើកម៉ូតូកង់បីនោះបានបើកគេចខ្លួនយ៉ាងលឿនពីកន្លែងកើតហេតុ ។
យោងតាម Daily Mail បានឲ្យដឹងថា បន្ទាប់ពីបានឃើញក្មេងប្រុសរងគ្រោះនោះ កំពុងដេកដួលនៅនឹងផ្លូវបែបនេះ វីរបុរសតូច Chen Jiyuy ក៏បានប្រញាប់ប្រញាល់រត់ទៅជួយលើក និងនាំវាទៅកាន់កន្លែងសុវត្ថិភាព ។
Chen ខិតខំព្យាយាមអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកក្មេងប្រុសរងគ្រោះនោះ ទៅកាន់ចិញ្ចើមថ្នល់ ។ ហើយធ្វើឲ្យមានភាពកក់ក្តៅជាងនេះទៀតនោះ គឺ Chen ត្រូវបានគេដឹងថា បានព្យាយាមរកមើល និងជូតសម្អាតឈាមហូរចេញពីមាត់របស់ក្មេងប្រុសរងគ្រោះទៀតផងដែរ ។
សិស្សថ្នាក់ទី១រូបនេះ ខណៈនិយាយជាមួយអ្នកសារព័ត៌មានពីស្ថានីយ៍ទូរទស្សន៍ Guangxi ដោយលើកឡើងថា គ្រូរបស់គេជាហេតុផលដែលរូបគេជួយក្មេងប្រុសរងគ្រោះនោះ ។
Chen និយាយថា៖ «គ្រូបានបង្រៀនយើង ។ នៅពេលអ្នកដទៃកំពុងមានបញ្ហា នោះគួរមានចិត្តជួយដល់ពួកគេផង!» ។
យ៉ាងហោចណាស់ មនុស្សធំ៤នាក់ អាចត្រូវបានឃើញនៅក្នុងឃ្លីបនេះ ឈរនៅក្បែរចិញ្ចើមផ្លូវ ខណៈពួកគេទាំងអស់បានត្រឹមយកភ្នែកមើល Chen លើកគ្រាក្មេងប្រុសរងគ្រោះចេញពីផ្លូវប៉ុណ្ណោះ ។ បុរស២នាក់នៅលើម៉ូតូអគ្គិសនី បានបើកម៉ូតូឆ្លងកាត់ពួកគេ និងពុំអើពើនឹងក្មេងនោះទេ ខណៈរូបគេពិតជាកំពុងព្យាយាមយ៉ាងលំបាក ដើម្បីជួយសង្គ្រោះក្មេងប្រុសរងគ្រោះ ។
ភ្លាមៗបន្ទាប់ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ ក៏បានមកដល់កន្លែងកើតហេតុ ហើយពួកគេភ្លាមៗនោះ បាននាំយកកូនប្រុសរបស់ពួកគេ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យផងដែរ ។ គេបានរាយការណ៍ វាបានរងរបួសដាច់ស្បែកជុំវិញមាត់, រងរបួសនៅត្រង់មាត់ និងបាក់ឆ្អឹងជើងខាងស្តាំ ។
ទោះយ៉ាងណា ទង្វើជួយសង្គ្រោះរបស់ក្មេងប្រុងអាយុ ៧ ឆ្នាំ នេះ ត្រូវបានអ្នកលេងអ៊ីនធើរណេតកោតសរសើរយ៉ាងខ្លាំង ហើយពួកគេបានផ្តល់រហ្សនាមថាជាវីរបុរសតូចម្នាក់ ៕ ចន្ទី (nextshark)