ស្ត្រីម្នាក់ដែលនៅលីវជាង៧០ឆ្នាំ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថាគាត់ទើបតែរកឃើញស្នេហ៍ពិត និងរៀបការក្នុងបរិយាកាស ដែលមានកូនចៅចូលរួមយ៉ាងកក់ក្តៅ។ មែនហើយ ទោះចូលរោងការរាងយឺតបន្តិចមែន តែមិនទាន់យឺតពេលក្នុងការស្វែងរកស្នេហាពិតនោះទេ។
នេះបើតាមគណនី TikTok ឈ្មោះ wiwat បានបង្ហោះឃ្លីបបង្ហាញទិដ្ឋភាពបុរស និងស្ត្រីចំណាស់មួយគូ ចូលរោងការយ៉ាងសាមញ្ញ និងបានប្រាប់ថា មីងរបស់យើងមានអាយុ ៧០ ឆ្នាំ ហើយ គាត់នៅលីវស្ទើរពេញមួយជីវិត។ តែទីបំផុតបានជួបបុរសម្នាក់ ហើយវាប្រែជាស្នេហាពិតរបស់ពួកគាត់ទាំងពីរ។
ម្ចាស់គណនីខាងលើក៏បានឲ្យដឹងថា បុរសចំណាស់នោះ ជាអ្នកពោះម៉ាយ មានកូននិងចៅរួចហើយៗ នៅពេលឪពុកចូលរោងការ កូនចៅក៏បានមកអបអរយ៉ាងរីករាយ។ ដំបូងឡើយ ស្ត្រីចំណាស់រូបនេះមិនចង់រៀបចំពិធីអ្វីធំដុំនោះទេ ប៉ុន្តែបុរសនោះចង់ធ្វើវា ហើយគាត់យល់ព្រមតាម។
អ្នកនិយមលេងអ៊ីនធឺណិត ក្រោយពីបានទស្សនាឃ្លីបនេះ ពួកគេបានចូលបញ្ចេញមតិថា៖ «រីករាយនឹងស្នេហាលោកយាយលោកតា, សូមជូនពរអោយគូស្នេហ៍តានិងយាយមានក្តីសុខ មើលថែគ្នាដល់ចាស់ព្រិទ្ធចាស់ព្រេង, អ្នកនៅលីវកុំអស់សង្ឃឹមណ៎ា!,..»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង