គ្រឿងសមុទ្រត្រូវបានចាត់ទុកថា ជាអាហារពេញនិយមរបស់មនុស្សជាច្រើន ដោយសារតែវាស្រស់ និងក្លិនឈ្ងុយឆ្ងាញ់។ វាអាចត្រូវបានគេប្រើដើម្បីធ្វើម្ហូបជាច្រើនប្រភេទ។ ប៉ុន្តែនៅតែយើងត្រូវប្រយ័ត្ន ព្រោះមនុស្សមួយចំនួនអាចនឹងមានអាឡែស៊ីនឹងអាហារសមុទ្រ ហើយវាអាចអាឡែស៊ីទៅនឹងសារធាតុគីមីនៅខាងក្នុង រហូតបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។
ដោយឡែក ថ្មីៗនេះស្រ្តីជាម្ដាយម្នាក់ បានទម្លាយឃ្លីបនាំកូនទៅហាងប៊ូហ្វេញ៉ាំគ្រឿងសមុទ្រកុម្ម៉ង់ពេញតុគ្មានកំណត់ ដោយបានបញ្ជាក់ឲ្យដឹងថា កូនស្រីរបស់នាងបានញ៉ាំប៉ុន្មានម៉ាត់ប៉ុណ្ណោះ ក៏ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ក្រោយពីរកឃើញថា កូនស្រីរបស់នាងមានអាឡែស៊ីនឹងសារធាតុរក្សាសាកសព Formalin ដែលមានក្នុងអាហារសមុទ្រ ដែលបណ្តាលឲ្យឈាមច្រមុះមិនឈប់នោះទេ។
នេះបើតាម TikTok ឈ្មោះ mommyoboh បានបង្ហោះឃ្លីបកំពុងរីករាលដាល បង្ហាញខណៈពេលរូបនាងនាំកូនស្រីទៅហូបគ្រឿងសមុទ្រ ហើយបានកុម្ម៉ង់អាហារដាក់ពេញតុ រួមមាន៖ បង្គាស្រុះ បង្គាអាំង និងអាហារជាច្រើនមុខមុខទៀត។ ដំបូង កូនស្រីរបស់នាងញ៉ាំយ៉ាងរីករាយ ប៉ុន្តែ នៅពេលញ៉ាំគ្រឿងសមុទ្របានពីរបីម៉ាត់ ស្រាប់តែប្រែជាសភាពស្លេកមុខស្លេកមាត់ រាងកាយត្រជាក់ស្រឹប និងភ្នែកបញ្ឈរ គ្មានកម្លាំងដួលសន្លប់ រហូតដល់ម្តាយត្រូវដាស់កូនឲ្យមានស្មារតីឡើងវិញ ដើម្បីកុំឲ្យដេក។
យ៉ាងណាមិញ ជាមួយរោគសញ្ញាដ៏គួរឲ្យព្រួយបារម្ភនេះ លោកវេជ្ជបណ្ឌិតបាននិយាយថា រោគសញ្ញាបែបនេះ អាចបណ្តាលមកពីក្មេងស្រីនោះមានអាឡែស៊ីនឹងសារធាតុ Formalin ដែលមានក្នុងអាហារសមុទ្រ។ ទន្ទឹមនឹងនេះ គ្រូពេទ្យក៏បានព្រមានថា ចាប់ពីពេលនេះទៅ អ្នកដែលញ៉ាំគ្រឿងសមុទ្រ ត្រូវតែប្រយ័ត្នឲ្យមែនទែន បើមិនដូច្នោះទេ រោគសញ្ញាអាចធ្ងន់ធ្ងរ ហើយអាចឈានទៅដល់ការស្លាប់បាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង