ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៨ បានប្រកាសផ្សព្វផ្សាយ កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ក្នុងការមកទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ ក្នុងមួយឆ្នាំៗ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព ដោយកម្ពុជាសំបូរទៅដោយបេតិកភ័ណ្ឌវប្បធម៌ ធនធានធម្មជាតិ និងកម្ពុជាប្រកបដោយសុខសន្តិភាព និងស្ថិរភាពនយោបាយ។
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួនជាង ៣លាននាក់ ដែលមានកំណើន ១៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ យើងសង្ឃឹមថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិបានប្រមាណជាង ៦,២លាននាក់ ក្នុងកំណើន ១២% ស្របជាមួយនឹងសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ធនធាន និងសក្តានុពលទេសចរណ៍ កម្ពុជាសង្ឃឹមថានឹងទទួលទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងប្រមាណ១៥លាននាក់ នៅឆ្នាំ២០៣០។
ព្រមជាមួយនោះ ទេសចរក្នុងស្រុកចំនួនជាង ១០លាននាក់ បានទស្សនាកម្សាន្ត នៅគ្រប់គោលដៅទេសចរណ៍ ទូទាំងប្រទេសប្រកបដោយសុវត្ថិភាព និងភាពរីករាយ។ កម្ពុជាមានសុវត្ថិភាពពេញលេញចំពោះភ្ញៀវទេសចរ មកទស្សនានៅគ្រប់កន្លែង និងគ្រប់ពេលវេលា ពិសេសនៅក្នុងដំណើរការ និងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងខែកក្កដា ឆ្នាំ២០១៨នេះ ដែលជាការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ និងគ្មានអំពើហឹង្សា ហើយសភាពការណ៍ទេសចរណ៍ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ និងរីកចម្រើនឥតឈប់ឈរ។ សូមយកឱកាសនេះ ដើម្បីអញ្ជើញភ្ញៀវទេសចរទាំងអស់ពីគ្រប់ទិសទីមកទស្សនាកម្សាន្ត កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ ៕ ដោយ៖បញ្ញាស័ក្តិ