នារីម្នាក់នៅប្រទេសឥណ្ឌូនេស៊ី នាងបានបង្ហោះវីដេអូឃ្លីបប្រាប់រឿងរ៉ាវរបស់នាងនៅលើ TikTok ដោយបង្ហាញថា នាងបានទិញផ្ទះចាស់មួយកាលពីឆ្នាំមុន។ ប៉ុន្តែពួកនាងភាគច្រើនរស់នៅផ្ទះមួយទៀតដែលស្ថិតនៅឆ្ងាយពីគ្នា។ ដោយសារតែនាងមិនទាន់មានថវិកាជួសជុលនៅឡើយ ហេតុនេះស្ថានភាពផ្ទះគឺចាស់ និងទ្រុឌទ្រោម។ ប៉ុន្តែនាងនៅតែមកមើលផ្ទះរៀងរាល់ពីរសប្តាហ៍ម្តង។
តែរហូតមកដល់ពេលថ្មីៗនេះ មួយខែបានកន្លងផុតទៅ ដែលនាងទើបតែត្រឡប់មកមើលវិញ។ ហើយពេលនាងទៅដល់ នាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងគិតថា ប្រហែលចូលផ្ទះខុសហើយមើលទៅ ព្រោះថា នៅផ្នែកខាងមុខផ្ទះរបស់នាង មានគេដាំដើមម្ទេស រហូតដល់វាក្លាយជាសួនបន្លែតែម្តង។ ដូច្នេះ នាងបានថតវីដេអូឃ្លីបមួយ ដើម្បីបង្ហាញមនុស្សម្នាអំពីស្នាដៃរបស់អ្នកជិតខាង។
ទាក់ទងនឹងករណីដ៏គួរឲ្យហួសចិត្តនេះ បើតាមអ្នកជិតខាងម្នាក់បាននិយាយថា បុរសជាអ្នកជិតខាងម្នាក់បានដាំម្ទេសទាំងនេះនៅផ្ទះរបស់នាង។ ហើយគាត់ក៏បានទៅព្រមានអ្នកជិតខាងរូបនោះរួចហើយ ប៉ុន្តែគាត់មិនស្តាប់ទេ។ បុរសនោះនៅតែមើលថែសួន និងមើលថែដើមម្ទេសរបស់គាត់។ បុរសនោះក៏វាយបកទៅនឹងក្រុមអ្នកភូមិដែលបានព្រមានគាត់ទៀតផង ដោយបាននិយាយថា រូបគាត់នឹងប្រាប់ម្ចាស់ផ្ទះដោយខ្លួនឯង។ ប៉ុន្តែ ធាតុពិត ម្ចាស់ផ្ទះមិនដែលត្រូវបានគេជូនដំណឹង ឬសុំការអនុញ្ញាតណាមួយក្នុងខែកន្លងមកនោះទេ។
ទោះបីជាបុរសជាអ្នកជិតខាងមិនគោរពស្ត្រីខាងផ្ទះក៏ដោយ ក៏នាងនៅតែមានសុជីវធម៌ចំពោះគាត់។ នាងបាននិយាយថា នាងអាចរើផើង និងរុក្ខជាតិចេញពីតំបន់នោះ ព្រោះនោះជាកន្លែងរបស់នាង។ ប៉ុន្តែនាងមិនបានធ្វើវាទេ ដោយត្រូវរង់ចាំអ្នកដាំមកដល់សិន ព្រោះនាងមិនចង់មានបញ្ហាជាមួយម្ចាស់ដើមម្ទេសនោះទេ។
ទោះជាយ៉ាងណា នាងបានព្រមាននិងសង្កត់ធ្ងន់ដល់សហគមន៍ថា ការលុកលុយកន្លែងផ្ទាល់ខ្លួនអ្នកដទៃ គឺជារឿងមិនសមរម្យខ្លាំងណាស់ ជាពិសេសដោយគ្មានការអនុញ្ញាតពីម្ចាស់។ បើមិនគិតពីសីលធម៌ទេ អាចនឹងត្រូវប្រឈមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង