នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខណៈដែលមន្ត្រីល្បាតខេត្ត Samut Prakan កំពុងបំពេញភារកិច្ចការពារសន្តិសុខក្នុងតំបន់ នៅពេលនោះ ពួកគេក៏បានប្រទះឃើញហេតុការណ៍ ខណៈបុរស និងនារីម្នាក់កំពុងឈ្លោះប្រកែកគ្នា ស្ថិតនៅទល់មុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង មុនពេលបុរសរូបនោះចាប់ផ្តើមប្រើហឹង្សាវាយទៅលើនារីជាសង្សារ រហូតដល់នាងដេកដួលលើដី។ ក្រោយពីបានឃើញបែបនេះ កម្លាំងក៏បានប្រញាប់ប្រញាល់ចុះទៅអន្តរាគមន៍ និងសម្របសម្រួល។
ពេលទៅដល់ រកឃើញថាអ្នកទាំង២ស្រវឹងស្រា មន្ត្រីក៏បានចូលទៅសួរនាំ ហើយបានដឹងថាអ្នកទាំងពីរជាសង្សារនឹងគ្នា។ បុរសនោះមានអាយុ ២៦ ឆ្នាំ ជនជាតិឡាវ រីឯនារីជាសង្សារអាយុ២៥ឆ្នាំ ជាជនជាតិឡាវដូចគ្នា។ នាងមានស្នាមរបួសនៅថ្ពាល់ខាងស្តាំ នៅនៅលើរាងកាយ។ ខណៈពេលនោះ ក៏មានអ្នកដំណើរចិត្តល្អជួយសង្គ្រោះបឋម ប៉ុន្តែនារីរូបនោះបដិសេធឲ្យជួយព្រមព្យាបាលនោះទេ។ ផ្ទុយទៅវិញ នារីរូបនោះបានបញ្ជាក់ថា នាងមិនអីទេ ហើយបានប្រាប់មន្ត្រីថា គ្រាន់តែជំពប់ជើងដួលប៉ុណ្ណោះ មិនមែនត្រូវបានមិត្តប្រុសវាយឲ្យរបួសអ្វីឡើយ។
លើសពីនេះ ស្ត្រីរូបនេះបានលើកមេដៃចំនួនពីរទៅកាន់មន្ត្រីដោយនិយាយថា ពួកគេនៅតែស្រលាញ់គ្នាដូចមុនទៀត មុននឹងអ្នកទាំងពីរកាន់ដៃគ្នាដើរត្រឡប់ទៅផ្ទះវិញយ៉ាងរំភើយ ដែលធ្វើមន្រ្តីប៉ូលិស និងមនុស្សម្នាអ្នកដំណើរជាច្រើន មានការងឿងឆ្ងល់ និងហួសចិត្តខ្លាំងគ្រប់ៗគ្នាតែម្តង។
តាមការសាកសួរ បុរសជាសង្សារបាននិយាយថា កន្លងមករូបគាត់និងមិត្តស្រី បានមកអង្គុយផឹកស្រាបៀនៅភោជនីយដ្ឋានមួយកន្លែងនៅក្នុងតំបន់នោះ។ រហូតដល់ហាងបិទ មិត្តស្រីរបស់គាត់ខ្ញុំបានមកប្រាប់ថា ខ្លួនគាត់មិនស្មោះទេ ហើយអង្គុយយំមិនព្រមចូលបន្ទប់ ក៏មកវាយគាត់។ ដោយខឹងខ្លាំងពេក គាត់ក៏បានទាត់មិត្តស្រី១ជើងបណ្តាលឲ្យដួល រហូតដល់សមត្ថកិច្ចមកដល់។ ទោះជាយ៉ាងណា ពួកគេនៅតែស្រលាញ់គ្នាដូចមុន។ លុះត្រឡប់មកបន្ទប់វិញក៏សន្យាថាមិនធ្វើបាបមិត្តស្រីឡើយ។
មន្ត្រីមកពីសមាគមសង្គ្រោះ Samut Prakan បាននិយាយថា លោកកំពុងបំពេញភារកិច្ច ខណៈបានឃើញហេតុការណ៍នេះ។ ដោយខ្លាចស្ត្រីរងគ្រោះមានគ្រោះថ្នាក់ គាត់ក៏ប្រញាប់នាំកម្លាំងមកជួយ ។ ប៉ុន្តែពេលទៅដល់ អ្នកទាំងពីរបានបញ្ជាក់ថា មិនបានធ្វើបាបគ្នាទេ វាជាការយល់ច្រឡំប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង