ភ្នំពេញ ៖ លោកគ្រូ និង អ្នកគ្រូបង្រៀន ២នាក់ដែលជាប់ពាក់ព័ន្ធពីបទលួច និងសមគំនិតលួចទឹកខ្មៅរបស់ គ.ជ.ប នៅវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី៣១ កក្កដា ត្រូវបានចៅក្រមស៊ើបសួរ បើកការជំនុំជម្រះ ហើយបានប្រកាសសាលក្រមភ្លាមៗ ចោទប្រកាន់ពីបទលួច ដោយផ្តន្ទាទោសម្នាក់ៗ៦ខែ តែទោសនោះត្រូវបានព្យួរទាំងអស់ គឺគ្រូបង្រៀនទាំងពីរនាក់ មិនត្រូវបានឃុំខ្លួនទេ ពេលបិទសវនាការ ត្រូវបានអនុញ្ញាតឲ្យមានសេរីភាព វិលត្រឡប់ទៅផ្ទះវិញ។
ជនជាប់ចោទម្នាក់ឈ្មោះ ទែន រតនា ភេទប្រុស អាយុ៤២ឆ្នាំ និង ម្នាក់ឈ្មោះ ជា សុធារី ភេទស្រី អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនជាប់ឈ្មោះ ជា សុធារី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទលួច ចំណែកជនជាប់ឈ្មោះ ទែន រតនា ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើលួច ទឹកខ្មៅជ្រលក់ចង្អុលដៃរបស់ គ.ជ.ប ។
ប្រភព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៣១ កក្កដា សមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជូនគ្រូបង្រៀន ដែលជាជនជាប់ ចោទ២នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ ធ្វើការសាកសួរ រឿងលួចទឹកខ្មៅជ្រលក់ចង្អុលដៃរបស់គ.ជ.ប ។ ដំបូងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកគ្រូ ជា សុធារី តែម្នាក់ទេ ប៉ុន្តែក្រោយការសាកសួរយកចម្លើយអ្នកគ្រូ បានជាប់ពាក់ពន្ធទៅ និង លោកគ្រូម្នាក់ទៀត ទើបតំណាងអយ្យការ តម្រូវឲ្យសមត្ថកិច្ចនាំមកទាំងពីរនាក់តែម្ដង ។
នៅក្នុងសវនាការនាសាលា ដំបូងរាជធានីភ្នំពេញ អ្នកគ្រូបានសសរភាពថា បានលួចយកទឹកខ្មៅគ.ជ.ប នោះ ដោយសារលោកគ្រូ បានពឹងពាក់ឲ្យគាត់ ជួយយកដបទឹកថ្នាំខ្មៅនោះ មកជ្រលក់ដៃ ព្រោះលោកគ្រូជាប់រវល់នៅថ្ងៃបោះឆ្នោត មិនបានទៅបោះឆ្នោត និងគេ និងមិនមានស្នាមទឹកខ្មៅជាប់ចង្អុលដៃដូច ដូច្នោះបានជាគាត់យកឲ្យ ។ ចំណែកលោកគ្រូវិញបានបដិសេធទៅ និងសំដីអ្នកគ្រូ ដែលចោទប្រកាន់យ៉ាងដូច្នោះ ហើយលោកគ្រូក៏បានតបទៅអ្នកគ្រូវិញថា ខ្ញុំគ្រាន់តែនិយាយថា បើសិនជាខ្ញុំមិនបានទៅបោះឆ្នោត ខ្ញុំអាចសុំទឹកថ្នាំខ្មៅរបស់គ.ជ.ប មកជ្រលក់ចង្អុលដៃបានអត់ ។ ទោះបីលោកគ្រូបដិសេធក៏ដោយ ក៏តំណាងអយ្យការនៅតែតម្កល់ការចោទប្រកាន់ពីបទលួច ហើយស្នើអោយចៅក្រមសម្រេចតាមច្បាប់ ។
បើតាមផេកហ្វេសប៊ុករបស់ ឈ្មោះសាំង សុង បានសរសេរថា ទេវតាបរាមុខ អ្នកគ្រូ ជា សុធារី បង្រៀននៅវិទ្យាល័យ ជម្ពូរវ័ន្ត ផ្នែកពលរដ្ឋវិទ្យា ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ តែងជេរប្រមាថដល់សម្ដេចតេជោ ស្ទើរជាសាធារណៈ ទោះនៅក្នុងសាលាក៏ដោយ។ លោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យជម្ពូវ័ន បានស្គាល់ច្បាស់ណាស់ អំពីសន្ដានគ្រូបង្រៀន ខ្វះសីលធម៌ម្នាក់នេះ។ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០:៣០នាទី គាត់បានលួចដបទឹកថ្នាំជ្រលក់ចង្អុលដៃ ពីការិយាល័យបោះឆ្នោតលេខ ១៤០១ ចាក់យកពាក់កណ្ដាល ក្នុងនាមគាត់ជាប្រធានមណ្ឌលទៀតផង៕ ដោយ ៖ បញ្ញាស័ក្តិ