ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា លោក គីម បាននិយាយទៅកាន់សភាប្រជាជនកំពូល ដែលត្រូវបានចាត់ទុកថាជាសភា «បោះត្រាកៅស៊ូ» របស់ប្រទេស កាលពីថ្ងៃចន្ទ ដើម្បីធ្វើវិសោធនកម្មច្បាប់ខ្ពស់បំផុតរបស់ប្រទេស ដោយពណ៌នាកូរ៉េខាងត្បូងថាជា “សត្រូវលេខមួយ” និងសត្រូវដែលមិនប្រែប្រួលជាមូលដ្ឋាន។
មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង ក៏បានស្នើផងដែរថា រដ្ឋធម្មនុញ្ញត្រូវបានគេសន្មត់ថា នឹងសរសេរផែនការដើម្បី «កាន់កាប់ បង្ក្រាប និងទាមទារមកវិញ» ពីកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍នៃសង្រ្គាមអន្តរកូរ៉េមួយផ្សេងទៀត។ លោក គីម បាននិយាយថា កូរ៉េខាងជើងគ្មានចេតនាចង់ចាប់ផ្តើមសង្រ្គាមទេ ប៉ុន្តែក៏គ្មានចេតនាគេចពីការប្រយុទ្ធដែរ។
កាលពីថ្ងៃអង្គារ សភាបានប្រកាសថា ខ្លួននឹងរំលាយអង្គការរដ្ឋពីរដែលត្រូវបានចោទប្រកាន់ពីការធ្វើសមាហរណកម្មជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងទីភ្នាក់ងារដែលលើកទឹកចិត្តប្រជាជនកូរ៉េខាងត្បូង ឱ្យទៅទស្សនារមណីយដ្ឋាន Khao Kumgang ជាកន្លែងដែលប្រទេសទាំងពីរបានអភិវឌ្ឍរួមគ្នាសម្រាប់វិស័យទេសចរណ៍។
លើសពីនេះ លោក គីម ក៏បានបញ្ជាឱ្យបំផ្លាញនិមិត្តសញ្ញាទាំងអស់ នៃការបង្រួបបង្រួមរវាងកូរ៉េខាងជើង-ខាងត្បូង។ រួមទាំងវិមានចំពោះធម្មនុញ្ញបី សម្រាប់ការបង្រួបបង្រួមជាតិក្នុងក្រុងព្យុងយ៉ាង រដ្ឋធានីនៃប្រទេសកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងដោយលោក Kim Jong Il ដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្ន ដែលពេលនេះយុវជន គីម ត្រូវបានចាត់ទុកថា «អាម៉ាស»។
លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានឆ្លើយតបក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារថា ជំហររបស់លោក Kim Jong Un គឺ «ប្រឆាំងជាតិ និងប្រឆាំងប្រវត្តិសាស្ត្រ» ហើយថា ប្រសិនបើកូរ៉េខាងជើងវាយប្រហារទៅលើកូរ៉េខាងត្បូង នោះអ្នកវាយប្រហារនឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរជាងនេះជាច្រើនដង។
ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានឲ្យដឹងថា ឧបទ្វីបកូរ៉េត្រូវបានបែងចែកទៅជាខាងជើង និងខាងត្បូង បន្ទាប់ពីការបញ្ចប់នៃការកាន់កាប់របស់ជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ សង្រ្គាមរវាងកូរ៉េទាំងពីរបានចាប់ផ្តើមនៅឆ្នាំ១៩៥០ និងបានបញ្ចប់នៅឆ្នាំ១៩៥៣ ជាមួយនឹងបទឈប់បាញ់។ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងស្តីពីរបៀបបញ្ចប់សង្គ្រាមនោះទេ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរខាងជើង-ខាងត្បូង កាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងការបាញ់មីស៊ីលបន្ថែមទៀត ហើយបានប្រកាសថាខ្លួននឹងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង