Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា

ភ្នំពេញ ៖ ប្រទេស​កម្ពុជាអាចដើរ​តួនាទីដ៏​​​សំខាន់នៅ​ក្នុង​ការ​លើកកម្ពស់​ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុង​តំបន់ តាមរយៈការពង្រីក​បណ្តាញ​ផ្លូវ​ដឹក​ជញ្ជូន​​ជា​មួយ​ប្រទេស​ជិតខាង និង​បំពេញ​តាម​ចក្ខុវិស័យរបស់​ខ្លួន​​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​ការ​ដឹក​ជញ្ជូនអន្តរមធ្យោ​បាយ។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ធនា​គារ​ពិភព​​​លោកនិយាយ​ដូច្នេះ​នៅ​ក្នុង​របាយការណ៍ថ្មីមួយ​របស់​ខ្លួន​ក្រោម​ចំណង​ជើង​ថា“ការត​ភ្ជាប់ក្នុងតំបន់នៅ​កម្ពុជា៖ ការទាញយកប្រយោជន៍ពី​សក្តានុពលដ៏ពេញលេញនៃច្រករបៀងដឹកជញ្ជូន” (Cambodia’s Regional Connectivity: Unlocking the Full Potential of Transport Corridors) ដែល​បានកំណត់បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​របស់កម្ពុជា ព្រម​ទាំង​ស្នើឱ្យ​ធ្វើ​​ការវិនិយោគ និងដាក់​ចេញ​វិធានការគោលនយោបាយតាម​គោលដៅ​ សម្រាប់​​កែ​លម្អ​ការតភ្ជាប់​ក្នុង​តំបន់ឱ្យ​កាន់​តែ​ប្រសើរឡើង។ ​

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មាន​ប្រសាសន៍​ថា៖ “ការតភ្ជាប់​ក្នុង​តំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម​ គឺជាអាទិភាពចម្បងរបស់កម្ពុជា។ ហេតុនេះ គន្លឹះ​គឺ​ស្ថិត​នៅ​លើ​ការពង្រឹង​សមត្ថ​ភាពរបស់យើង”។ ឯកឧត្តម​បន្ថែមទៀត​ថា៖ “អាទិភាពទាំងនេះ​ អាចជួយពង្រឹង​ជំហរ​របស់​កម្ពុជាឱ្យ​ដើរ​តួជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នា​ក្នុងតំបន់ និង​ជំរុញ​ពាណិជ្ជកម្មតាមខ្សែច្រវាក់​ផ្គត់ផ្គង់ពិភពលោក។”

រដ្ឋាភិបាលកម្ពុជាបានបង្កើត “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” (CITLS) ដើម្បីបង្កើនមុខងារ​ និងប្រសិទ្ធផល​នៃវិស័យដឹកជញ្ជូន និង​គាំទ្រដល់ការសម្រេចឱ្យ​បាននូវគោលដៅអភិវឌ្ឍន៍ជាតិ ស្រប​តាម​ការ​កំណត់នៅ​ក្នុងយុទ្ធសាស្ត្របញ្ច កោណ​ដំណាក់កាលទី ១។ របាយការណ៍​របស់​ធនាគារពិភពលោក បាន​លើក​អនុសាសន៍បន្ថែមសម្រាប់​ផែនការ CITLS ដោយ​ផ្តោតលើភាព​ចាំបាច់​នៃ​ការវិនិយោគ និងសកម្មភាពគោលនយោបាយជា​បន្ទាន់​មួយចំនួន សម្រាប់​បើកឱកាស​នៅ​តាមច្រករបៀងដឹកជញ្ជូនសំខាន់ៗក្នុងប្រទេសកម្ពុជា។

លោកស្រី​ Tania Meyer ប្រធាន​គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ការ​សិក្សានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី​ស្វែង​រកជម្រើសនានា ដើម្បីទាញយកប្រយោជន៍ពីសក្តា​នុពលដ៏ពេញលេញ​នៃ​វិស័យ​ដឹកជញ្ជូន និងការ​តភ្ជាប់ក្នុងតំបន់របស់កម្ពុជា”។ លោកស្រី​និយាយ​បន្ថែម​ទៀត​ថា៖ “​វិធាន​ការដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍបណ្តាញដឹកជញ្ជូន និងជួយកែលម្អការប្រកួតប្រជែងរបស់កម្ពុជា រួមទាំងការទាញយកសក្តានុពលនៃការដឹកជញ្ជូនរបស់ខ្លួន និងការលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងតំបន់។”

ការ​ពឹងផ្អែក​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​លើ​ការ​នាំ​ចេញ បាននាំ​ឱ្យ​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន​សម្រាប់​ការ​ធ្វើ​ចរាចរណ៍ទំនិញ​ក្នុង​ទំហំ​កាន់​តែធំ និង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ផល នៅ​តាម​បណ្តាញ​ផ្លូវ​ដឹក​ជញ្ជូន​ក្នុង​ផ្ទៃ​ប្រទេស និង​ឆ្លងកាត់​​ព្រំ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង។ របាយ​ការណ៍នេះ​បាន​ស្នើឱ្យ​មាន​ការ​វិនិយោគ​ជា​អាទិភាព និង​វិធាន​ការ​គោល​នយោបាយ​មួយ​ចំនួន សម្រាប់​កែលម្អ​ការ​បំពេញ​​មុខ​ងារ​របស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដី ផ្លូវ​ដែក និង​ផ្លូវ​ទឹក​ក្នុង​ផ្ទៃ​ប្រទេស ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ ការមាន​វិធីសាស្ត្រមួយ​គ្រប់​ជ្រុង​ជ្រោយ​ និងមាន​សម្របសម្រួលល្អ​ក្នុងការអភិវឌ្ឍ​បណ្តាញ​ដឹក​ជញ្ជូន អម​ដោយ​ការ​ផ្តោតលើភាពធន់ទៅ​នឹងអាកាសធាតុផង នឹងជួយជំរុញ​​ឱ្យមាន​​ការប្រកួត​ប្រជែងកាន់​តែ​ប្រសើរឡើង, បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មក្នុង​តំបន់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×