Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មអគ្គិសនីថាមពលនុយក្លេអ៊ែររបស់ចិន មានទំហំតូចជាងកាក់ ប្រើលើឧបករណ៍អេឡិចត្រូនិចបានដល់ទៅ ៥០ឆ្នាំ មិនបាច់សាក

ទីក្រុងប៉េកាំង ÷ បើតាមការចេញផ្សាយរបស់សារព័ត៌មាន អ៊ីនដឺផេនដិន (Independent) នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុន ប៊ីតាវុល (Betavolt) ដែលធ្វើការស្រាវជ្រាវ និងផលិតថាមពលអគ្គិសនីអេឡិចត្រូនិចរបស់ចិនដ៏ធំមួយ នាពេលថ្មីៗនេះ បានបង្ហាញថ្មអគ្គិសនីម៉្យាង ហៅថា ថ្មថាមពលនុយក្លេអ៊ែរ អាចស្តុក និងបញ្ចេញថាមពលប្រើប្រាស់បានរហូតដល់ទៅ៥០ឆ្នាំ ដោយមិនចាំបាច់សាកបញ្ចូលថាមពលជាថ្មីឡើងវិញ ឬក៏មើលថែទាំអ្វីនោះឡើយ, ថ្មនេះមានទំហំតូច អាចប្រើប្រាស់ជាមួយទូរស័ព្ទស្មាតហ្វូន ឧបករណ៍ដ្រូន និងឧបករណ៍អេឡិចត្រូនិច ជាច្រើនប្រភេទទៀត។

ក្រុមហ៊ុន ប៊ីតាវុល (Betavolt) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ថ្មថាមពលនុយក្លេអ៊ែរ ឬបច្ចេកវិទ្យានុយក្លេអ៊ែរខាងលើនេះ គឺជាថ្មអគ្គិសនីដំបូងបង្អស់នៅលើពិភពលោក ដែលសម្រេចបាន ការបង្រួមថាមពលអាតូមិចឱ្យតូចល្អិតបំផុត តាមរយៈការដាក់បញ្ជូលធាតុអ៉ីសូតូប (isotope) ចំនួនរហូតដល់៦៣ ទៅក្នុងម៉ូឌុល (module) មួយ ដែលមានទំហំតូចជាង កាក់ទៅទៀត។

ក្រុមហ៊ុន ប៊ីតាវុល (Betavolt) បានឱ្យដឹងថា ថ្មអគ្គិសនីជំនាន់ថ្មីរបស់ខ្លួននេះ បានចាប់ផ្តើមឈានចូលដំណាក់កាលធ្វើតេស្តសាកល្បងរួចជាស្រេចអស់ហើយ, ហើយនៅទីបំផុត វានឹងត្រូវផលិតឡើងក្នុងទ្រង់ទ្រាយធំតែម្តង ដើម្បីអនុវត្តលើវិស័យពាណិជ្ជកម្ម ដូចជាសម្រាប់ទូរស័ព្ទស្មាតហ្វូន, ឧបករណ៍ដ្រូន និងឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទទៀត។

ថ្មថាមពលអាតូមិចរបស់ ប៊ីតាវុល (Betavolt) អាចបំពេញតាម តម្រូវការ នៃការផ្គត់ផ្គង់ថាមពល រយៈពេលយូរអង្វែង ក្នុងផលិតផលអេឡិចត្រូនិចផ្សេងៗជាច្រើន រួមមាន ចាប់តាំងពីអវកាស បញ្ញាសិប្បនិម្មិត (AI) វេជ្ជសាស្រ្ត បន្ទះឈីប ឧបករណ៍សែនសឺ (sensor) ទំនើប , ដ្រូនខ្នាតតូច និងមីក្រូរ៉ូបូត។ នវានុវត្តន៍ផ្នែកថាមពលថ្មីនេះ នឹងជួយឱ្យប្រទេសចិន ទទួលបានឧត្តម្មានុភាពនាំមុខ នៅក្នុងបដិវត្តន៍បច្ចេកវិទ្យា AI»។ បើតាម ប៊ីតាវុល (Betavolt) ថា ថ្មនុយក្លេអ៊ែរដំបូងរបស់ខ្លួន អាចផ្គត់ផ្គង់ថាមពលបាន ក្នុងកម្រិត១០០មីក្រូវ៉ាត់ (microwatt) ជាមួយកម្លាំងវ៉ុលត៍ 3V និងមានទំហំ ១៥x១៥x១៥ មីលីម៉ែត្រគូប ប៉ុន្តែក្រុមហ៊ុនមានផែនការផលិត ថ្មដែលអាចផ្គត់ផ្គង់ថាមពលបានដល់ ១វ៉ាត់ នៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុន ប៊ីតាវុល (Betavolt) បានអះអាងថា ដោយសារតែទំហំតូចខ្លាំងបែបនេះ ថ្មរបស់ខ្លួនអាចប្រើប្រាស់ច្រើនបញ្ចូលគ្នា ដើម្បីបញ្ចេញថាមពលបន្ថែមបានខ្លាំង ពោលគឺអាចគាំទ្រឱ្យទូរស័ព្ទយើងទាំងអស់គ្នា លែងចាំបាច់ត្រូវសាកថ្មតទៅទៀត, គ្រឿងអេឡិចត្រូនិចដែលប្រើប្រាស់ថ្ម នឹងត្រូវលែងសាកលែងបញ្ចូលថ្មបន្ថែមទៀតហើយ , ឧបករណ៍ដ្រូនតូចៗ អាចហោះហើរបានជារៀងរហូតនៅលើផ្ទៃអាកាស ដោយមិនចាំបាច់បញ្ជាឱ្យចុះមកបញ្ចូលថ្មទៀតនោះទេ។

លក្ខណៈការរចនាបែបស្រទាប់ការពាររបស់ថ្មនេះ មិនរងការឆាបឆេះ ឬផ្ទុះ ដោយសារទទួលរងកម្លាំងខ្លាំង ហើយថែមទាំងអាចធ្វើការក្រោមសីតុណ្ហភាពចាប់ពី-៦០អង្សាសេ រហូតដល់១២០អង្សាសេ ទៀតផង ពិតជាធន់នឹងអាកាសធាតុខ្លាំងណាស់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×