នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ គេហទំព័រ KBS News បានចុះផ្សាយឲ្យដឹងថា ស្ត្រីជនជាតិចិនអាយុ ២៩ ឆ្នាំម្នាក់ ដែលបានទៅវះកាត់បូមខ្លាញ់ នៅគ្លីនិកវះកាត់កែសម្ផស្សក្នុងតំបន់ Gangnam នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយបានរយៈពេលត្រឹមប្រហែល១ខែប៉ុណ្ណោះ នាងក៏បានស្លាប់ ធ្វើឲ្យក្រុមគ្រួសារបានមកដាក់ពាក្យបណ្តឹងទៅមន្ទីរពេទ្យ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថា ស្ត្រីជនជាតិចិនត្រូវបានគេស្គាល់ឈ្មោះ Wang បានធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងខែវិច្ឆិកាឆ្នាំមុន ហើយបានទៅគ្លីនិកវះកាត់កែសម្ជស្ស ដើម្បីធ្វើការវះកាត់បូមខ្លាញ់សរុបចំនួន ៣ ដង ក្នុងរយៈពេលប្រហែល ២ សប្តាហ៍ គឺនៅលើពោះ ដៃ និងភ្លៅ។
ទោះជាយ៉ាងណា ក្រោយការវះកាត់ម្តងៗ Wang មានការឈឺចាប់ ហើយត្រូវស្វែងរកការព្យាបាល។ ជាពិសេសបន្ទាប់ពីការវះកាត់លើកទីបី ការឈឺចាប់របស់នាងគឺធ្ងន់ធ្ងរខ្លាំងណាស់។ នាងបានរកឃើញថា វាពិបាកក្នុងការផ្លាស់ទី។ ពេលទៅព្យាបាល នាងគ្រាន់តែទទួលបានថ្នាំអង់ទីប៊ីយោទិច និងកញ្ចប់ទឹកកកក្នុងបន្ទប់សង្គ្រោះ រហូតដល់ម៉ោង១០យប់ ទើបគ្រូពេទ្យត្រឡប់មកវិញ ដោយនាងនិងអ្នកមើលថែនាងត្រូវបានទុកឱ្យនៅតែឯង។
Wang បានចំណាយពេលមួយយប់នៅក្នុងបន្ទប់សង្គ្រោះ ប៉ុន្តែនៅថ្ងៃបន្ទាប់ស្ថានភាពរបស់នាងកាន់តែអាក្រក់ទៅៗ។ អ្នកថែទាំរបស់នាងបានទូរស័ព្ទទៅលេខ 119 បន្ទាប់មក នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យមួយ ហើយនៅទីនោះ គ្រូពេទ្យបានរកឃើញថា នាងមានជំងឺម្យ៉ាងហៅថា Necrotizing Fasciitis ឬ gangrene ដែលបណ្តាលមកពីការឆ្លងមេរោគបាក់តេរីធ្ងន់ធ្ងរនៅក្នុងស្រទាប់ជ្រៅនៃស្បែក និងទៅស្រទាប់ជាលិកាសាច់ដុំបណ្តាលឱ្យស្លាប់នៃជាលិកានៅក្នុងតំបន់នៃការឆ្លង។
របាយការណ៍បានបង្ហាញថា ស្ថានភាពរបស់ Wang កាន់តែអាក្រក់ទៅៗ ដោយសារការឆ្លងមេរោគក្នុងឈាម។ ទោះបីជាគ្រូពេទ្យបានព្យាយាមជួយក្នុងការព្យាបាលក៏ដោយ ប៉ុន្តែអាការមិនបានប្រសើរឡើងឡើយ។ ក្រោយពីរងទុក្ខអស់រយៈពេលមួយខែ ចុងក្រោយនារីរងគ្រោះក៏ស្លាប់។ គ្រួសារដែលបានបាត់បង់ជីវិតបានខឹងសម្បារ ដោយបង្ហាញការសោកស្ដាយជាខ្លាំងថា ពាក្យចុងក្រោយរបស់នាងពេលនាងដឹងខ្លួនឡើងវិញមុនពេលនាងស្លាប់គឺ «ឈឺខ្លាំងណាស់»។
ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ស្នើសុំចាត់ការតាមផ្លូវច្បាប់ ចំពោះនាយកគ្លីនិកវះកាត់កែសម្ផស្ស ក្រោមបទចោទប្រកាន់ពីបទធ្វេសប្រហែសបណ្ដាលឲ្យស្លាប់ រួមទាំងការបំពានច្បាប់វេជ្ជសាស្រ្ត បើតាមច្បាប់ ទោះបីជាអ្នកស្លាប់បានត្អូញត្អែរទៅកាន់គ្លីនិកថាមានការឈឺចាប់ច្រើនក៏ដោយ ប៉ុន្តែគ្លីនិកមិនបានផ្តល់ការព្យាបាលសមស្របទេ ឬផ្ទេរទៅមន្ទីរពេទ្យធំ នេះត្រូវបានចាត់ទុកថាជាការរារាំងឱកាសចុងក្រោយរបស់អ្នកជំងឺ ក្នុងការទទួលការព្យាបាល។
តែទោះជាយ៉ាងណា យោងតាមកំណត់ត្រាវេជ្ជសាស្រ្តដែលផ្ញើដោយគ្លីនិកទៅកាន់គ្រួសារនៃអ្នកស្លាប់ ស្ថានភាពរបស់ Wang បន្ទាប់ពីការវះកាត់លើកទីបីរបស់នាងបានប្រសើរឡើង បន្ទាប់ពីការព្យាបាលត្រឹមត្រូវ។ គ្លីនិកកំពុងព្យាយាមធ្វើតេស្តឈាមដើម្បីរកមើលការរលាក ប៉ុន្តែការបូមឈាមត្រូវបានពន្យារពេល ដោយសារតែអ្នកជំងឺមិនសហការ។
ក្រោយកើតហេតុ សមត្ថកិច្ចនឹងធ្វើកោសល្យវិច័យ និងពិនិត្យមើលកាមេរ៉ា CCTV នៅក្នុងបន្ទប់វះកាត់យ៉ាងលម្អិត ស្របពេលជាមួយគ្នានេះដែរ អ្នកយកព័ត៌មានមានបំណងទៅមើលគ្លីនិកវះកាត់កែសម្ផស្ស ប៉ុន្តែគ្លីនិកបដិសេធមិនអនុញ្ញាឲ្យចូលនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង