ខេត្តស្វាយរៀង ៖ ពលរដ្ឋទាំងចាស់ទាំងក្មេងបាននាំគ្នាមកលំហែរកាយ និងលេងទឹកនៅស្ពានបង្ហៀរទឹកបឹងដូនទយ ក្រោយពីសម្រាកពីការងារ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មនោះតំបន់នេះ គឺទឹកដូនទយនេះ មានផ្ទៃបឹងធំ ហើយមានខ្យល់អាកាសបរិសុទ្ធនិងមានទឹកថ្លាល្អនៅក្រោមស្ពាននេះដែលជាស្ពានបង្ហៀរទឹក ដែលត្រូវបានកសាងឡើងដោយអាជ្ញាធរដែនដីនិងក្រសួងធនធានទឹកនិងឧត្តុនិយម បានស្ថាបនាស្ពានបង្ហៀរទឹកដូនទយ និងស្តុបទឹកបង្កើតបានជាតំបន់លំហែរកាយ ព្រមទាំងជាជម្រកត្រីយ៉ាងសំបូរបែប។ មិនតែប៉ុណ្ណោះបានស្តុបទឹកធ្វើអោយប្រជាពលរដ្ឋអាចធ្វើស្រែប្រាំងបាននៅរដូវប្រាំងថែមទៀតផង។
បើតាមការឱ្យដឹងពីសំណាក់ប្រជាពលរដ្ឋដែលមកកំសាន្តនៅស្ពានដូនទយនេះបានអោយដឹងថា៖ កន្លងមកនៅតំបន់នេះគឺមានភាពស្ងាត់ណាស់ពុំមានមនុស្សអ៊ូអរនោះទេប៉ុន្តែរយះពេលប៉ុន្មានឆ្នាំនេះបន្ទាប់ពីបានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរនិងមន្ទីរធនធានទឹកខេត្តស្វាយរៀងបានស្ថាបនាស្ពាននិងធ្វើទ្វារទឹកស្តុបទឹកព្រមទាំងបានធ្វើទំនប់អមសងខាងបានធ្វើអោយប្រជាពលរដ្ឋបានធ្វើដំណើរជំវិញបឹងដូនទយធ្លងកាត់ទៅភូមិកំណើតរបស់ពួកគាត់។ហើយបង្ហៀរទឹកដូនទយនេះ គឺបច្ចុប្បន្នស្ថិតនៅភូមិ បន្លាស្អិត ឃុំ ច្រេស ស្រុក ចន្ទ្រា ខេត្តស្វាយរៀង។
ពលរដ្ឋបន្តឲ្យដឹងទៀតថា៖ភាគច្រើនគឺមានមនុស្សមកលេងនៅថ្ងៃអាទិត្យនិងថ្ងែបុណ្យគឺមានបងប្អូនប្រជាពលរដ្ឋមកពីបាវិត-ជីភូ-ស្វាយរៀង ហើយជាពិសេសកម្មករកម្មការិនីរោងចក្រ ក៏បានមកលេងទឹកស្ពានដូនទយនេះយ៉ាងច្រើនកុះករ ធ្វើអោយបងប្អូនអ្នកស្រុកបានបង្កើតមុខរបបរកស៊ីលក់ដូររកកម្រៃប្រចាំថ្ងែ ដើម្បីដោះស្រាយក្នុងជីវភាពបានធូធារជាងមុនមួយកំរឹត។ អ្នកស្រុកនៅតំបន់នោះក៏អាចរកត្រីជាលក្ខណៈគ្រួសារបានរៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខេត្តនិងស្ថាប័នដែលមានការពាក់ព័ន្ធជួយបង្តើតតំបន់នេះអោយក្លែងទៅជាតំបន់ទេសចរណ៍ផង ព្រោះថាកន្លែងនេះក៏មានបរិយាកាសធម្មជាតិល្អផងដែរ៕ វ៉ៃកូ